សង្គមស៊ីវិលយកកូនឈើជាង១ពាន់​​ដើម​ទៅ​ដាំ​នៅ​សហគមន៍​ឧត្តម​ស្រែ​ពស់​ ក្រោយ​ទាហា​ន​ដាក់​គ្រឿង​ចក្រ​ឈូស​ឆាយ

អង្គការសង្គមស៊ីវិលចំនួន ១១ស្ថាប័ន បាន​នាំ​យក​កូន​ឈើជា​ង ១ ១០០​ដើម ទៅដាំ​នៅ​ សហគមន៍ឧត្តមស្រែពស់ និងព្រៃមេត្តាធម្មជាតិ កាលពីថ្ងៃទី៣ និងទី៤ ខែកញ្ញា ឆ្នាំ២០២២។ (រូបថត៖ ហ្វេសប៊ុក សមាគមបណ្តាញយុវជនកម្ពុជា)

ក្រុមអង្គការសង្គមស៊ីវិល បាននាំគ្នាយកកូនឈើទៅដាំ​​សហគមន៍ឧត្តមស្រែពស់ និងព្រៃមេត្តាធម្មជាតិ ស្ថិត​នៅ​ឃុំត្រពាំង​ជោរ ស្រុកឱរ៉ាល់កំពង់ស្ពឺ ក្រោយទាហានរថក្រោះកងទ័ពជើងគោកដាក់គ្រឿងចក្រឈូសឆាយអស់ស្ទើរទាំងស្រុង។

កាលពីថ្ងៃទី៣ និងទី៤ ខែកញ្ញា ឆ្នាំ២០២២ អង្គការសង្គមស៊ីវិលចំនួន ១១ស្ថាប័ន បាន​នាំ​យក​កូន​ឈើជា​ង ១ ១០០​ដើម ទៅដាំ​នៅ​ សហគមន៍ឧត្តមស្រែពស់ និងព្រៃមេត្តាធម្មជាតិ ខណៈអាជ្ញាធរមិនទាន់ដោះស្រាយបញ្ចប់ជម្លោះរវាងដីសហគមន៍ និងក្រុមទាហាន។

ប្រធានកម្មវិធីផ្នែក​ស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង ដែលចូលរួមដាំកូនឈើនេះ មានប្រសាសន៍នៅថ្ងៃចន្ទនេះ​ថា សហគម​ន៍ឧត្តម​ស្រែ​ពស់ និងព្រៃមេត្តាធម្មជាតិ ត្រូវបានទាហានរថក្រោះកងទ័ពជើង​គោក​ដាក់​គ្រឿង​ចក្រ​ឈូសឆាយអស់ស្ទើរទាំងស្រុងទៅហើយ។

មន្ត្រីសង្គមស៊ីវិលផ្នែកព្រៃ​ឈើ និង​បរិស្ថាន​រូ​ប​នេះ​បន្តថា ក្រោមគម្រោងឈូសឆាយនេះ បានធ្វើឱ្យប៉ះពាល់ដល់ព្រៃស្រោង សត្វព្រៃជាច្រើនប្រភេទ ការកាប់ឈើប្រណិត ហើយប្រជាសហគមន៍បានរងអំពើហិង្សា និងការបាញ់គំរាមកំហែងពីក្រុមទាហានដែលធ្វើសកម្មឈូសឆាយព្រៃនៅតំបន់នោះផងដែរ។

លោក ហេង គឹមហុង បន្ថែមថា៖ «ព្រៃស្រោងដ៏ស្រស់ស្អាតនៅទីនោះ ត្រូវបានឈូសឆាយស្ទើតែអស់ទៅហើយ។ មួយទៀតនោះសត្វព្រៃ ត្រូវបាន​បរបាញ់ និងបាត់ខ្លួន ដូចជា សត្វខ្លាឃ្មុំ ក្ងោក ហើយ​ពេល​ដែល​យើងទៅ​នេះ​យើងឃើញ​សត្វក្តាន់ញ៉ែង​ងាប់ ដែលជារឿ​ង​មួយ ដែលយើង​សោកស្តាយ មិនគួរណាកើតមានទាល់តែសោះ កន្លែង​មួយ​ដែល​មានព្រះសង្ឃ ចំណាយ​ពេល​ជាង២០​ឆ្នាំ ដើម្បីការងារព្រៃឈើនៅទីនោះ ប៉ុន្តែផ្ទុយទៅវិញ គេបែរជា​គេមកឈូស​ឆាយ​តែមួយ​ប្រព្រិច​ភ្នែក​លើ​ផ្ទៃដីព្រៃជាង២០០​ហិកតា​ បានខ្ទេចខ្ទី ដោយ​គ្មានការយកចិត្តទុក្ខដាក់​ពីអាជ្ញាធរមូលដ្ឋានភ្លាមៗ និង​បានបណ្តែតបណ្តោយឱ្យមានការប្រើអំពើហិង្សា និងបាញ់គំរាមកំហែងលើពលរដ្ឋចូលការពារព្រៃឈើថែមទៀត»

