នាយក​រដ្ឋមន្ត្រី​ថា បើ​ពលរដ្ឋ​មិន​រើ​សំណង់​ខុសច្បាប់​ចេញ​ពី​តំបន់អង្គរ​ទេ នោះ​អង្គរវត្ត​នឹង​ប្រឈម​ការ​ដក​ចេញ​ពី​បេតិកភណ្ឌ​ពិភពលោក

គ្រួសារ​នគរបាល​បេតិកភណ្ឌ​ចូល​និវត្តន៍​ចំនួនពីរគ្រួសារបានស្ម័គ្រចិត្តរុះរើផ្ទះចេញពីតំបន់រមណីយដ្ឋានអង្គរ ត្រង់ចំណុចខាងត្បូងស្រះស្រង់ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ក្រសួងរៀបចំដែនដី)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ថ្លែងថា បើប្រជា​ពលរដ្ឋ​​មិន​​​រើ​​សំណង់​ខុស​ច្បាប់​របស់​ពួក​គេ​ចេញ​ពី​តំបន់​អង្គរ​​​ទេ នោះប្រាសាទ​អង្គរវ​ត្ត​អាច​នឹង​ប្រឈម​​​នូវ​ការ​ដក​ចេញ​ពី​សម្បត្តិ​​បេតិកភណ្ឌ​ពិភពលោក ដោយ​​សារ​​សំណង់​​​ទាំងនោះ​នឹង​​ធ្វើឱ្យ​បាត់​បង់​លក្ខណៈ​សម្បត្តិ​ជា​បេតិក​ភណ្ឌ ដែលផ្ទុយពីកាតព្វកិច្ចតម្រូវ​​ដោយ​គណៈ​កម្មការ​បេតិកភណ្ឌពិ​ភព​​លោក។

ក្នុងពិធី​បើកការដ្ឋានសាងសង់ស្ពានអាកាសចំនួន២ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែសីហានេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណដល់​ពលរដ្ឋដែលព្រម​​រុះរើសំណង់​ចេញ​ពី​តំបន់អង្គរ ដោយ​ថា បើពួកគាត់មិនចាកចេញទេ នោះអង្គរវត្ត​នឹង​ប្រឈម​ការ​ដក​ចេញ​ពី​បេតិកភណ្ឌពិភពលោក ដោយ​សារ​តែ​កាលណាមាន​វត្តមាន​សំណង់​ខុស​ច្បាប់ នឹងធ្វើឱ្យបាត់បង់លក្ខណៈសម្បត្តិជាបេតិកភណ្ឌពិភពលោក។

លោក​ថា៖ «ប្រជាពលរដ្ឋនៅតំបន់អង្គរ សូមអរគុណហើយជាមួយនឹងការចាកចេញ។ ប្រសិន​បើមិនចាកចេញ ហើយនៅតែនៅខុសច្បាប់ក្នុងតំបន់អង្គរ អង្គរវត្តនឹងត្រូវគេដកចេញពីបេតិកភណ្ឌពិភពលោក ព្រោះវាបាត់បង់លក្ខណៈសម្បត្តិជាបេតិកភណ្ឌពិភពលោកហើយ ព្រោះយើងមិនអនុវត្តតាមកាតព្វកិច្ចតម្រូវដោយគណៈកម្មការបេតិកភណ្ឌពិភពលោក បែរជាមានសំណង់នៅទីនោះ»។

លោកនាយករដ្ឋមន្ត្រី​បន្តថា លោកបានបញ្ជាឱ្យឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់​ លោក ជា សុផារ៉ា នៅ​ឈរ​ជើង​ដោះស្រាយ​បញ្ហា​នេះ​នៅតំបន់អង្គរ និ​ង​បាន​​​បញ្ជាឱ្យ​​រៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា ធ្វើ​ផ្លូវ​​ចម្ងាយ​១៤៤​គីឡូ​ម៉ែត្រ សាលារៀន និងមន្ទីរពេទ្យ ជាដើម​ នៅទីតាំងថ្មី​​ដែល​​រៀបចំជូនពលរដ្ឋដែលព្រមចាកចេញពីតំបន់អង្គរផងដែរ។

