ការដាក់ពង្រាយសែស្រឡាយថ្នាក់ដឹកនាំ ឱ្យទៅកាន់តំណែងធំៗនៅក្រសួងសំខាន់ៗរបស់ជាតិ រួមទាំងកង្វះឯករាជ្យភាពរបស់ឥស្សរជននយោបាយ ត្រូវបានគេមើលឃើញថា ជាជម្រកសុវត្ថិភាពនៃអំពើពុករលួយ និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ការកសាងសង្គមប្រជាធិបតេយ្យ បើគ្មានការកែលម្អទេនោះ។
ការព្រួយបារម្ភនេះ ចំពេលយន្តការបញ្ជ្រាបកូនរបស់ថ្នាក់ដឹកនាំឱ្យកាន់មុខតំណែងក្នុងក្រសួងសំខាន់ៗនៅតែបន្តកើតឡើង ក្រោយពីតុលាការកំពូលរំលាយគណបក្សប្រឆាំងធំមួយដែលមានអាសនៈក្នុងសភា និងឃុំ- សង្កាត់ ប្រហាក់ប្រហែលបក្សកាន់អំណាច ចេញពីទីលានប្រកួតនយោបាយ។
ជាការកត់សម្គាល់ កូនចៅរបស់ថ្នាក់ដឹកនាំមួយចំនួនត្រូវបានតែងតាំងឱ្យកាន់តំណែងនៅក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័នមួយចំនួនទៀត ខណៈចៅក្រមដែលស្ថិតក្នុងវិស័យយុត្តិធម៌ ក៏ត្រូវបានដាក់បញ្ចូលជាកម្លាំងស្នូលរបស់គណបក្ស ជាដើម។ តួយ៉ាងដូចជា លោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងនាយករដ្ឋមន្ត្រី កាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោក, កូនប្រុសទី២ លោក ហ៊ុន ម៉ានិត ជាអគ្គនាយកដ្ឋានស្រាវជ្រាវចារកម្មនៃក្រសួងការពារជាតិ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាឪពុក ជានាយឧត្ដមសេនីយ៍ផុតលេខ ផ្កាយមាស៥។
បន្ថែមពីនេះ ក្មួយប្រសានាយករដ្ឋមន្ត្រី គឺលោក នេត សាវឿន ជាអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងលោក ឌី វិជ្ជា ជាកូនប្រសា ជាអគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ នៃក្រសួងមហាផ្ទៃ។ ដោយឡែក រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ក៏មានបងប្អូនបង្កើត លោក ទៀ វិញ ជាមេបញ្ជាការកងទ័ពជើងទឹកផងដែរ។
ដូចគ្នានេះដែរ ថ្នាក់ដឹកនាំតាមក្រសួងខ្លះវិញ ក៏បានបញ្ជ្រាបកូនចៅទៅក្នុងស្ថាប័នដែលខ្លួនកំពុងគ្រប់គ្រងដែរ ដូចជា លោក ស៊ុយ ឌីម៉ង់ ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល អំឡុងឆ្នាំ២០១៨ ដែលលោក ស៊ុយ ឌីម៉ង់ ត្រូវជាកូនប្រុសលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ។
កូនប្រុស២នាក់របស់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គឺលោក យ៉ិនទៀង ពុទ្ធិរិទ្ធ និងលោក យ៉ិនទៀង ពុទ្ធិរ៉ា ក៏ត្រូវតែងតាំងជាឧបការីនៅអង្គភាពប្រឆាំងអំពើពុករលួយ មានឋានៈស្មើនឹងរដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការ។
ដោយឡែក ប្រធានតុលាការកំពូល លោក ឌិត មុន្ទី ក៏ជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សកាន់អំណាច ខណៈចៅក្រមមួយចំនួនទៀតត្រូវបានគេដាក់បញ្ចូលជាសមាជិកគណៈកម្មាធិការកណ្ដាលរបស់បក្សកាន់អំណាចដែរ។
ថ្មីៗនេះ កូនប្រុសលោក ឌិត មុន្ទី គឺលោក ឌិត ទីណា ត្រូវបានរដ្ឋាភិបាលស្នើទៅរដ្ឋសភារៀបចំការបោះឆ្នោត ដើម្បីផ្ដល់មុខតំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ចប់មុខតំណែងលោក វេង សាខុន។
បញ្ហាទាំងនេះបង្កើតជាសំណួរថា តើការដឹកនាំបែបសែស្រឡាយបង្កហានិភ័យដល់យន្តការផ្ទេរអំណាចដោយសន្តិវិធីឬទេ?
អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា យល់ថា ការដឹកនាំរដ្ឋបែបសែស្រឡាយ ជំរុញឱ្យប្រទេសជាតិប្រឈមនឹងបញ្ហាធំ៣ ក្នុងនោះ ទី១ ប្រព័ន្ធនេះនឹងបង្កជាឧបសគ្គដល់យន្តការផ្ទេរអំណាចដោយសន្តិវិធីតាមរយៈសន្លឹកឆ្នោត បើមានការផ្លាស់ប្ដូរមេដឹកនាំ ទី២ ជាដើមហេតុជំរុញឱ្យមានអំពើពុករលួយជាប្រព័ន្ធ និងទី៣ បាត់បង់ធនធានមនុស្សដែលមានសមត្ថភាព ធ្វើឱ្យការផ្តល់សេវាសាធារណៈខ្វះគុណភាព និងទំនួលខុសត្រូវ ។
ក្នុងន័យនេះ លោកពន្យល់ថា បើកូនចៅឬសែស្រឡាយរបស់មេដឹកនាំ ត្រូវបានគេតែងតាំងឱ្យកាន់តំណែងធំៗនៅក្រសួងដែលគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធ នឹងក្លាយជាឧបសគ្គដល់យន្តការផ្ទេរអំណាចដោយសន្តិវិធី បើកម្ពុជាខ្វះភាពចាស់ទុំខាងប្រជាធិបតេយ្យនោះ។
បញ្ហានេះ លោកថា កងកម្លាំងជាតិនឹងត្រូវគេប្រើឱ្យប្រឆាំងនឹងគណបក្សក្រៅរដ្ឋាភិបាលដែលឈ្នះឆ្នោត ដើម្បីក្រាញអំណាច ដែលពេលនោះនឹងបង្កឱ្យមានបញ្ហាសង្គមផ្ទុះឡើង និងបង្កឱ្យមានហានិភ័យជាតិ។
លោកថា៖ «វាជាឧបសគ្គខ្លាំងដែរក្នុងការផ្ទេរអំណាចក្នុងសង្គមយើងបច្ចុប្បន្ន។ ដូច្នេះហើយ បញ្ហាហ្នឹង វាជាកត្តាសំខាន់មួយដែរ ពីនយោបាយកម្ពុជា ក្នុងការផ្ទេរអំណាចហ្នឹង។ អាហ្នឹងវាជាឧបសគ្គខ្លាំងមែនទែនសម្រាប់ការផ្ទេរអំណាចហ្នឹង»។
ប៉ុន្តែលោកថា បញ្ហានេះអាចទប់ស្កាត់បាន បើកម្ពុជាបង្កើតបានស្ថាប័ននយោបាយខ្លាំងមួយឈរលើស្មារតីជាតិ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ឈានទៅកាត់ផ្ដាច់ឫសគល់នៃអំពើពុករលួយ និងបក្ខពួកនិយមនោះ រួមទាំងទប់ស្កាត់កុំឱ្យការរំលោភអំណាចរវាងសសរស្ដម្ភជាតិទាំង៣នោះ។
លោក វណ្ណ ប៊ុនណា ថ្លែងថា៖ «ស្ថាប័ននយោបាយខ្លាំងហ្នឹងសំដៅទៅដល់អំណាចទាំង៣ [រដ្ឋាភិបាល តុលាការ និងរដ្ឋសភា] របស់កម្ពុជា។ របបគ្រប់គ្រងកម្ពុជាហ្នឹងដើរខ្លាំងមែនទែន មានន័យថា មិននៅតែចាំស្ដាប់តែបញ្ជាបុគ្គលទេ ប៉ុន្តែប្រព័ន្ធហ្នឹងវាដំណើរការដោយស្វ័យប្រវត្តិ ដោយសារមានការត្រួតពិនិត្យអំណាចគ្នាទៅវិញទៅមក»។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី លើកឡើងថា ការដឹកនាំបែបប្រទាក់ក្រឡាគ្នាដោយសែស្រឡាយ បង្កផលប៉ះពាល់ជាច្រើនដល់សង្គមជាតិ ដូចជា បង្កឱ្យមានអយុត្តិធម៌សង្គម អំពើពុករលួយ រារាំងធនធានមនុស្សដែលមានសមត្ថភាព រារាំងដល់ការលូតលាស់ខាងសេដ្ឋកិច្ច ជាដើម តែប្រព័ន្ធនេះបានការពារប្រយោជន៍បក្ខពួកច្រើនជាង ។
លោកថា៖ «ប្រព័ន្ធយុត្តិធម៌មានបញ្ហាធ្ងន់ធ្ងរ នាំឱ្យមានអំពើពុករលួយច្រើន ដែលរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច រារាំងដល់យុត្តិធម៌សង្គមអីហ្នឹង។ ដើមចមសុទ្ធតែចេញផ្តើមចេញពីសែស្រឡាយបក្ខពួកនិយម ឬក៏ការធ្វើការជាប្រព័ន្ធប្រទាក់ក្រឡាគ្នាដើម្បីកេងប្រយោជន៍សាធារណៈហ្នឹង»។
មួយវិញទៀត លោកថា ក្នុងក្របខណ្ឌប្រយុទ្ធប្រឆាំងអំពើពុករលួយ គេរកឃើញថា សែស្រឡាយបក្ខពួកនិយម ជាទម្រង់បង្កើតអំពើពុករលួយ បង្កគ្រោះថ្នាក់ដល់ការកសាងប្រជាធិបតេយ្យពេញលេញ ដែលធានាដល់ប្រយោជន៍សាធារណៈឬប្រយោជន៍ជាតិ។ ប៉ុន្តែលោកគិតថា យន្តការផ្ទេរអំណាចដោយសន្តិវិធី កម្ពុជាអាចធ្វើបាន បើអ្នកនយោបាយតម្កល់ប្រយោជន៍ជាតិជាធំ គោរពគោលការណ៍សិទ្ធិមនុស្ស ប្រជាធិបតេយ្យឱ្យបានពេញលេញ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ បើទោះច្បាប់កំពូលនេះមិនបានចែងពីការហាមតែងតាំងសែស្រឡាយឱ្យកាន់តំណែងធំៗក្នុងស្ថាប័នរដ្ឋក្ដី។
លោក ប៉ិច ពិសី ថ្លែងថា៖ «ដោយសារសែស្រឡាយចាក់ស្រែះហ្នឹង ជាឧបសគ្គមួយនៅក្នុងដំណើរការប្រជាធិបតេយ្យ អ៊ីចឹងកម្ពុជាមានកាតព្វកិច្ចកម្ចាត់នូវឧបសគ្គទាក់ទងទៅនឹងការដឹកនាំរដ្ឋតាមលទ្ធិប្រជាធិបតេយ្យហ្នឹង។ ហើយការរារាំងមិនឱ្យមានការតែងតាំងសែស្រឡាយបក្ខពួក ឬក៏ធ្វើការជាប្រព័ន្ធចាក់ស្រែះហ្នឹងគួរតែមានការហាមប្រាមដែរ ដើម្បីធានាថា កម្ពុជាយើងនឹងមានការដឹកនាំតាមរបបប្រជាធិបតេយ្យពេញលេញ»។