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព ដែលចូលរួមដាំកូនឈើនេះដែរ បានសរ​សេរលើបណ្តាញ​សង្គ​ម​ហ្វេសប៊ុករបស់លោក​​ស្រីថា សហគមន៍ឧត្តមស្រែពស់មានព្រៃក្រាស់ល្អ ដែលព្រះសង្ឃបានខិតខំដាំ និងការពារសម្រាប់​ជាជម្រកសត្វព្រៃ ដូចជា សត្វ​ទោច ស្វា ក្ងោក និងសត្វ​​ជាច្រើនប្រភេទទៀត ហើយសហគមន៍ ក៏បានផ្តល់អនុផលផ្សេងៗទៀត ដល់​ប្រជាពលរដ្ឋរស់នៅតំបន់នោះផងដែរ។

លោកស្រី ចក់ សុភាព រំពឹងថា អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង នឹងមានដំណោះស្រាយល្អមួយសម្រាប់សហគមន៍ ហើយ​លោកស្រី​​ក៏បាន​ស្នើ​ឱ្យ​មាន​កិច្ច​ការ​ពារ​ដល់​ប្រជា​សហ​គមន៍ និង​ព្រះសង្ឃដែលការពារព្រៃឈើនៅទីនោះ ឱ្យ​រួច​ផុតពីការប្រើ​ហិង្សា និង​ការគំរាមកំហែងបាញ់ពី​ជនដែលបំផ្លាញព្រៃ​សហគមន៍នេះ។

ចំណែក អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា បានសសេរលើ​ហ្វេសប៊ុករបស់លោកដែរ​ថា បេសកកម្មដាំកូនឈើនេះ គឺមិនទាន់បានជោគជ័យនៅឡើយ​ទេ ដោយ​សារ​សហគមន៍មិនទាន់មានភាពប្រាកដប្រជា​លើ​ការ​ប្រើប្រាស់ដីព្រៃសហគមន៍ ខណៈរដ្ឋបាលខេត្តកំពង់ស្ពឺ​ មិនទាន់បានដោះស្រាយដោយកំណត់ព្រំដីច្បាស់​លាស់​ រវាងដីសហគមន៍ និងដីទាហាន។

មន្ត្រីសិទ្ធិរូបនេះបន្តថា ប្រជាសហគមន៍នៅតែបារម្ភខ្លាច​ដី​សហគមន៍​ឧត្តមស្រែ​ពស់ និងព្រៃមេត្តាធម្មជាតិ នៅតែរងការបំផ្លិត​បំផ្លាញ ប្រសិនបើពុំមានការវាស់វែង និង​កំណត់ព្រំប្រទល់ដោយចេញជាលាយលក្ខអក្សរ​ឱ្យបានច្បាស់លាស់នោះ។

វីអូឌី មិនអាចសុំការបញ្ជាក់អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានទេនៅថ្ងៃចន្ទនេះ។ ប៉ុន្តែកន្លងមក លោក​បាន​ចុះពិនិត្យ​មើល​ការ​ឈូសឆា​យ​ផ្ទាល់ និងស្នើឱ្យភាគីទាហានបញ្ឈប់សកម្មភាពឈូសឆាយ ដោយរងចាំការដោះស្រាយជាមុនសិន ហើយ​លោកបានហៅសមាជិកសហគមន៍៧នាក់ ទៅជួបពិភាក្សារកដំណោះស្រាយនៅព្រឹកថ្ងៃចន្ទ​នេះទៀត។

