រុស្ស៊ី​ទំនង​ជា​ពឹងផ្អែក​លើ​ប្រទេស​ចំនួន​៣ ខណៈ​ខ្លួន​កំពុង​ខ្វះ​អាវុធ​ប្រើ​ប្រាស់​សម្រាប់​សង្គ្រាម​នៅ​អ៊ុយក្រែន

ទាហាន​រុស្ស៊ី​ម្នាក់ឈរ​ក្បែរ​រថយន្តចល័ត​ដើម្បីជ្រើសរើសទាហានជាប់កិច្ចសន្យា​ដែល​ខ្លួនហៅ​ថា​ជា «ប្រតិបត្តិការយោធាពិសេស» ក្នុង​ក្រុង Rostov-on-Don ប្រទេស​រុស្ស៊ី ថ្ងៃទី១៧ ខែ​កញ្ញា ឆ្នាំ២០២២។ (REUTERS/Sergey Pivovarov)

រុស្ស៊ីទំនងជាកំពុងពឹងផ្អែកលើសព្វាវុធពីសម្ពន្ធមិត្តរបស់ខ្លួន រួមមាន ប្រទេសបេឡារុស អ៊ីរ៉ង់ និង​កូរ៉េ​ខាង​ជើង ខណៈក​ងក​ម្លាំង​របស់ខ្លួន​កំពុងខ្វះអាវុធប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយ​​ក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន NHK

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Putin) បានបើកកិច្ចប្រជុំមួយកាលពីថ្ងៃពុធ [ទី២ ខែវិច្ឆិកា ឆ្នាំ២០២២] ស្តីពីតម្រូវការរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី។

លោក ពូទីន បាននិយាយថា៖​ «ចំពោះសម្ភារបរិក្ខារ ឬឧបករណ៍ទាំងអស់ យើងត្រូវស្ដាប់អ្នកដែលប្រើប្រាស់វា និងយល់ពីរបៀបដែលឧបករណ៍ទាំងនោះដំណើរការ និងថាតើឧបករណ៍ទាំងនោះត្រូវបានប្រើប្រាស់ចំគោលដៅដែរឬទេ»។

លោក​​ក៏បានបន្ថែមថា «សព្វាវុធ» ត្រូវការកែលម្អជាប្រចាំ ​​ដើម្បីឱ្យវា​នៅ​តែ​មាន​ប្រសិទ្ធភាព។

មនុស្សមួយចំនួននៅក្នុងប្រទេសរុស្ស៊ី បានរិះគន់សព្វាវុធរបស់យោធារុស្ស៊ីថាមិន​គ្រប់គ្រាន់ ចាស់ និងមិនអាចប្រើប្រាស់បាន។

ក្រសួងការពារជាតិអង់គ្លេស បាននិយាយថា យោធា​រុស្ស៊ីបាន​បាត់​បង់​រថពាស​ដែក​ជាង​៤០គ្រឿង​ក្នុងមួយថ្ងៃ នៅពាក់កណ្ដាលខែមុន ដោយសារតែការវាយបករបស់អ៊ុយក្រែន។

ក្រសួងនេះបានលើកឡើងទៀតថា ប្រទេសរុស្ស៊ីប្រហែលជាបានទិញរថក្រោះយ៉ាងហោចណាស់១០០​គ្រឿងពីប្រទេសបេឡារុស ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ហើយ​ថា​រុស្ស៊ីកំពុង​ខ្វះអា​វុធ​ប្រើប្រាស់ និងកំពុងពឹងផ្អែកលើសម្ពន្ធមិត្តរបស់ខ្លួន គឺប្រទេសបេឡារុស។

រុស្ស៊ី​ ក៏​ត្រូវ​បាន​គេ​ជឿ​ថា​កំពុង​ប្រើ​ប្រាស់យន្តហោះគ្មានមនុស្សបើក​អត្តឃាត​ដែល​ផលិត​ដោយ​​អ៊ីរ៉ង់ផងដែរ។

វិទ្យាស្ថាន​សិក្សាអំពី​សង្គ្រាម​របស់​អាមេរិក លើកឡើង​​​ថា អ៊ីរ៉ង់​គ្រោង​នឹង​បញ្ជូន​យន្តហោះអត្តឃាត​​​គ្មាន​មនុស្ស​បើក​ និង​ប្រព័ន្ធ​​មីស៊ីល​ផ្លោង​បន្ថែមទៀតទៅឱ្យរុស្ស៊ី។

វិទ្យាស្ថាននេះបន្ថែមទៀតថា ប្រទេសរុស្ស៊ី «ទំនងជាពឹងផ្អែកកាន់តែច្រើនឡើងលើអាវុធរបស់អ៊ីរ៉ង់»។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែហ្គេ ឡាវរ៉ូវ (Sergei Lavrov) បាននិងកំពុងព្យាយាមពង្រឹងទំនាក់​ទំនងជាមួយអ៊ីរ៉ង់។ លោកបានសន្ទនាតាមទូរសព្ទជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់ លោក ហូសេន អាមៀរ អាប់ឌុលឡាហៀន (Hossein Amir-Abdollahian)

ទោះយ៉ាងណា ​ប្រទេស​ទាំង២ ​បដិសេធ​រាល់​កិច្ចសហប្រតិបត្តិការ​យោធា​ចំ​ពោះសង្រ្គាមនៅអ៊ុយក្រែន។

អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន សម្រាប់ទំនាក់ទំនងជាយុទ្ធសាស្ត្រ លោក ចន ឃឺប៊ី (John Kirby) បាននិយាយថា ប្រទេសកូរ៉េខាងជើងកំពុងព្យាយាមបិទបាំងការផ្គត់ផ្គង់សព្វាវុធទៅឱ្យរុស្ស៊ី។ លោក​​ថា សហរដ្ឋ​អាមេរិក​កំពុងតាម​ដានករណីនេះ។

ទោះយ៉ាងណា ភាគីកូរ៉េខាងជើង បានបដិសេធចំពោះការចោទប្រកាន់នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