មេធាវីការពារក្តីឱ្យកញ្ញា សេង ធារី លើកឡើងថា ក្រសួងមហាផ្ទៃនៅមិនទាន់មានការឆ្លើយតបជុំវិញសំណើដែលខាងមេធាវីបានដាក់ទៅក្រសួងកាលពីសប្តាហ៍មុន ដោយស្នើសុំផ្ទេរកូនក្តីពីពន្ធនាគារខេត្តព្រះវិហារមកពន្ធនាគារព្រៃស រាជធានីភ្នំពេញវិញ ដើម្បីងាយស្រួលចូលបំភ្លឺតាមការរកោះហៅរបស់តុលាការនៅភ្នំពេញ។
កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ កញ្ញា សេង ធារី ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញបញ្ជូនកញ្ញាចេញពីពន្ធនាគារព្រៃស រាជធានីភ្នំពេញ ទៅឃុំនៅពន្ធនាគារខេត្តព្រះវិហារ ដោយមេធាវីការពារសិទ្ធិកញ្ញាអះអាងថា មិនបានប្រាប់ពីមូលហេតុឡើយ។
លោក ជូង ជូងី ដែលជាមេធាវីការពារក្តីឱ្យ កញ្ញា សេង ធារី បានប្រាប់វីអូឌីនៅថ្ងៃអាទិត្យនេះថា ដើមចមដែលនាំឱ្យគាត់ដាក់លិខិតទៅក្រសួងមហាផ្ទៃកាលពីសប្តាហ៍មុន ស្នើសុំឱ្យក្រសួងផ្ទេរកូនក្តីរបស់គាត់ពីពន្ធនាគារខេត្តព្រះវិហារ មកពន្ធនាគារព្រៃសនៅរាជធានីភ្នំពេញវិញ ដើម្បីងាយស្រួលចូលបំភ្លឺនៅតុលាការ ពីព្រោះនៅព្រឹកថ្ងៃទី១ ខែកញ្ញា ខាងមុខនេះ កូនក្តីលោកនឹងត្រូវឡើងសវនាការនៅសាលាឧទ្ធរណ៍លើបណ្តឹងទាមទារឱ្យមានការដោះលែងកញ្ញាបាននៅក្រៅឃុំវិញ ។
លោកបន្តថា ក្រោយពីដាក់លិខិតស្នើសុំទៅក្រសួងមហាផ្ទៃរហូតមកដល់ថ្ងៃទី២៨ ខែសីហានេះ មិនទាន់មានការឆ្លើយតបពីក្រសួងយ៉ាងណានៅឡើយទេ។ ប៉ុន្តែលោកថា តាមច្បាប់ត្រូវតែផ្ទេរកូនក្តីរបស់លោកមកពន្ធនាគារព្រៃសវិញ ដើម្បីងាយស្រួលកូនក្តីចូលបំភ្លឺតាមដីកាកោះរបស់តុលាការ។
លោកមានប្រសាសន៍ថា៖ «ផ្លូវច្បាប់ត្រូវតែផ្ទេរគាត់មក ពីព្រោះពេលសវនាការត្រូវមានវត្តមានគាត់នៅសាលាឧទ្ធរណ៍។ អ៊ីចឹងដើម្បីមានវត្តមានគាត់នៅសាលាឧទ្ធរណ៍ ត្រូវដឹកគាត់មកពន្ធនាគាររាជធានីភ្នំពេញ ទើបងាយស្រួលដឹកគាត់មកចូលរួមសវនាការនៅសាលាឧទ្ធរណ៍»។
វីអូឌីមិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ លោក នុត សវនា និងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេនៅរសៀលថ្ងៃអាទិត្យនេះ។
កញ្ញា សេង ធារី ដែលមានសញ្ជាតិអាមេរិកកាំង និងជាមេធាវីអន្តរជាតិមួយរូបផងនោះ ត្រូវបានលោក រស់ ពិសិដ្ឋ ចៅក្រុមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសដាក់ពន្ធនាគារ៦ឆ្នាំ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។
