បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍មួយរូប ដែលបានចូលរួមក្នុងសកម្មភាពតវ៉ានៅខាងក្រៅអគារកាស៊ីណូក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃអង្គារម្សិលមិញ បានលើកឡើងថា សកម្មភាពតវ៉ាដោយសេរី និងមិនមានការរារាំងពីអាជ្ញាធរអាចនឹងមិនមានទៀតឡើយ បន្ទាប់ពីអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិចាកចេញពីប្រទេសកម្ពុជា។
ការថ្លែងអះអាងនេះ ក៏ត្រូវបានធ្វើឡើង បន្ទាប់ពីស្ត្រីជាកូដករណាហ្គាវើលដ៍ ៣នាក់កាលពីថ្ងៃទី១១ ខែសីហា កន្លងទៅ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ ដោយក្នុងនោះមានកូដករមួយរូបបានបែកខ្ទង់ច្រមុះ ក្រោយរងអំពើហិង្សារបស់សមត្ថកិច្ចដែលបានវាយ ទាត់ ធាក់ពួកគេ ក្នុងអំឡុងពេលនៃការតវ៉ានៅក្បែរក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍។
បុគ្គលិក កម្មករក្រុមហ៊ុនណាហ្គាវើលដ៍បានផ្ទុះការតវ៉ាគិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ ដែលកើតឡើងបន្ទាប់ពីមានករណីកម្មករជាង ១ ៣០០ នាក់ត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារ ខណៈសកម្មភាពរបស់ពួកគេជាញឹកញាប់តែងតែត្រូវបានរារាំងដោយអាជ្ញាធរនៅតាមដងផ្លូវទាំងឡាយ ដែលនៅក្បែរទីតាំងកាស៊ីណូ។
ទោះជាយ៉ាងណា ក្រុមកូដករទាំងនេះកាលពីសប្តាហ៍មុនត្រូវបានសង្កេតឃើញថា អាចធ្វើសកម្មភាពតវ៉ាដោយលើកបដា និងស្រែកតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍បានដោយគ្មានការរារាំង និងប្រើហិង្សាពីសំណាក់អាជ្ញាធរឡើយ ស្របពេលដែលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) បានចុះទៅសង្កេតការណ៍ដោយផ្ទាល់នៅទីតាំងកូដកម្មនោះ។
ទាក់ទិននឹងករណីនេះ លោក ណាំ ទីវ៉ន ដែលជាកូដករក្រុមហ៊ុនណាហ្គាវើលដ៍មួយរូបបានឱ្យដឹងថា ការបន្ទន់ឥរិយាបថពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចលើក្រុមកូដករនេះ នឹងមិនមានទៀតឡើយ នៅពេលដែលលោក វីទិត ម៉ុនតាប៊ន បញ្ចប់ដំណើរទស្សនកិច្ចរបស់ខ្លួននៅកម្ពុជា។
លោកថា៖ «ខ្ញុំគិតថានេះ គឺជាការសម្ដែងពីសំណាក់អាជ្ញាធរ ដោយសារតែរាល់ដង [មុនវត្តមានអ្នករាយការណ៍ពិសេស UN] ពួកគេតែងតែរារាំងពួកយើង និងមានហិង្សាជានិច្ច»។
ជាមួយគ្នានេះ កម្មករម្នាក់ទៀតដែលចូលរួមការតវ៉ា អ្នកស្រី គឹម ម៉ាលី ក៏មានការភ្ញាក់ផ្អើលផងដែរ នៅពេលដែលអ្នកស្រីឃើញការបន្ទន់ឥរិយាបថពីសំណាក់អាជ្ញាធរលើក្រុមអ្នកតវ៉ា។
អ្នកស្រីថា៖ «ប្រសិនបើគាត់ [អ្នករាយការណ៍ពិសេស UN] មិនមក យើងក៏មិនអាចឈរនៅទីនេះ[ខាងមុខណាហ្គាវើលដ៍]បានដែរ»។
វីអូឌី មិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ដើម្បីសុំការធ្វើអត្ថាធិប្បាយបានឡើយពីកាលពីថ្ងៃអង្គារម្សិលមិញ។
គួរបញ្ជាក់ថា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បច្ចុប្បន្នកំពុងតែបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដោយគិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ដើម្បីវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
យោងតាមគេហទំព័ររបស់ UN បានឱ្យដឹងថា អ្នករាយការណ៍ពិសេស UN រូបនេះនឹងវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា និងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបង្កើតបរិយាកាសអំណោយផល សម្រាប់ការទទួលបានសិទ្ធិមនុស្ស សិទ្ធិនយោបាយ សិទ្ធិពលរដ្ឋ សិទ្ធិសេដ្ឋកិច្ច សង្គមនិងវប្បធម៌ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩៕
បកប្រែចេញពីអត្ថបទដើមជាភាសាអង់គ្លេស ដោយលោក ភុន ច័ន្ទឧសភា