អាជីវករនិងពលរដ្ឋអះអាងថា តម្លៃទំនិញឡើងថ្លៃជាងមុនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

សកម្មភាពអាជីវករលក់ដូរ និងពលរដ្ឋមកទិញទំនិញនៅផ្សារបឹងកេងកង ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ (ហង់ សុខហុង)

ប្រជាពលរដ្ឋមួយចំនួន​លើកឡើង​ថា ​អំឡុង​​​បុណ្យ​ភ្ជុំបិណ្ឌ​​​ដោយ​ចាប់ផ្ដើម​តាំង​ពីថ្ងៃទី​១១ ខែ​កញ្ញា​មក តម្លៃ​​ទំនិញ​នៅលើទីផ្សារមាន​​​ការហក់​​​ឡើងថ្លៃ​​​ជាង​​មុន​ ដែលករណីនេះ ទាំងពលរដ្ឋ និង​​​សង្គមស៊ីវិល ជំរុញ​ដល់​រដ្ឋាភិបាល​គួរ​មាន​​​​វិធាន​ការ​​ទប់ស្កាត់បញ្ហានេះ ដើម្បី​ជួយសម្រួលដល់​ជីវភាព​របស់​​ប្រជាពលរដ្ឋ ជាពិសេស​​អ្នក​ដែល​​មានប្រាក់​ចំណូលទាប ​ដូចជា ​កម្មកររោងចក្រ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាដើម​។

កម្មករ​រោងចក្រ​មួយ​នៅ​រាជធានីភ្នំពេញ លោក ឌី ធារ៉ា​ មាន​ប្រសាសន៍នៅ​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២​នេះ​ថា ​ទំនិញនៅលើទីផ្សារ​ ក្នុង​អំឡុងពេល​បុណ្យ​កាន់បិណ្ឌ បានហក់ឡើងខ្ពស់ជាងមុខ ខណៈដែលទំនិញទាំងនោះ​បាន​ឡើង​ខ្ពស់​រួចទៅហើយ​​ដោយ​​សារ​តែវិបត្តិ​កូវី​ដ-១៩។ លោកថា បញ្ហាទំនិញនៅលើទីផ្សារឡើងថ្លៃ ជាពិសេស​នៅពេលអំឡុងបុណ្យ​​ទាន​​នេះ បានធ្វើឱ្យប៉ះពាល់ជីវភាពពលរដ្ឋ ជាពិសេស​​កម្មករដូចជារូបលោកដែល​មាន​ប្រាក់ចំណូល​ទាប​។ ​​

ទោះជាយ៉ាងណា លោករំពឹង​ថា​ រដ្ឋា​ភិបាល​នឹង​​ជួយ​រក្សា​តម្លៃ​ទំនិញនៅ​លើ​ទីផ្សារ​​​ឱ្យ​នៅ​ដដែល​។

លោកថា​៖ ​«​ខ្ញុំនៅមូលដ្ឋាន​នេះ​ ប្រសិន​បើ​ថ្លៃទំនិញ​ឡើងថ្លៃ​ ឡើង​គ្រប់សារពើ​ ខ្ញុំមានការបារម្ភដែរ ដោយ​សារ​​​កម្មករ​​យើង​​ទូ​ទៅ​ គាត់​បើមក​ចំណាយ​ បើធៀបនឹងប្រាក់ខែគោល​ វានៅទាបជាង​នៅថៃ នៅវៀតណាម​អី នៅទាប​ជា​ងគេ ការចំណាយវាច្រើន ហើយចំណូលវាបាន​ទាប​»។​

ពលរដ្ឋម្នាក់នៅខេត្តបាត់ដំបង កញ្ញា មៀច ស្រីណុច បានឱ្យដឹងថា បញ្ហា​ទំនិញឡើងថ្លៃ តែងតែកើតមានរៀងរាល់ពិធី​បុណ្យ​ធំៗ​ ដែលការណ៍នេះ​បណ្ដាលម​ក​ពី​ឈ្មួញ​មួយ​ចំនួន​បានដំឡើងតម្លៃដោយ​ខ្លួន​​ឯង បើ​ទោះ​បី​ពួក​គេបា​ន​ទិញ​ទំនិញ​ពីកសិករ​ក្នុង​តម្លៃធម្មតាក៏ដោយ។ កញ្ញាបន្តថា នៅពេលទំនិញឡើងថ្លៃម្ដងៗ ពិត​ជា​ប៉ះពាល់​ដល់​ពលរដ្ឋ​ដែល​​មានប្រាក់​ចំណូលទាប។

