មឈូសរបស់ព្រះមហាក្សត្រី អេលីហ្សាប៊ែត ទី២ (Elizabeth II) នឹងត្រូវដឹកបញ្ជូនតាមរយៈយន្តហោះទៅកាន់ទីក្រុងឡុងដ៍ នៅថ្ងៃអង្គារនេះ បន្ទាប់ពីត្រូវបានដាក់អស់រយៈពេល២៤ម៉ោងនៅក្នុងវិហារប្រវត្តិសាស្ត្រមួយកន្លែងក្នុងទីក្រុង Edinburgh ប្រទេសស្កុតឡេន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ព្រះមហាក្សត្រី អេលីហ្សាប៊ែត ទី២ បានសោយទិវង្គតក្នុងព្រះជន្មាយុ៩៦ព្រះវស្សា កាលពីថ្ងៃទី៨ ខែកញ្ញា សប្ដាហ៍មុន នៅឯវិមានបលម៉ូរ៉ល (Balmoral) ក្នុងប្រទេសស្កុតឡេន ខណៈព្រះរាជពិធីបុណ្យព្រះសពរបស់ទ្រង់នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកញ្ញា ខាងមុខនេះ ក្នុងទីក្រុងឡុងដ៍។
ព្រះមហាក្សត្រី អេលីហ្សាប៊ែត ទី២ ដែលជាក្សត្រមួយអង្គសោយរាជ្យយូរជាងគេរបស់អង់គ្លេស (៧០ឆ្នាំ) និងក្នុងចំណោមស្ដេចដែលសោយរាជ្យយូរបំផុតក្នុងពិភពលោក ប្រសូត្រកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ១៩២៦ និងបានគ្រងព្រះសិរីរាជ្យសម្បត្តិតាំងពីទ្រង់មានព្រះជន្ម២៥ព្រះវស្សា ក្នុងឆ្នាំ១៩៥២ បន្ទាប់ពីព្រះបិតារបស់ទ្រង់ព្រះនាម ហ្សក ទី៦ (George VI) បានសោយទិវង្គតទៅ៕