អង្គការសារព័ត៌មានក្នុងបណ្ដាប្រទេសអាស៊ានចំនួន៥ បានជួបពិភាក្សា និងស្វែងរកគោលដៅរួមគ្នា ដើម្បីសហប្រតិបត្តិការ និងការការពារសេរីភាពសារព័ត៌មាននៅក្នុងតំបន់មួយនេះ។
សិក្ខាសាលាអង្គការសារព័ត៌មានថ្នាក់តំបន់ បានរៀបចំនៅថ្ងៃចន្ទ ដោយមានស្ថាប័នអង្គការសមាគមសារព័ត៌មានចំនួន៦ មកពី៥ប្រទេស ដូចជា កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ទីម័រលេស្ត និងហ្វីលីពីន ធ្វើឡើងក្នុងគោលបំណងរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមានទៅលើអ្នកសារព័ត៌មាន។
នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (CamboJa) លោក ណុប វី បានលើកឡើងថា នៅបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ប្រព័ន្ធផ្សព្វផ្សាយបានជួបបញ្ហាប្រឈមស្រដៀងៗគ្នា។ ជាក់ស្ដែង មេដឹកនាំប្រទេសភូមា និងប្រទេសថៃ មិនមែនជាមេដឹកនាំបែបស៊ីវិលនោះទេ ហើយអនាគតប្រទេសកម្ពុជាក៏ស្រដៀងគ្នានេះដែរ។ ដូច្នេះដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសណាមួយបាន គឺទាមទារឱ្យមានការដោះស្រាយថ្នាក់តំបន់ផងដែរ។
លោកថា៖ « អ៊ីចឹងបានជាខ្ញុំនិយាយថា វាមិនមែនតែជាបញ្ហានៅក្នុងប្រទេស ហើយក៏ជាបញ្ហានៅថ្នាក់តំបន់ដែរ។ ដូច្នេះដើម្បីដោះស្រាយបញ្ហាថ្នាក់តំបន់ ដើម្បីដោះស្រាយបញ្ហានៅប្រទេសណាក៏ដោយ យើងត្រូវដោះស្រាយកម្រិតតំបន់ជាមុន»។
លោក ណុប វី ក៏បានបន្ថែមដែរថា ទោះបីជាកម្ពុជាមិនមានករណីឃាតកម្មទៅលើអ្នកសារព័ត៌មាន ចាប់តាំងពីសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៩ក្ដី តែជាការកត់សម្គាល់ ចំនួនអ្នកសារព័ត៌មានដែលត្រូវបានយាយី គំរាមកំហែង ចោទប្រកាន់ បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាឧទាហរណ៍ កាលពីឆ្នាំ២០២១ សមាគមរបស់លោកបានរកឃើញថា អ្នកសារព័ត៌មានចំនួន ៩៣នាក់ ត្រូវបានគេចោទប្រកាន់ ឃាត់ខ្លួន និងជាប់ពន្ធនាគា ដោយមានការចោទប្រកាន់តាមក្រមព្រហ្មទណ្ឌ។
ចំណែកបញ្ហាមួយទៀត នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា អះអាងថា កម្ពុជាមិនទាន់អនុម័តច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ដែលធ្វើឱ្យពិបាកទទួលបានប្រភពព័ត៌មានពីស្ថាប័នរដ្ឋ និងមានបញ្ហាជាច្រើនទៀត។
លោក ណុប វី ក៏បានបន្ថែមថា អង្គការមកពីប្រទេសទាំង៥នេះនឹងចុះកិច្ចព្រមព្រៀងមួយ ដើម្បីតស៊ូមតិ និងរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់អាស៊ាននេះ។
