តុលាការខេត្តរតនគីរី បានចេញសាលក្រមនៅរសៀលថ្ងៃទី២៣ ខែសីហានេះ ដោយទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងសកម្មជនការពារព្រៃឈើជាជនជាតិដើមភាគតិចចំនួន ៤នាក់ ដោយថារកមិនឃើញពីបទល្មើសរបស់ពួកគេប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។
ជនជាតិដើមភាគតិចទំពូន និងជាសកម្មជនការពារព្រៃឈើរស់នៅភូមិកែវសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី លោក ខាំ និន បានរងបណ្ដឹងនៅតុលាការ បន្ទាប់ពីរូបលោក និងតំណាងជនជាតិដើមភាគតិចចំនួន៣នាក់ទៀត បានដាក់ពាក្យបណ្ដឹងទៅតុលាការ ដោយប្ដឹងអាជ្ញាធរមូលដ្ឋានថា បានលក់ដីព្រៃឱ្យឈ្មួញ និងបង្កឱ្យមានការកាប់បំផ្លាញព្រៃឈើជាដើម។
ប៉ុន្តែពួកគេត្រូវបានមន្ត្រីអាជ្ញាធរមូលដ្ឋានទាំងនោះប្ដឹងបកវិញពីបទ«កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីជាកម្មសិទ្ធិ ប៉ុន្តែសង្គមស៊ីវិលខេត្តរតនគីរីអះអាងថា នៅថ្ងៃទី២៣ ខែសីហានេះ តុលាការបានទម្លាក់ចោលសំណុំរឿងទាំងអស់ពាក់ព័ន្ធករណីរបស់ពួកគេទាំង៤នាក់។
អ្នកសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តរតនគិរី លោក ឌិន ខន្នី យល់ថាការទម្លាក់បទចោទទាំងនេះ គឺជាឆន្ទានុសិទ្ធិរបស់តុលាការ។ យ៉ាងណា លោកសាទរចំពោះការទម្លាក់បទចោទទៅលើសកម្មជនការពារបរិស្ថានទាំង៤នាក់នេះ ដោយថាពួកគេមិនមានបទល្មើសតាំងពីដំបូងមកម៉្លេះ។
លោកថា៖«សកម្មជនរបស់អាដហុកទាំងអស់ហ្នឹង គាត់សុទ្ធជាអ្នកចេញមុខប្ដឹងបរិហារ បទល្មើសព្រៃឈើនៅភូមកែងសាន់យ៉ាងសកម្ម ប៉ុន្តែទាក់ទិនហ្នឹងការទម្លាក់បទចោទ សកម្មជនអាដហុកគឺជាដើមបណ្ដឹងអាចមានការធ្វើឱ្យខូចប្រយោជន៍ទៅដល់ តំណាងសហគមន៍ដែលគាត់ប្រឹងប្រមូលភស្តុតាង ខំប្រឹងប្ដឹងបរិហារហើយអត់មានការផ្ដន្ទាទោសទៅដល់ជនល្មើសដែលបានកាប់ បានលក់ បានបណ្ដែតបណ្ដោយទាំងអស់ហ្នឹង»។
កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ សាលាដំបូងខេត្តរតនគិរី បានប្រកាសសាលក្រមផ្ដន្ទាទោសសកម្មជនការពារព្រៃឈើរស់នៅឃុំសេដា លោក ឆន ផល្លា ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ ពីបទ «កាប់គាស់ រុករាន ដីព្រៃ ធ្វើជាកម្មសិទ្ធិ» ហើយលោក ឆន ផល្លា បានប្ដឹងទាស់ទៅសាលាឧទ្ធរណ៍។
នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានប្រកាសសាលដីកាដោយច្រានចោលសេចក្ដីសម្រេចរបស់សាលាដំបូងខេត្តរតនគិរី ហើយសម្រេចឱ្យលោក ឆន ផល្លា រួចផុសពីទោសក្នុងសំណុំរឿងនេះ ប៉ុន្តែសកម្មជនការពារព្រៃឈើរូបនេះនៅជាប់បណ្ដឹងមួយករណីទៀត ពីបទ «ផ្ដើមគំនិតកាប់គាស់ រុករានដីព្រៃ ដើម្បីយកដីជាកម្មសិទ្ធិ»៕