រដ្ឋមន្ដ្រីក្រសួងព័ត៌មាន អះអាងថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានបានបញ្ជូនទៅដល់ដៃគណៈរដ្ឋមន្ត្រីមួយរយៈហើយ ដោយរង់ចាំតែស្ថាប័ននេះប្រជុំពិនិត្យប៉ុណ្ណោះ។
ក្នុងសន្និសីទថ្នាក់ជាតិស្តីពី «ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ» នៅរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក ខៀវ កញ្ញារីទ្ធ ថ្លែងថា ជាធម្មតា ការរៀបចំច្បាប់ គឺមាន២ដំណាក់កាល ក្នុងនោះរួមមានការប្រជុំគ្រប់ភាគីពាក់ព័ន្ធ ហើយបន្ទាប់មកត្រង់ជំពូកពាក់ព័ន្ធនឹងទោសប្បញ្ញត្តិ គឺត្រូវឆ្លងទៅក្រសួងយុត្តិធម៌ជាអ្នកកំណត់។
លោកបន្តថា មកទល់ពេលនេះ សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ត្រូវបានបញ្ចប់នូវដំណាក់កាលទាំង២នេះរួចរាល់អស់ហើយ និងបានបញ្ជូនទៅដល់ដៃគណៈរដ្ឋមន្ត្រីហើយដែរ ដូច្នេះនៅសល់តែដំណាក់កាលគណៈរដ្ឋមន្ត្រីរើសពេលវេលាប្រជុំពិនិត្យប៉ុណ្ណោះ។
លោកថា៖ «ឥលូវនិយាយរួម យើងចប់អស់ហើយ នៅតែដល់គណៈរដ្ឋមន្រ្តី នឹងធ្វើការប្រជុំ នៅពិនិត្យ។ ពីព្រោះធម្មតា ច្បាប់ កាលណារៀបចំច្បាប់មាន២ដំណាក់កាល គឺការប្រជុំដោយគ្រប់ភាគីដែលពាក់ព័ន្ធ បន្ទាប់មកទោសប្បញ្ញត្តិ គឺឆ្លើយឆ្លងទៅ គឺក្រសួងយុត្តិធម៌ជាអ្នកកំណត់។ អ៊ីចឹងឥលូវនេះ វាបានចប់អស់ហើយ យើងដាក់ទៅគណៈរដ្ឋមន្រ្តីហើយ អ៊ីចឹងគណៈរដ្ឋមន្រ្តីនឹងរើសពេលវេលាដើម្បីប្រជុំ។ [ដាក់ទៅគណៈរដ្ឋមន្ត្រីតាំងពីពេលណាដែរ?] ដាក់យូរហើយ តាំងប៉ុន្មានខែហើយ»។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា លោកមិនបានដឹងថាមានការបញ្ជូនសេចក្តីព្រាងច្បាប់នោះមកគណៈរដ្ឋមន្ត្រីនៅឡើយទេ។ លោកថា ជាទូទៅ គណៈរដ្ឋមន្ត្រីត្រូវរៀបចំពេលវេលានិងកាលវិភាគ ដើម្បីប្រជុំពេញអង្គ បើសិនមានការបញ្ជូនសេចក្តីព្រាងច្បាប់ណាមួយមកដល់។
លោក ផៃ ស៊ីផាន ថា៖ «តាមធម្មតា គណៈរដ្ឋមន្ត្រីហ្នឹងត្រូវរៀបចំមើលកាលវិភាគណាមួយដែលទំនេរ និងបញ្ចូលជាមួយច្បាប់ដទៃទៀត ដើម្បីចូលពេញអង្គគណៈរដ្ឋមន្ត្រី និងរង់ចាំតែពេលវេលាមកប្រជុំពេញអង្គទេ។ ហើយពេញអង្គ ច្បាប់តែមួយ ការពង្រាងតែមួយ មិនអាចប្រជុំពេញអង្គបានទេ លើកលែងតែច្បាប់ហ្នឹងប្រញាប់។ ប៉ុន្តែច្បាប់នេះជាច្បាប់ធម្មតាទេ ច្បាស់ជារង់ចាំបង្គ្រប់ជាមួយច្បាប់ដទៃទៀត។ អាស្រ័យហេតុដូច្នេះ ខ្ញុំអត់ដឹងកាលវិភាគនៅថ្ងៃណាមួយនោះទេ។ ប្រជុំពេញអង្គ គឺដឹកនាំដោយនាយករដ្ឋមន្ត្រី ប្រជុំដើម្បីត្រួតពិនិត្យមើលសាជាថ្មី មុននឹងបញ្ជូនទៅរដ្ឋសភា»។
យ៉ាងណា មន្ត្រីរដ្ឋាភិបាលរូបនេះថា លោកក៏មិនដឹងដែរថាតើគណៈរដ្ឋមន្ត្រីនឹងប្រជុំពិនិត្យករណីនេះនៅពេលណា។
អ្នកសារព័ត៌មានមួយរូបនៅវិទ្យុសំឡេងសហរដ្ឋអាមេរិក លោក លាស់ លីបលីប មើលឃើញថា ដំណាក់កាលវិវត្តន៍នៃសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ហាក់មិនទាន់មានភាពច្បាស់លាស់នៅឡើយ។ យ៉ាងណា លោកចង់ឃើញសេចក្តីព្រាងច្បាប់នេះចូលជាធរមានឱ្យបានឆាប់។
លោកថា៖ «សម្រាប់ខ្ញុំ ខ្ញុំក៏ចង់ឃើញថា សេចក្តីព្រាងច្បាប់នេះអាចចូលជាធរមាននៅពេលណាមួយខាងមុខឆាប់ តាមដែលក្រសួងសាម៉ីពាក់ព័ន្ធហ្នឹងធ្វើទៅបាន»។
អ្នកសារព័ត៌មានរូបនេះជឿថា ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន នឹងអាចបម្រើផលប្រយោជន៍ច្រើនដល់ពលរដ្ឋក្រោយអនុម័ត ព្រោះថា ពលរដ្ឋអាចទទួលព័ត៌មានពាក់ព័ន្ធតាមអ្វីដែលចង់ដឹង មិនថាការអភិវឌ្ឍ ឬបញ្ហាផ្សេងៗក្នុងសង្គម។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJa) លោក ណុប វី សាទរចំពោះការវិវត្តថ្មីមួយនៃដំណើរការឈានទៅអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ខណៈបានរង់ចាំវត្តមានច្បាប់នេះអស់រយៈពេលប្រមាណ៤ឆ្នាំមកហើយ រាប់តាំងពីឆ្នាំ២០១៨មក។
យ៉ាងណា លោកទទូចឱ្យក្រសួងព័ត៌មាន និងស្ថាប័នពាក់ព័ន្ធ ផ្តល់សេចក្តីព្រាងច្បាប់នេះនាពេលបច្ចុប្បន្ន ដល់សង្គមស៊ីវិលផង ដើម្បីឱ្យពួកគេមានឱកាសបានចូលរួមពិនិត្យ និងផ្តល់យោបល់លើខ្លឹមសារព្រាងចុងក្រោយនេះ ខណៈសេចក្តីព្រាងដែលសង្គមស៊ីវិលបានទទួលកាលពីដំបូង គឺមានចំណុចមួយចំនួនដែលអាចថាមានផលប៉ះពាល់ដល់សិទ្ធិទទួលព័ត៌មាន។
លោក ណុប វី ថា៖ «សេចក្តីព្រាងដែលបានធ្វើដំបូងហ្នឹង គឺថាមានចំណុចមួយចំនួនដែលធ្វើឱ្យអង្គការសង្គមស៊ីវិលហ្នឹង យើងមានការព្រួយបារម្ភ ហើយដែលយើងយល់ឃើញថានឹងធ្វើឱ្យប៉ះពាល់ទៅដល់ស្តង់ដារនៃច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ដែលយើងបានព្រមព្រៀងគ្នាពីដើម។ អ៊ីចឹងហើយបានយើងទទូចមានការបន្តនូវការបើកឱកាសឱ្យមានការចូលរួមពីអង្គការសង្គមស៊ីវិលហ្នឹង។ […] អ៊ីចឹងហើយសូមឱ្យក្រសួង ក៏ដូចជាទីស្តីការគណៈរដ្ឋមន្ត្រី លោកបើកចិត្តទូលាយ ដើម្បីទទួលឱ្យមានការចូលរួមផ្តល់យោបល់ ហើយនឹងពិនិត្យមើលឡើងវិញ ចំពោះខ្លឹមសារនៃសេចក្តីព្រាងនៅក្នុងពេលបច្ចុប្បន្នហ្នឹង»។
សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន មាន៩ជំពូក ៣៧មាត្រា ត្រូវបានផ្តួចផ្តើមឱ្យមានកិច្ចពិភាក្សានិងពង្រាងជាច្រើនឆ្នាំមកហើយ ដោយមានការចូលរួមផ្តល់យោបល់ពីអង្គការយូណេស្កូ (UNESCO) វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ (API) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងអង្គការតម្លាភាពកម្ពុជា (TI) ជាដើម។
តែយ៉ាងណា អង្គការសង្គមស៊ីវិល និងអ្នកធ្វើការលើវិស័យសារព័ត៌មាន កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ បានចេញលិខិតចំហរួមគ្នាមួយទាមទារឱ្យរដ្ឋាភិបាលលុបចោលចំណុច៧ មាត្រា២០ នៃច្បាប់នេះ ដោយថា ចំណុចនោះមានន័យទូលំទូលាយពេក និងខ្វះនូវភាពជាក់លាក់ក្នុងការលាតត្រដាងព័ត៌មានសាធារណៈ។
ចំណុច៧ មាត្រា២០ ក្នុងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ចែងថា «ព័ត៌មានសម្ងាត់ដទៃទៀតដែលស្ថិតក្នុងបទប្បញ្ញត្តិត្រូវហាមឃាត់» ដែលមានន័យថា ព័ត៌មានសម្ងាត់ដែលមានចែងក្នុងច្បាប់ផ្សេងៗត្រូវបានហាមឃាត់ក្នុងការបញ្ចេញទៅឱ្យអ្នកដែលស្នើសុំ។
គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី «សិទ្ធិទទួលព័ត៌មាន» ត្រូវបានអនុញ្ញាតឱ្យតាក់តែងនៅឆ្នាំ២០១៣ ដោយមានក្រសួងព័ត៌មានជាអ្នកទទួលបន្ទុក។ ច្បាប់នេះមានគោលបំណងធានាឱ្យសាធារណជនគ្រប់រូបនូវសិទ្ធិសេរីភាពក្នុងការទទួលព័ត៌មានពីស្ថាប័នសាធារណៈដោយស្របទៅតាមរដ្ឋធម្មនុញ្ញកម្ពុជា៕