អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុមួយរូបរបស់ចក្រភពអង់គ្លេស លោក Rishi Sunak បានបញ្ជាក់ឱ្យដឹងនៅថ្ងៃអាទិត្យម្សិលមិញថា រូបលោកកំពុងតែឈរឈ្មោះ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មីជំនួស លោកស្រី Liz Truss ដែលបានប្រកាសលាលែងចេញពីតំណែងកាលពីសប្ដាហ៍មុន។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានស្រង់សម្ដីអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុរូបនេះ ដែលបានថ្លែងតាមរយៈបណ្តាញសង្គម ធ្វីតធ័រ (Twitter) ថា៖ «ចក្រភពអង់គ្លេសគឺជាប្រទេសដ៏អស្ចារ្យមួយ ប៉ុន្តែយើងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរមួយ»។
លោកបន្តថា៖ «នេះហើយជាមូលហេតុដែលខ្ញុំសម្រេចឈរឈ្មោះជាមេដឹកនាំគណបក្ស Conservative Party ដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់អ្នករាល់គ្នា»។
លោក Rishi Sunak បន្ថែមថា៖ «សុច្ចរិតភាព វិជ្ជាជីវៈ និងគណនេយ្យភាពនឹងកើតមានឡើងនៅគ្រប់កម្រិតនៃរដ្ឋាភិបាលក្រោមការដឹកនាំរបស់ខ្ញុំ ខណៈខ្ញុំនឹងខិតខំបំពេញការងារឱ្យអស់ពីសមត្ថភាព ដើម្បីឱ្យកិច្ចការងារទាំងឡាយសម្រេចទៅដោយរលូន»។
ទាក់ទិននឹងករណីនេះ លោកថា៖ «ខ្ញុំស្នើសុំឱ្យអ្នករាល់គ្នាផ្ដល់ឱកាស ដើម្បីឱ្យខ្ញុំអាចជួយដោះស្រាយរាល់បញ្ហារបស់យើងបាន»។
គួរបញ្ជាក់ថា ការរៀបចំការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីអង់គ្លេសថ្មីនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី លោកស្រី Liz Truss ប្រកាសលាលែងពីតំណែង ក្រោយកាន់កាប់បានត្រឹមតែរយៈពេល៤៥ថ្ងៃ ដោយសារតែមានភាពចលាចលផ្នែកនយោបាយ។
យោងតាមច្បាប់ស្តីពីគណបក្សនយោបាយរបស់អង់គ្លេស បេក្ខភាពនាយករដ្ឋមន្រ្តី ត្រូវទទួលបានសំឡេងគាំទ្រពីសមាជិកសភាចំនួន ១០០រូប ដើម្បីអាចឈរឈ្មោះបោះឆ្នោតបាន ដែលមានន័យថា បេក្ខភាពនាយករដ្ឋមន្រ្តីយ៉ាងតិច ៣រូប អាចឈរឈ្មោះបាន៕