កញ្ញាថា៖ «ជាទូទៅ រាល់ពេលដែលមិនថា​ភ្ជុំនោះ​ទេ ឱ្យ​តែបុណ្យប្រពៃណីខ្មែរ ភាគច្រើនទំនិញឡើង​ថ្លៃខុស​ពី​ទីផ្សារ​ធម្មតា។ ខ្ញុំ​ជាពលរដ្ឋខ្មែរ​ក៏​មាន​ការព្រួយបារម្ភដែរ ដោយសារតែប្រជាជនខ្មែរ​អត់​ការ​ងារ​ធ្វើច្រើន ហើយទំនិញឡើងថ្លៃ»។

អាជីវករ​លក់​ភេសជ្ជៈនៅ​ភ្នំតាម៉ៅ អ្នកស្រី​ រស់ នឿន​​ បានឱ្យដឹងថា ​ក្នុង​ឱ​កាស​​រដូវ​ភ្ជុំបិណ្ឌ​នេះ ​ទំនិញ​ដែល​អ្នកស្រី​​​ទទួល​ទិញ​មក​បាន​ឡើង​ថ្លៃ​​ ដែល​តម្រូវ​ឱ្យ​​អ្នកស្រី​ត្រូវ​ឡើង​ថ្លៃ​ទំនិញ​​សម្រាប់​ការលក់​រាយ​​ដូច​គ្នា​នោះ​​ដែរ​។​

អ្នកស្រីថា​៖ ​«​ដោយអ្នកទិញ​ដែរ​ អ្នកខ្លះ​ទៅ​គេសាញ​ គ្រាន់តែខុសគ្នា​១០០[រៀល] ២០០[រៀល] ឬ៥០០​[រៀល] គេថា​យើងលក់ថ្លៃ​ ប៉ុន្តែ​របស់​ហ្នឹងយើងយកមក​វារាង​ថ្លៃ​ដែរ​»។​

អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ លោក តុប សុភ័ក​ បានប្រាប់វីអូឌីឱ្យបង្វែរ​សំណួរ​​ទាក់ទិន​នឹងករណី​ឡើង​ថ្លៃ​ទំនិញ​នេះទៅកាន់ក្រសួងពាណិជ្ជកម្មវិញ​ ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ និងលោក ប៉ែន សុវិជាតិ ពុំអាចទាក់ទងសុំការបញ្ជាក់បានទេ នៅថ្ងៃ​ព្រហស្បតិ៍នេះ។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន ក៏សង្កេតឃើញដែរថា​ តម្លៃទំនិញនិង​សេវាកម្មបានឡើង​ជាង​មុន​បន្តិច​ ជាប្រពៃណីទៅហើយ​ នៅ​ពេលមានបុណ្យទានម្ដងៗ។ តែយ៉ាងណា លោកស្រីស្នើដល់​អាជីវករ និងម្ចាស់សេវាកម្មនានា គួរតែរក្សាតម្លៃធម្មតា និងពង្រឹងសេវាកម្ម​របស់ខ្លួន​ប្រសើរជាង ដើម្បីឱ្យភ្ញៀវទេសចរទទួលបានភាពរីករាយក្នុងឱកាស​បុណ្យភ្ជុំនេះ។

លោកស្រីថា៖ «យើងមិនគួរយកឱកាសបុណ្យជាតិ មកឡើងថ្លៃ [ទំនិញ ឬសេវាកម្ម] អ៊ីចឹងធ្វើឱ្យទំនិញផ្សេងៗទៀត សេវាកម្មផ្សេងៗ​ទៀត​ គាត់ឡើងថ្លៃតាមហ្នឹង។ អ៊ីចឹងវាប៉ះពាល់ដល់ការចេញដើរហើរ ការ​ចេញអបអរ​ចំពោះ​បុណ្យជាតិរបស់​យើង​ហ្នឹង»។