ប្រធានមន្ទីររៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​​ខេត្តសៀម​រាប លោក ហ៊ី សាយ ថ្លែងថា អាជ្ញាធរ​កំពុង​សម្អាត​ដីឡូត៍​ជូនពលរដ្ឋ​ចំនួន ៩៣៦គ្រួសារ​​ ដែល​ស្ម័​គ្រចិត្ត​រុះរើ​សំណង់​ចេញ​ពី​តំបន់អង្គរ​នោះ។ តែយ៉ាងណា លោកមិនទាន់អាចបញ្ជាក់បានទេ ​ថា​តើ​នៅសេសសល់​សំណង់ប៉ុន្មានទៀតដែល​នឹងត្រូវរុះរើបន្តនោះដែរ។ បើតាមមន្ត្រី​រូបនេះ ទីតាំងថ្មីនៅឃុំរុន​តាឯក ដែលដោះដូរជូនពលរដ្ឋដែលព្រមចាកចេញ​នោះ មាន​ចម្ងាយ​​ប្រមាណជាង២០គីឡូម៉ែត្រ​ពីតំបន់អង្គរ។

លោកថា៖ «អត់ទាន់​បាន​រុះរើទេ!​ ឥលូវ​ហ្នឹងកំពុងរៀបចំដីឡូត៍ជូនគាត់ កំពុងសម្អាតដីឡូត៍ជូនគាត់អ៊ីចឹង។ សម្អាត​​ដីឡូត៍រួច ទើបគាត់រុះរើ។ […] មិនមែនជាសំណង់​ទេ ជាគោលនយោបាយជូនគាត់។ [ចុះក្រៅពីដីឡូត៍ តើមានគោលនយោបាយអីបន្ថែមទៀតទេ?] មិនមានទេៗ»។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តសៀមរាប លោក ច័ន្ទ ចំរើន លើកឡើងថា លោកពុំអាចវាយតម្លៃបានទេ ថាតើបើម្ចាស់សំណង់មិនរុះរើចេញពីតំបន់អង្គរ​ទេ​ អាចប៉ះពាល់ដល់លក្ខណៈសម្បត្តិ​ជា​បេតិកភណ្ឌ​នៃ​ប្រាសាទអង្គរវត្តក្នុងកម្រិតណានោះ។

តែយ៉ាងណា លោកជំរុញ​ទៅអាជ្ញាធរគួរដោះស្រាយបញ្ហាឱ្យមានតម្លាភាព និង​ផ្តល់ការ​ដោះដូរ​ឱ្យ​បានសមរម្យ​ទាំង​ទំហំ​ដី និងហេដ្ឋារចនាសម្ព័ន្ធនានា​ជាដើម។

លោកថា៖ «អ៊ីចឹងបើចាំបាច់ត្រូវការដោះដូរ គឺយើងត្រូវតែដោះដូរ ដែលគាត់ផ្លាស់ទៅកន្លែងថ្មីហ្នឹង គាត់អាចរស់បាន ហើយសូមឱ្យការអនុវត្តទាំងអ្នកតូច អ្នកធំ អ្នកមានអំណាច គឺថាស្មើគ្នាទាំងអស់ អត់មានថាអ្នកណាអាចនៅបាន បើថាដោះដូរៗទាំងអស់គ្នាហ្នឹង។ អាហ្នឹងគេហៅថាអនុវត្តស្មើគ្នាចំពោះមុខច្បាប់»។

