លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ បានយកពិធីកាន់បិណ្ឌប្រពៃណីជាតិ ផ្ញើសារឱ្យខ្មែរមាន «ចិត្តធម៌ ធ្វើអំពើល្អ និងឈប់ចងពៀរគ្នា» ខណៈតុលាការនៅបន្តបិទសិទ្ធិធ្វើនយោបាយរបស់លោកជាង៥ឆ្នាំ តាមបណ្ដឹងគណបក្សកាន់អំណាច ដែលគេមើលឃើញថាជាបទចោទនយោបាយ។
លោក កឹម សុខា បានលើកឡើងលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ចំថ្ងៃកាន់បិណ្ឌទី៥ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ថាការធ្វើបុណ្យ រក្សាសីល គឺជាការធ្វើចិត្តឱ្យបរិសុទ្ធនិងជ្រះថ្លា ទោះបីមានមារតាមព្យាបាទ ប្រមាថ ចោទប្រកាន់លោកយ៉ាងណាក្ដី ក៏លោកត្រូវតែធ្វើអំពើល្អបន្តទៀត។
លោកបញ្ជាក់ថា៖ «សូម្បីតែព្រះសម្មាសម្ពុទ្ធ ក៏មានមារតាមចងពៀរ មួលបង្កាច់ដែរ។ នេះមិនមែនជាកម្មរបស់ព្រះទេ គឺជាអំពើបាបរបស់មារ។ សូមឧទ្ទិសឱ្យខ្មែរមានចិត្តធម៌ ធ្វើអំពើល្អ ឈប់ចងពៀរគ្នា»។
បន្ថែមពីនេះ ក្នុងសវនាការតតាំងក្ដីនៅតុលាការ កាលពីថ្ងៃពុធ លោកក៏បានលើកឡើងចំពោះមុខចៅក្រម និងព្រះរាជអាជ្ញា ដែលកាន់សំណុំរឿងរបស់លោក ពីជំនឿលើបុណ្យបាបនេះ ដែលពេលនោះលោករំឭកថា អ្នកដែលចោទប្រកាន់លោកខុសពីការពិត នឹងទទួលរងនូវបាបកម្ម។
លោក កឹម សុខា ត្រូវតុលាការដកសិទ្ធិធ្វើនយោបាយជាង៥ឆ្នាំមកហើយ គិតពីថ្ងៃដែលសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួននៅគេហដ្ឋាន ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទថា «គប់គិតជាមួយបរទេស ចង់ផ្ដួលរំលំរដ្ឋាភិបាល» ហើយមកដល់បច្ចុប្បន្ន តុលាការមិនទាន់បើកផ្លូវឱ្យលោកធ្វើនយោបាយឡើងវិញនៅឡើយទេ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មើលឃើញថា សំណុំរឿងចោទប្រកាន់នេះជារឿងនយោបាយ ដែលបានដកសេចក្តីទុកចិត្តពីសហគមន៍ជាតិនិងអន្តរជាតិរួចទៅហើយ លើការកាត់សេចក្តីតាមផ្លូវតុលាការ។ ដោយឡែក លោកថា សាររបស់លោក កឹម សុខា ពេលនេះហាក់បានព្យាយាមយកធម៌ព្រះពុទ្ធ ដើម្បីដោះស្រាយបញ្ហាជាតិ។
យ៉ាងណា លោកថា សារនេះ ចង់មិនចង់ នឹងអង្រួនស្មារតីអ្នកគាំទ្រ និងដៃគូប្រកួត ឱ្យគិតគូរពីដំណោះស្រាយផ្សះផ្សាជាតិ ខណៈសហគមន៍អន្តរជាតិកំពុងជំរុញឱ្យកម្ពុជាវិលទៅស្ដារប្រជាធិបតេយ្យឡើងវិញ។ លោកកត់សម្គាល់ថា សារនេះក៏ឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងផងដែរ ពីលទ្ធផលដឹកនាំរបស់មេដឹកនាំផ្ដាច់ការមួយចំនួន រួមទាំងមេដឹកនាំខ្មែរ ដែលមិនជឿលើអំពើបាប ហើយចុងបញ្ចប់ ពួកគេទទួលរងនូវកម្មពៀរ តាមរយៈកាត់ទោស និងព្យួរក ជាដើម។