​​ចំណែកប្រធាន​​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា​ ទោះបីជាប្រទេសកម្ពុជា​​ប្រកាន់​យក​សេដ្ឋកិច្ច​ទីផ្សារ​សេរី​ក៏ពិតមែន​ តែរដ្ឋាភិបាលនៅ​តែ​អាច​មាន​វិធាន​ការ​ក្នុងការ​សម្របសម្រួល​​កុំ​ឱ្យ​មាន​ការ​ដំឡើងថ្លៃ​ទំនិញ​ខ្ពស់​ពេក ​ដែលនឹងធ្វើឱ្យប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ ​ជាពិសេសពលរដ្ឋ​​ដែល​​ទទួល​​បាន​ចំណូល​ទាប​។​

លោកថា៖ ​«​រកមធ្យោបាយណា​មួយ​ដើម្បី​ជាការអន្តរាគមន៍​​ ឬ​ជាការឈ្វេងយល់គ្នាមួយ ​អ្វីដែលរដ្ឋាភិបាលយល់ឃើញ!​ ជាផលប៉ះពាល់ដល់ប្រជាពលរដ្ឋ​ ជាពិសេសចំពោះអ្នកដែលមានចំណូលទាប​ ហើយដែលអាចអនុគ្រោះបាន​និងការយោគយល់បាន រវាងវិស័យឯកជន​ ឬអ្នកផ្គត់ផ្គង់ទំនិញសេវាកម្មទាំងអស់ហ្នឹង​»។​​

លោកបន្តថា​ អាជីករផងដែរ គួរតែ​លក់តម្លៃមួយ​ដែលសមរម្យ​និងអាចទទួល​យកបាន ​ជាជាង​​មាន​ចេតនា​​ឆ្លៀតឱ​កាស​​ដំឡើងតម្លៃ​​​មិនសមរម្យ​​។​

យ៉ាងណា អ្នកតាមដាន​សង្គមរូបនេះសង្កេតឃើញថា បញ្ហាទំនិញឡើងថ្លៃខ្ពស់នៅកម្ពុជា ក្នុងឱកាសបុណ្យ​​ទាន​ ដូចជា រដូវចូលឆ្នាំ រដូវបុណ្យភ្ជុំបិណ្ឌ និង​បុណ្យផ្សេងៗទៀត​​នេះ កើតឡើងស្ទើររាល់ឆ្នាំ ប៉ុន្តែរដ្ឋាភិបាលនៅតែមិនអាចដោះស្រាយបញ្ហានេះ​បាននៅឡើយ​​ ក្រៅ​តែ​ពីការ​អំពាវ​នាវកុំឱ្យមានការដំឡើងថ្លៃ ក្រោមហេតុផលថា កម្ពុជាអនុវត្តរបបសេដ្ឋកិច្ចទីផ្សារ​សេរី។

តែយ៉ាងណា កាលពីចុងខែមករា ឆ្នាំ២០២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ធ្លាប់បានថ្លែងថា បញ្ហា​ទំនិញឡើងថ្លៃនារយៈពេល​ប៉ុន្មានថ្ងៃ​​ក្នុង​​រដូវ​សែន​​ចិន គឺ​ជារឿងធម្មតា រវាងសេចក្ដីត្រូវការ និងការផ្គត់ផ្គង់​ទំនិញ​នៅ​លើ​ទីផ្សារ។ ​

លោក​នាយករដ្ឋមន្ត្រីគូសបញ្ជាក់​ថា៖ «យើងពិនិត្យមើលនៅទីក្រុងភ្នំពេញប៉ុន្មានថ្ងៃនេះ មាននិន្នាការនៃទំនិញឡើងថ្លៃ! បញ្ហានេះ វាជាក្រឹត្យក្រមធម្មតាៗ រវាងសេចក្ដីត្រូវការ និងការផ្គត់ផ្គង។ អាហ្នឹងវាត្រូវស៊ីចង្វាក់គ្នាជានិច្ច រវាងសេចក្តីត្រូវការ និងការផ្គត់ផ្គង់ ស៊ីចង្វាក់គ្នា»។

រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៣៥ ចែងថា សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការ​ពិនិត្យនិងដោះស្រាយដោយហ្មត់ចត់ពីអង្គការរដ្ឋ។ ដោយឡែក មាត្រា៦៣វិញ ចែងថា រដ្ឋត្រូវយកចិត្តទុកដាក់គ្រប់គ្រងទីផ្សារ ជួយឱ្យជីវភាពរបស់ពលរដ្ឋមានកម្រិតសមរម្យ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