ប្រជាសហគមន៍ជនជាតិដើមភាគតិចចារ៉ាយ និងទំពួនខេត្តរតនគិរី បានស្នើឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ដោះស្រាយបញ្ហាដីព្រៃសហគមន៍មួយមានទំហំជិត ១ ០០០ហិកតា ដែលត្រូវបានក្រុមហ៊ុនឯកជនមួយកាន់កាប់ធ្វើជាកម្មសិទ្ធិ ខណៈរឿងនេះបានអូសបន្លាយជិត១ឆ្នាំមកហើយ។
តំណាងសហគមន៍ជនជាតិដើមភាគតិចចារ៉ាយភូមិលោម លោក សេវ វិ ប្រាប់វីអូឌីកាលពីថ្ងៃសុក្រដោយស្នើឱ្យរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធ ជួយអន្តរាគមន៍ចំពោះករណីក្រុមហ៊ុនឯកជនមួយឈ្មោះ ជាំង លី ដែលបានទន្ទ្រានឈូសឆាយនិងកាន់កាប់លើផ្ទៃដីជិត១ពាន់ហិកតា(៩៦៩ហិកតា) ដែលផ្ទៃដីទាំងនេះធ្លាប់ត្រូវបានរដ្ឋាភិបាលប្រកាសថា នឹងប្រគល់ជូនប្រជាសហគមន៍ជនជាតិដើមភាគតិចចារ៉ាយ និងទំពួនភូមិលោមក្នុងឆ្នាំ២០១៣។
លោកថា៖«ទាក់ទងលើដីនេះ វារយៈពេល៣ឆ្នាំហើយ គេ(ប្រជាសហគមន៍)តវ៉ាអ៊ីចឹងអ្ហា!បាទ!ខាងខ្ញុំចង់ឱ្យសម្ដេចតេជោ ហើយសម្ដេច ហេង សំរិន ហើយសម្ដេចក្រឡាហោម ស ខេង ជួយអន្តរាគមន៍ឱ្យ ព្រោះអីកាលមុននឹងខាងខ្ញុំហ្នឹង ចុះទៅកន្លែងដល់សម្ដេចហើយ។ សម្ដេច ហេង សំរិន គាត់រាយការណ៍ឱ្យហើយអស់ហើយ ហើយមកដល់ខេត្ត មកទម្លាក់ដល់ខេត្ត ខេត្តធ្វើឱ្យបាត់ឈឹង[..]គាត់អត់ទាន់ប្រគល់ជូនទេ(ប្លង់កម្មសិទ្ធិដីធ្លីពីថ្នាក់ខេត្ត)។ អ៊ីចឹងហើយរយៈពេលបីឆ្នាំនេះមិនទាន់ទទួលដីហ្នឹងទេ ព្រោះអីក្រុមហ៊ុនហ្នឹងមិនព្រមប្រគល់ឱ្យប្រជាពលរដ្ឋវិញទេ»។
តំណាងសហគមន៍រូបនេះ ឱ្យដឹងទៀតថា ការតវ៉ានេះធ្វើឡើងក្រោយពីប្រជាសហគមន៍បានរង់ចាំដំណោះស្រាយពីអាជ្ញាធរ ប៉ុន្តែហាក់មិនមានលទ្ធផល។ ក្នុងនោះលោកថា អាជ្ញាធរមូលដ្ឋានមានការគប់គិតគ្នាដើម្បីធ្វើប្លង់ដីក្លែងក្លាយ ដោយមកទល់ពេលនេះផ្ទៃដីប្រមាណ៩៦៩ហិកតាដែលត្រូវបានកាន់កាប់ដោយក្រុមហ៊ុនឯកជននោះ កំពុងដាំដុះដំណាំមួយចំនួនដូចជា ដំណាំកៅស៊ូ ទុរេន ស្វាយចន្ទីជាដើម។
អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន មានប្រសាសន៍ថា ទាក់ទិនករណីនេះ អាជ្ញាធកំពុងស្រាវជ្រាវដោយថា រឿងនេះមានលក្ខណៈវែងឆ្ងាយ។
លោកថា៖«អត់ទេ! រឿងហ្នឹងវាវែងឆ្ងាយណាស់ហើយយើងកំពុងធ្វើការដោះស្រាយ។ ដឹងហ្នឹងហើយ!ឥឡូវហ្នឹងយើងកំពុងធ្វើការស្រាវជ្រាវជូនគាត់ដោយសារតែរឿងហ្នឹងវាពាក់ព័ន្ធទៅនឹងដីរបស់ក្រុមហ៊ុន ដោយសារក្រុមហ៊ុនមានការយឺតយ៉ាវក្នុងការអភិវឌ្ឍ។ អត់អីទេ!ហ្នឹងហើយយើងកំពុងស្រាវជ្រាវឱ្យដឹងឫសដឹងគល់ពិតប្រាកដ ថាដីហ្នឹងក្រុមហ៊ុនយកមែនឫក៏យ៉ាងមិច»។
យ៉ាងណា អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគិរី លោក ឌិន ខន្នី ប្រាប់វីអូឌីថា សាវតានៃរឿងនេះកើតចេញពីការលក់ទិញដីដោយខុសច្បាប់ ដោយសារពីដំបូង ប្រជាជនបានលក់ដីព្រៃអភិរក្សឱ្យក្រុមហ៊ុនឯកជនមួយឈ្មោះ ជាំង លី ប៉ុន្តែក្រោយមកមិនទទួលបានប្រាក់ ទើបបណ្ដាលឱ្យមានការប្ដឹងតវ៉ាទាមទារយកដីនោះមកវិញ។
លោកថា៖«រឿងនេះខ្ញុំដឹងយូរដែរហើយ កើតឡើងប្រហែលជិតមួយឆ្នាំហើយ ប៉ុន្តែដោយសាររឿងនេះវាអញ្ចេះទេ!ពីមុនដំបូងហ្នឹងគឺប្រជាជនខ្លួនឯងហ្នឹង បើតាមដែលខ្ញុំដឹងគឺលក់ដីហ្នឹងអ្ហា!លក់ដីនឹងទៅឱ្យក្រុមហ៊ុនឯកជនដែលកំពុងនិយាយហ្នឹង ប៉ុន្តែគេមិនឱ្យលុយគាត់។ អ៊ីចឹងមានន័យថា អានឹងវាគប់គិតគ្នាក្នុងការលក់ដី ចឹងវាខុសច្បាប់បាត់ទៅហើយ គប់គិតទាំងអ្នកលក់ទាំងអ្នកទិញ ព្រោះដីសហគមន៍វាមិនដូចដីឯកជននោះទេ។ ដីសហគមន៍ វាជាដីឯកជនរបស់រដ្ឋ អ៊ីចឹងអត់អាចបុគ្គលណាមួយលក់ទិញដីហ្នឹងបានទេ។ អាហ្នឹងជាគោលការណ៍ច្បាប់»។
យ៉ាងណា លោកបន្ថែមថា អាដហុកនឹងស៊ើបអង្កេតពីរឿងនេះបន្ថែមទៀត ហើយនឹងអន្តរាគមន៍ទៅអាជ្ញាធរពាក់ព័ន្ធ ជាពិសេសគឺក្រសួងដើម្បីឱ្យមានវិធានការផ្លូវច្បាប់ និងធ្វើការដកហូតដីនេះទុកជាសម្បត្តិរដ្ឋវិញ៕