សមាជិក​សហគមន៍​ម្នាក់​ លោក ឈួន ខឿន ដែលជួបជាមួយអភិបាលខេត្ត បានឱ្យដឹ​ងថា ក្នុងជំនួបនោះ គឺ​ពុំទាន់មានការសម្រេច និងដំណោះស្រាយ​ណាមួយ​នៅ​ឡើយ។ លោកថា អភិបាលខេត្ត​គ្រាន់តែ​ប្រាប់​ពួក​គាត់​ថា ដី​ជាង ៨៨៧ហិកតា ដែល​អ្នកភូមិអះអាងថា ជាដីសហគមន៍នោះ គឺជាន់លើដីអនុក្រឹត្យដែលរដ្ឋាភិបាលកាត់ឱ្យទាហាន។

សមាជិកសហគមន៍រូបនេះ បន្តថា លោក វ៉ី សំណាង បាន​និងកំពុងឱ្យមន្ត្រីជំនាញចុះសិក្សាស្រាវជ្រាវដីព្រៃមួយ​កន្លែង​ផ្សេងទៀត​ ដែលមានទំហំជាង ៨៨៧ហិកតាដូចគ្នា ដើម្បីដោះស្រាយជូនសហគមន៍ ប៉ុន្តែលោកថា ប្រសិនជាដីនោះនៅឆ្ងាយឬ​ខុស​​ទីតាំង​ដែល​កំពុង​ការពារ គឺ​អ្នកភូមិមិនអាចទទួលយកបានឡើយ។

បើតាមលោក ឈួន ខឿន ប្រជាសហគមន៍កំពុងព្រួយបារម្ភពីការចូលឈូស​ឆាយ​បន្ថែម និង​ការបាត់បង់ដីសហគមន៍ទាំងស្រុង ប្រសិនបើអាជ្ញាធរមានភាពយឺតយ៉ាវក្នុងការដោះស្រាយបញ្ចប់ជម្លោះនេះ។

លោក ឈួន ខឿន បន្ថែមថា៖ «ពួកយើងចង់បានដីកន្លែងដែលយើងធ្លាប់ការពារមកដល់បច្ចប្បន្នហ្នឹង។ បើសិនជាព្រៃដែលនៅសល់ហ្នឹងយើងការពារ​បាន​ល្អ វាស្រួល​យើងមើល​គោមើល​ក្របី និងអាស្រ័យផល​ផ្សេងៗទៀត ដូចជា រកផ្សិត រកបន្លែ។ យើងការ​ពារ​បណ្តើរ​មើល​គោ​ក្របី​បណ្តើរ​នៅក្នុងហ្នឹងទៅបានហើយ សម្រាប់ប្រជាពលរដ្ឋយើង។ ព្រឹកមិញនេះ សហគមន៍បានប្រាប់ទៅ​លោក​អភិបាលខេត្តហើយ​ឱ្យ​គាត់​ពន្លឿន​នៃ​ការដោះស្រាយ​ កុំឱ្យព្រៃឈើហ្នឹងកាន់តែបាត់បង់ទៅៗ»

កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ២០២១ រដ្ឋាភិបាល​បានចេញអនុក្រឹត្យមួយកាត់ដី​ទំហំជាង ២៦០ហិកតា (២៦២,២៤ហិកតា) ពី​ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅភូមិសាស្ត្រភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកទៅ​ឱ្យ​គ្រួសារកងទ័ពនៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋ​ចំនួន​៤១គ្រួសារ សម្រាប់ធ្វើលំនៅឋាន និងបង្កបង្កើនផល។

ក្រោយ​ទទួលបានដីសម្បទានសង្គម​កិច្ច​នេះ ក្រុម​ទាហានបាន​​ដាក់​គ្រឿងចក្រឈូស​ឆាយ និង​ប្រើកម្លាំង​កម្មករ​ឱ្យ​ចូល​ទៅកាប់​រុករានព្រៃឈើនៅ​តំបន់នោះ ប៉ុន្តែត្រូវបានអ្នកភូមិរាប់រយនាក់​នៅឃុំត្រពាំង​ជោរ​ តវ៉ា​ប្រឆាំង ដោយពួកគេអះអាងថា ព្រៃឈើតំបន់នោះជាព្រៃសហគមន៍ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ ដែលពួក​គេ​​បាន​ការ​ពារ​ជាង​២០​ឆ្នាំមកហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