ប្រទេសម៉ាឡេស៊ី នៅថ្ងៃនេះ បន្តលើកយកបញ្ហាជនជាតិរ៉ូហ៊ីងយ៉ា ដែលនាំឲ្យម៉ាឡេស៊ីនៅតែជាប្រទេសនាំមុខគេ ក្នុងការរិះគន់ទៅលើប្រទេសភូមា ចំពោះអំពើហិង្សាទៅលើជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា នៅរដ្ឋរ៉ាក់ឃីន។ នេះដោយយោងតាមការផ្សាយរបស់សារព័ត៌មាន Channel News Asia។
ក្រសួងការបរទេសម៉ាឡេស៊ី បានលើកឡើងថា ម៉ាឡេស៊ីនឹងអនុញ្ញាតឲ្យមានក្បួនដង្ហែសាមគ្គីភាពថ្ងៃទី០៤ ខែធ្នូ ដោយសារម៉ាឡេស៊ីមើលឃើញថា មានវិបត្តមនុស្សធម៌នៅក្នុងចំណោមជនជាតិរ៉ូហ៊ីងយ៉ា។ ក្បួនដង្ហែនោះ ក៏នឹងមានការចូលរួមពីលោកនាយរដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ ផងដែរ។
លោក អ៊ូ ហ្សាវតាយ (U Zaw Htay) អនុប្រធានខុទ្ទកាល័យប្រធានាធិបតីភូមា បានរំលឹកទៅដល់ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃម្សិលមិញថា យោងតាមគោលការណ៍អាស៊ាន ប្រទេសសមាជិកមួយ មិនលូកលាន់កិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិកមួយទៀតនោះឡើយ ហើយសង្ឃឹមថា ប្រទេសជិតខាងភូមានឹងបន្តដើរតាមគោលការណ៍នេះ។
មន្ត្រីភូមាបានបន្ថែមថា ការតវ៉ារបស់ម៉ាឡេស៊ី ហាក់ដូចជាការសម្រេចចិត្តខាងនយោបាយ ដើម្បីទទួលបានការគាំទ្រពីសាធារណជនម៉ាឡេស៊ី ហើយមិនពាក់ព័ន្ធនឹងភូមានោះឡើយ។
ជាការឆ្លើយតបទៅវិញ ក្រសួងការបរទេសម៉ាឡេស៊ី បាននិយាយថា ជាអ្នកជិតខាងនឹងគ្នា និងជាសមាជិកនៃសហគមន៍អន្តរជាតិ វាជាកាពត្វកិច្ចម៉ាឡេស៊ី ដើម្បីធានាថា មិត្តអាស៊ានរបស់ខ្លួន ប្រកាន់យកជំហានដ៏សកម្មក្នុងការទប់ស្កាត់បញ្ហានេះ មិនឲ្យធ្លាក់ទៅកាន់តែអាក្រក់៕