បើតាមរបាយការណ៍ជុំវិញ​ការអនុវត្ត​យុទ្ធនាការចុះវាស់វែង​កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី​និងសំណង់​ខុស​ច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គររបស់​ក្រសួងរៀបចំដែនដី ​គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ​២០២២ ក្រុមការងារ​ចម្រុះ និងអាជ្ញាធរពាក់ព័ន្ធ បានរៀប​ចំដីឡូត៍នៅតំបន់អភិវឌ្ឍន៍រុនតាឯកសម្រាប់ពលរដ្ឋដែលស្ម័គ្រចិត្ត​រុះរើសំណង់ខុសច្បាប់ បានតាំងទីលំនៅថ្មី បានទំហំជាង១០០ហិកតា (១១១,១០ហិកតា) និង​​បានចុះ​បោះ​បង្គោល​​ព្រំ​ដី​ឡូ​ត៍​នៅភូមិធម្មជាតិរុនតាឯកបាន​ចំនួន​ ៨១៩​ឡូត៍ ព្រមទាំងបានសាងសង់ផ្លូវសម្រេចបានប្រវែង ៣ ២៣០ម៉ែត្រ ឬស្មើជាង ១៩ភាគរយ។

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី លោក ជា សុផារ៉ា ក្នុងពិធីបើកយុទ្ធនាការចុះវាស់វែង​កំណត់​និយាម​កាក្បាល​​ដី និងអត្តសញ្ញាណ​អ្នកកាន់កាប់ដីនិងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ កាលពី​ថ្ងៃ​ទី១៧ ខែ​សីហា បានព្រមាន​ចាប់​ខ្លួន​ជន​ណាដែ​ល​ហ៊ាន​ចេញ​មុខ​តវ៉ាដោយហិង្សា​ ពាក់​ព័ន្ធ​កា​រ​រុះ​រើ​​សំណង់​​​នៅតំបន់​អង្គរ ខណៈក្រសួងរកឃើញថាមានសំណង់ខុសច្បាប់ជាង៨ ៤០០ករណី ក្នុងតំបន់​រមណីយដ្ឋានអង្គរ គិតពីឆ្នាំ​២០១៩ ដល់​បច្ចុប្បន្ន។

ចំណែក​ក្នុង​សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ​២០២២នេះ ឱ្យដឹងថា យុទ្ធនាការ​ចុះវាស់វែង​កំណត់​និយាមកាក្បាលដីនេះ មានគោលដៅការពារតំបន់រមណីយដ្ឋានអង្គរទំហំ៤១០គីឡូម៉ែត្រការ៉េ ដែលបានចុះបញ្ជីក្នុងសម្បត្តិ​បេតិកភណ្ឌ​ពិភព​លោកឆ្នាំ​១៩៩២។

ប្រភព​ដដែលបន្ត​ទៀត​​ថា នាដើមឆ្នាំ២០២២ មានអ្នកឆ្លៀតឱកាស​មួយចំនួន​បាន​​សាង​​សង់សំណង់​​ខុស​​ច្បាប់​​រាប់​​រយ​​ករណី បន្ថែម​​ពី​លើករណី​សំណង់​ខុស​ច្បាប់​ជា​ច្រើន​ទៀត​ដែល​បានរំលោភ​បំពាននាពេលកន្លងមក ក្នុងតំបន់ការពារ​នៃរមណីយដ្ឋានអង្គរ។

ក្រសួងរៀបចំដែនដី បន្ថែមថា ក្រុ​មការងារតម្រង់​ទិស​​នឹង​​ពិនិត្យ​លទ្ធ​ភាព​ផ្តល់​ដី​នៅ​តំបន់អភិ​វឌ្ឍន៍​រុន​តាឯក សម្រាប់​​ដោះ​ស្រាយ​​ជាយថាហេតុ ជូនប្រជាពលរដ្ឋដែលគ្រប់លក្ខខណ្ឌក្នុងការទទួលបាននូវទីតាំងលំនៅថ្មី ហើយ​អ្នកដែលនៅ​បន្តទន្ទ្រានដីក្នុងតំបន់នេះ និងអ្នកមិនរុះរើសំណង់ខុសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