ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ នឹងជួបពិភាក្សាគ្នាលើប្រធានបទមួយចំនួន ដែលរួមមានបញ្ហានៅអ៊ុយក្រែន និងតៃវ៉ាន់ផងដែរ នៅក្នុងកិច្ចប្រជុំមួយដែលធ្វើឡើងក្នុងប្រទេសអ៊ូសបេគីស្ថាន (Uzbekistan)។ នេះបើតាមការឱ្យដឹងពីវិមានក្រឹមឡាំង ដែលត្រូវបានយកមកចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងក្នុងសន្និសីទមួយនៅទីក្រុងមូស្គូ លោក Yuri Ushakov ជាទីប្រឹក្សាគោលនយោបាយការបរទេសរបស់លោក ពូទីន បានឱ្យដឹងថា៖ «ប្រធានាធិបតីទាំង២ នឹងពិភាក្សាគ្នាលើប្រធានបទនានា ដែលបូករួមទាំងរបៀបវារៈទ្វេភាគី និងបញ្ហាសំខាន់ៗក្នុងតំបន់ និងអន្តរជាតិ»។
គួរបញ្ជាក់ថា លោក ស៊ី ជីនពីង នឹងចាកចេញពីប្រទេសចិន សម្រាប់ដំណើរទស្សនកិច្ចរយៈពេលមួយសប្ដាហ៍ទៅកាន់តំបន់អាស៊ីកណ្ដាល ខណៈនេះក៏ជាដំណើរទៅក្រៅប្រទេសរបស់លោកជាលើកដំបូងផងដែរ ក្រោយខកខានអស់រយៈពេលជាង២ឆ្នាំ ដោយសារតែករណីឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩។
ប្រភពដដែលបន្ថែមថា ប្រធានាធិបតីចិនរូបនេះនឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសកាហ្សាក់ស្ថាន (Kazakhstan) នៅថ្ងៃពុធ ដោយបន្ទាប់មកលោកក៏គ្រោងនឹងជួបជាមួយលោក ពូទីន នៅកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ក្នុងទីក្រុងសាម៉ាកាន់ (Samarkand) ប្រទេសអ៊ូសបេគីស្ថាន (Uzbekistan) ផងដែរ។
យោងតាមវិមានក្រឹមឡាំង ពាណិជ្ជកម្មរវាងប្រទេសចិន និងរុស្ស៊ី បានកើនឡើងដល់ទំហំ១៤០ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ខណៈប្រទេសចិនក៏ជាអ្នកទិញប្រេងដ៏ធំបំផុតមួយរបស់រុស្ស៊ីផងដែរ៕