ចំណែកសាស្ត្រចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា វិញ មើលឃើញថា ប្រព័ន្ធចាក់ស្រែះបែបគ្រួសារនិយម ជាអំណោយផលនៃយន្តការផ្ទេរអំណាចនៅក្នុងបក្ស ប៉ុន្តែជាហានិភ័យដល់យន្តការផ្ទេរអំណាចនៅថ្នាក់ជាតិតាមរយៈសន្លឹកឆ្នោត។
លោកមើលឃើញថា បើបញ្ហានេះមិនត្រូវបានកែលម្អទេ របត់នយោបាយនឹងអាចយកគំរូដូចរបបសឹកភូមា ដែលប្រើប្រាស់កម្លាំងជាតិដើម្បីការពារអំណាចបុគ្គល ហើយជំរុញឱ្យប្រទេសជាតិធ្លាក់ក្នុងការឡោមព័ទ្ធដោយទណ្ឌកម្មពីបណ្ដាប្រទេសលោកសេរី។
ប៉ុន្តែលោកថា កម្ពុជាអាចទប់ស្កាត់បញ្ហានេះបាន បើឥស្សរជននយោបាយបំពេញតួនាទីជាតំណាងពលរដ្ឋដោយឈរលើមូលដ្ឋានស្វ័យសម្រេច ដោយមិនស្ថិតក្រោមឥទ្ធិពលនយោបាយ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយពលរដ្ឋស្គាល់ពីតួនាទីនិងកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាពលរដ្ឋសកម្ម ដោយចេះប្រើប្រាស់សន្លឹកឆ្នោតដោយភាពឆ្លាតវ័យក្នុងការជ្រើសរើសមេដឹកនាំ ដើម្បីឱ្យអ្នកនយោបាយគិតពីប្រយោជន៍ជាតិ។
យ៉ាងណា លោក ឯម សុវណ្ណរ៉ា គិតថា បញ្ហានេះអាចជោគជ័យទៅបាន លុះត្រាតែគណបក្សកាន់អំណាចមានឆន្ទៈនយោបាយផងដែរ ដើម្បីធានាថា ការបោះឆ្នោតនៅកម្ពុជាជាការឆ្លុះបញ្ចាំងឆន្ទៈពលរដ្ឋពិតប្រាកដ មិនមែនជាឈុតឆាកសម្ដែង ក្រោមរូបភាពផ្ដល់អភ័យឯកសិទ្ធិសភា តែធ្វើច្បាប់ផ្សេងទៀតចងដៃសភានោះទេ។
លោកថា៖ «ដូចនៅប្រទេសឥណ្ឌូនេស៊ី មានការតែងតាំងតែប្រធានតុលាការកំពូលមួយទេ នៅពេលហ្នឹងត្រូវឆ្លងកាត់សភា ហើយសភាគេឯករាជ្យទៀត សភាគេអាចរំលាយប្រធានាធិបតី អាចបញ្ចប់តំណែងប្រធានាធិបតី អនុប្រធានាធិបតីបាន ប៉ុន្តែនៅកម្ពុជាយើង វាអត់មានយន្តការហ្នឹង។ អ៊ីចឹងហើយអ្នកកាន់អំណាចរាល់ថ្ងៃ មានចែងក្នុងច្បាប់ ពីគោលការណ៍ច្បាប់ ប្រជាធិបតេយ្យ សេរីពហុបក្ស ប៉ុន្តែ៥០បក្សជាងមែន តែចូលរួមបោះឆ្នោតតែ២០បក្ស ឬ៧បក្សថ្មីៗហ្នឹង យើងអត់ឆ្លុះបញ្ចាំងពីប្រជាធិបតេយ្យទេ តែជាប្រជាធិបតេយ្យសម្ដែងៗ»៕