ព្រះមហាក្សត្រខ្មែរ បានបញ្ចប់មុខតំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ហើយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន ត្រូវបានតែងតាំងជា រដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រហូតដល់មានការតែងតាំងរដ្ឋមន្ត្រីក្រសួងនេះជាផ្លូវការ។
ព្រះមហាក្សត្រខ្មែរ ព្រះករុណា សម្តេចព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះ បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោក វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះចាប់ពីពេលឡាយព្រះហស្ថលេខាតទៅ។
ក្រោយបញ្ចប់តំណែងរដ្ឋមន្ត្រីក្រសួងកសិម្មភ្លាម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីសម្រេចមួយនៅថ្ងៃសៅរ៍នេះដែរ ដោយចាត់តាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ថែមលើមុខងារបច្ចុប្បន្ន រហូតដល់មានការតែងតាំងរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីជាផ្លូវការ។
សេចក្តីសម្រេចបន្ថែមថា រដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទទួលបានការចាត់តាំងនេះ ត្រូវប្រើប្រាស់សិទ្ធិអំណាចទាំងអស់ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីដឹកនាំ និងគ្រប់គ្រង ការងាររបស់ក្រសួង អង្គភាពចំណុះរបស់ក្រសួង ព្រមទាំងមន្ដ្រីរាជការ និងបុគ្គលិកដែលជាភ្នាក់ងាររដ្ឋបាល នៅក្រោមឱវាទរបស់ខ្លួន។
ការបញ្ចប់មុខតំណែង លោក វេង សាខុន ធ្វើឡើង ប្រមាណ៨ខែក្រោយពេលដែលលោកធ្លាប់ត្រូវបានលោក ហ៊ុន សែន ស្តីបន្ទោសខ្លាំងៗថា ជារដ្ឋមន្ត្រីដែលមិនចេះសហការជាមួយមន្ត្រីដទៃ។ បន្ថែមពីនេះ លោក ហ៊ុន សែន ក៏ធ្លាប់ព្រលយម្តងរួចមកហើយនៅមុខ លោក វេង សាខុន ចំពោះការដករដ្ឋមន្ត្រីណាមួយចេញពីតំណែង ដោយថា លោកត្រូវការពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងមហាផ្ទៃកាលពី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្ដីបន្ទោសរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ថា ជារដ្ឋមន្ត្រីដែលធ្វើការងារមិនចេះសហការជាមួយមន្ត្រីដទៃ។
លោកលើកឡើងថា ការមិនព្រមទៅចូលរួមកិច្ចប្រជុំរបស់រដ្ឋមន្រ្តីកសិកម្មតាមការអញ្ជើញរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពាក់ព័ន្ធបញ្ហាតម្លៃជ្រូកពេលនោះ ជាហេតុធ្វើឱ្យសាច់ជ្រូកឡើងថ្លៃ ដោយសាររដ្ឋមន្ត្រីកសិកម្មរូបនេះបានផ្អាកការនាំសាច់ជ្រូកនិងជ្រូករស់ចូលពីប្រទេសជិតខាង ធ្វើឱ្យជ្រូករបស់កសិករក្នុងស្រុកមានតម្លៃ។
ក្រៅពីស្តីបន្ទោស លោក ហ៊ុន សែន បានហៅលោក វេង សាខុន ថា ជា «រដ្ឋមន្ត្រីជិះសេះគយគន់ផ្កា» ថែមទៀតផង។
យ៉ាងណា ក្នុងពេលស្តីបន្ទោសនោះ ក៏ឃើញមានការឆ្លើយតបពីលោក វេង សាខុន ទៅកាន់នាយករដ្ឋមន្ត្រីវិញ ដោយលោកបានប្រាប់ថា ការផ្អាកនាំសាច់ជ្រូក និងជ្រូករស់ចូលពីប្រទេសជិតខាងនោះ ដោយសារកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់សាច់នៅលើទីផ្សារ។
ការបញ្ចប់តំណែងពេលនេះ ស្របពេលលោក វេង សាខុន ទើបត្រឡប់ពីបំពេញបេសកកម្មការងារនៅអឺរ៉ុបមួយសប្តាហ៍ ទាក់ទងទៅនឹងការពង្រឹងសុវត្ថិភាពស្បៀងជាសកល និងការស្វះស្វែងរកការគាំទ្រគម្រោងពង្រឹង ការផលិតផលកសិកម្មប្រកបដោយសុវត្ថិភាពស្របតាមស្តង់ដាអឺរ៉ុបនៅកម្ពុជា។
ហ្វេសប៊ុក លោក វេង សាខុន (Sakhon Veng) នៅរសៀលថ្ងៃសៅរ៍នេះ បានបង្ហោះរូបលោកនិងភរិយា ដោយសរសេរថា លោក និងសហការីបានវិលត្រឡប់មកដល់ប្រទេសថៃ នៅវេលាម៉ោង ២និង៣០នាទី ហើយកំពុងរង់ចាំចេញដំណើរត្រឡប់មកកម្ពុជា នៅវេលាម៉ោង ៤និង៣០នាទី៕