នៅចំថ្ងៃតែមួយនៃការផ្ដន្ទាទោសពិរុទ្ធជនរូបនេះ លោក រស់ ពិសិដ្ឋ ក៏បានផ្ដន្ទាទោសថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ ចំនួន៥០នាក់ផ្សេងទៀត ក្នុងបទចោទដូចកញ្ញា សេង ធារី ដែរ គឺ «ញុះញង់ និងរួមគំនិតក្បត់ជាតិ» ជុំវិញការប្រកាសជំហរគាំទ្រការធ្វើមាតុភូមិនិវត្តន៍ ថ្ងៃ៩វិច្ឆិកា របស់លោក សម រង្ស៊ី។ មន្រ្តីគណបក្សប្រឆាំងទាំងនោះត្រូវបានកាត់ទោសដាក់ពន្ធនាគារចន្លោះពី ៥ ទៅ ៨ឆ្នាំ។
បើទោះបែបណា សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលដឹកនាំដោយលោក Ed Ward J.Markey បានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃទី១៨ ខែសីហា ក្រោយបញ្ចប់ទស្សនកិច្ចរយៈពេល២ថ្ងៃនៅកម្ពុជា កាលពីថ្ងៃទី១៦ និងថ្ងៃទី១៧ ខែសីហា ដោយបញ្ជាក់ថា សហរដ្ឋអាមេរិកទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកជាប់ឃុំនយោបាយទាំងអស់ រួមទាំងកញ្ញា សេង ធារី ដើម្បីបើកផ្លូវឱ្យពួកគេមានសេរីភាពឡើងវិញ និងបានចូលរួមនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែលនឹងប្រព្រឹត្តទៅក្នុងពេលខាងមុខនេះ។
កន្លងមក លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា យល់ឃើញថា ការស្នើសុំណាមួយពីរដ្ឋជាភាគី ជាសិទ្ធិរបស់ពួកគេ ប៉ុន្តែការប្រើប្រាស់សិទ្ធិនេះមិនអាចមកដាក់ការគាបសង្កត់ណាមួយលើរដ្ឋាភិបាលកម្ពុជា ឱ្យធ្វើសេចក្តីសម្រេចចិត្តទៅតាមអ្វីដែលខ្លួនចង់បាននោះទេ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ កម្ពុជាមានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ និងយុត្តាធិការត្រឹមត្រូវ ហើយការសម្រេចបែបណានោះអាស្រ័យលើតុលាការ ព្រោះសំណុំរឿងទាំងនោះមិនស្ថិតនៅក្នុងដៃរដ្ឋាភិបាលទៀតនោះទេ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសសន៍ថា បើពិនិត្យពីនីតិវិធី គឺមិនទាស់ខុសអ្វីនោះទេ ព្រោះសាលក្រមមិនបានចូលជាស្ថាពរនៅឡើយ។ ហេតុដូច្នេះ ការបំពេញបែបបទស្នើសុំឱ្យដោះលែងនៅពេលនេះ គឺជារឿងសមស្រប សម្រាប់ដំណើរការនីតិវិធី និងងាយស្រួលដឹកជញ្ជូនពីពន្ធនាគារមកតុលាការ និងងាយស្រួលដល់មេធាវីប្រាស្រ័យទាក់ទងជាមួយកូនក្តីជាដើម។
លោកមានប្រសាសន៍ថា៖ «បើបញ្ជូនគាត់មកពន្ធនាគារព្រៃស វាការសម្រួលដល់មេធាវីក្នុងការជួបកូនក្តី បើនៅផ្លូវឆ្ងាយមានការលំបាកដល់មេធាវី ឬមានការលំបាកក្នុងការដឹកជញ្ជូនកញ្ញា សេង ធារី មកសវនាការ។ បើសិនជាមានការអាក់ខានក្នុងការដឹកជញ្ជូនកញ្ញាមកសវនាការនោះនិងធ្វើឱ្យប៉ះពាល់ដល់ដំណើរការនីតិវិធី ប៉ះពាល់ដល់សិទ្ធិរបស់កញ្ញា សេង ធារី»។
លោកបន្ថែមថា៖ «ខ្ញុំស្នើសុំទៅខាងអគ្គនាយកដ្ឋានពន្ធនាគារពិនិត្យទៅលើសំណើរបស់មេធាវី ដើម្បីសម្រួលដល់ដំណើរការនីតិវីធី និងសម្រួលដល់ការប្រាស្រ័យទាក់ទងទៅនឹងកូនក្តីនិងមេធាវីនោះ»៕