លោកថា៖ «មេដឹកនាំយើងបច្ចុប្បន្ននេះ គិតឱ្យមែនទែន ចំពោះបញ្ហាហ្នឹង បើកាលណាយើងនៅតែបន្តមិនដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ឬក៏ធ្វើទុក្ខបុកម្នេញទៅលើប្រជាពលរដ្ឋ ទៅលើសង្គមជាតិ ថ្ងៃក្រោយខ្ញុំគិតថា ថ្ងៃក្រោយយើងមិនត្រឹមតែមិនបានទទួលកេរ្តិ៍ឈ្មោះល្អទេ យើងបែរជាធ្វើឱ្យមានទុក្ខទោសទៅដល់ខ្លួនឯងទៀតផង»។
ពលរដ្ឋមួយរូបរស់នៅរាជធានីភ្នំពេញ លោក ម៉ៅ ឆន យល់ថា បើអ្នកនយោបាយជ្រើសរើសយកការប្រកួតអំណាចដោយឈរលើគោលការណ៍យុត្តិធម៌ និងតម្កល់ប្រយោជន៍ជាតិជាធំ នឹងធ្វើឱ្យជាតិថ្កុំថ្កើង។
លោកថា៖ «យើងឃើញស្រាប់ហើយ កន្លងមក នយោបាយ “មានឯង អត់អញ [ឬ] មានអញ អត់ឯង” វាគ្រោះថ្នាក់ណាស់សម្រាប់សង្គមជាតិយើង។ តែបើយើងយកធម៌អហិង្សាមួយ មិនគុំកួន មិនសងសឹក រវាងខ្មែរនិងខ្មែរ រកដំណោះស្រាយតាមផ្លូវអហិង្សា គឺថាល្អសម្រាប់សង្គមជាតិរបស់យើង»។
តែយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ឃើញផ្សេងពីនេះ។
លោកថា៖ «ផ្លូវធម៌ និងផ្លូវរដ្ឋ វាខុសគ្នា។ ផ្លូវធម៌ គេគិតពីសីលធម៌ ព្រោះខាងផ្លូវរដ្ឋ គេគិតពីការអនុវត្តច្បាប់ វាខុសគ្នាត្រង់ហ្នឹង។ ធ្វើខុសច្បាប់ ហើយមានភស្តុតាងមានពិរុទ្ធភាពហើយ ទៅយកសីលធម៌ឱ្យសម្របសម្រួលគ្នាម៉េចកើត! វាអត់ដែលមានអ៊ីចឹងទេ»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មើលឃើញថា សាររបស់លោក កឹម សុខា ជាការដាស់អារម្មណ៍ដៃគូប្រកួតឱ្យពិចារណាផ្តល់សេរីភាពធ្វើនយោបាយឡើងវិញ តែគ្មានប្រសិទ្ធភាពជំរុញដំណោះស្រាយនយោបាយទេ ដោយសារកាលៈទេសៈបច្ចុប្បន្ន អ្នកនយោបាយភាគច្រើន មិនមានសីលធម៌ និងបាត់បង់ការយោគយល់និងអធ្យាស្រ័យគ្នាទៅហើយនោះ។
លោកថា៖ «វាអាចប្រែប្រួល ប្រសិនបើសហគមន៍អន្តរជាតិចាប់អារម្មណ៍ ឬក៏យកចិត្តទុកដាក់ច្រើនមកលើអ្នកនយោបាយនៅកម្ពុជា។ ហើយការយកចិត្តទុកដាក់ច្រើនឬតិច អាស្រ័យទៅលើពលរដ្ឋកម្ពុជា និងអ្នកនយោបាយកម្ពុជា ធ្វើចលនា ឬធ្វើសកម្មភាពស្នើសុំ ឬទាមទារឱ្យមានអន្តរាគមន៍ពីសហគមន៍អន្តរជាតិ»។
បញ្ហានេះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប តាមរយៈតំណាងរបស់ខ្លួន ក្នុងដំណើរមកកាន់កម្ពុជា នាកិច្ចប្រជុំអាស៊ានកាលពីពេលថ្មីៗនេះ បានជំរុញជាថ្មីទៀតឱ្យរដ្ឋាភិបាលកម្ពុជាបើកលំហសិទ្ធិធ្វើនយោបាយរបស់ពលរដ្ឋ រួមទាំងមេដឹកនាំគណបក្សប្រឆាំង មុនការបោះឆ្នោតជាតិឆ្នាំ២០២៣មកដល់ ដើម្បីឱ្យការបោះឆ្នោតដំណើរការទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមគន្លងប្រជាធិបតេយ្យឡើងវិញ។
បញ្ហានេះ ភាគីទាំងនោះសម្តែងការព្រួយបារម្ភថា ការវិវត្តស្ថានភាពសិទ្ធិមនុស្ស និងលំហនយោបាយនៅកម្ពុជា កាន់តែរួមតូចផងដែរ៕