លោកថា៖ «ខ្ញុំគិតថា កិច្ចសហការនេះនឹងជាយន្តការមួយទៅហើយ ហើយយើងឆ្លើយតបចំពោះបញ្ហាដែលកើតមាន ដែលអ្នកសារព័ត៌មានជួបប្រទះ។ ក្រោយពីកិច្ចសហការនេះ យើងក៏បានព្រមព្រៀង និងចុះ MOU របស់យើងនៅល្ងាចនេះផងដែរ»។
ចំណែកអគ្គលេធិការនៃសម្ព័ន្ធអ្នកសារព័ត៌មានឯករាជ្យ (The Alliance Journalist Independent) ប្រចាំប្រទេសឥណ្ឌូនេស៊ី លោកស្រី Ika Ningtyas ក៏បានលើកឡើងដែរថា ច្បាប់សារព័ត៌មាននៅប្រទេសឥណ្ឌូនេស៊ី បានបង្កើតឡើងអស់រយៈពេល២០ឆ្នាំមកហើយ តែរដ្ឋាភិបាលបានបង្កើតច្បាប់ផ្សេងៗបន្ថែមទៀត ដែលធ្វើឱ្យសេរីភាពសារព័ត៌មានកាន់តែរួមតូចទៅៗ។
លោកស្រីបន្តថា បណ្ដាប្រទេសអាស៊ានមួយចំនួនក៏មានបញ្ហាដូចគ្នាដែរ ហើយស្ថាប័នសារព័ត៌មានដែលជួបជុំគ្នាពេលនេះ ត្រូវធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាទាំងនោះឱ្យកាន់តែប្រសើរ។
លោកស្រីថា៖ «រដ្ឋាភិបាលប្រទេសអាស៊ានបង្កើតឱ្យមានច្បាប់ដែលមានលក្ខណៈស្មុគស្មាញកាន់តែច្រើនឡើងៗ ឧទាហរណ៍ដូចជាច្បាប់ព្រហ្មទណ្ឌឥណ្ឌូនេស៊ី កម្ពុជា ម៉ាឡេស៊ី ច្បាប់ព្រហ្មទណ្ឌថ្មីហ្នឹងពាក់ព័ន្ធទៅនឹង[សេរីភាពសារព័ត៌មាន]»។
អ្នកស្រីបន្ថែមថា ដើម្បីធ្វើការរួមគ្នាបាន ទាមទារឱ្យមានយន្តការសំខាន់ៗ រួមមាន ការកសាងសមត្ថភាពរបស់អ្នកសារព័ត៌មានទាំងរូបវន្ត និងឌីជីថល បណ្ដុះបណ្ដាលអ្នកសារព័ត៌មានឱ្យមានជំនាញក្នុងការត្រៀមការពារពីហានិភ័យផ្សេងៗ និងធ្វើយ៉ាងណាឱ្យម្ចាស់ក្រុមហ៊ុនព័ត៌មានទាំងនោះបន្ថែមការពារទៅលើបុគ្គលិករបស់គេ។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានគាំទ្រចំពោះការលើកឡើងជុំវិញការលើកកម្ពស់ និងការពារដល់អ្នកសារព័ត៌មានវិជ្ជាជីវៈ។ លោកបន្ថែមថា រដ្ឋាភិបាលកម្ពុជាបានធ្វើឱ្យប្រសើរឡើងនូវសេរីភាពសារព័ត៌មាន តាមរយៈយន្តការច្បាប់ជាតិ និងអន្តរជាតិ ហើយស្ថាប័នសារព័ត៌មានបានកើនឡើងជារៀងរាល់ឆ្នាំផងដែរ។
លោកបន្តថា៖ «តាមរយៈការប្ដេជ្ញាចិត្តដ៏មុតមាំនេះ បច្ចុប្បន្នវិស័យព័ត៌មាននៅកម្ពុជាមានការរីកចម្រើនជាលំដាប់។ ជាក់ស្ដែង មធ្យោបាយ និងវិសាលភាព និងការផ្សព្វផ្សាយ កាន់តែសម្បូរបែប និងគ្របដណ្ដប់គ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា និងពិភពលោក»។
របាយការណ៍របស់អង្គការអ្នកកាសែតគ្មានព្រំដែន ចេញផ្សាយកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ បង្ហាញថា សេរីភាពសារព័ត៌មានកម្ពុជា ឆ្នាំ២០២២ នៅតែអាក្រក់ដដែល ពោលគឺស្ថិតនៅលេខរៀងទី១៤២ លើ១៨០ប្រទេសនិងដែនដីនៅលើពិភពលោក។ ចំណាត់ថ្នាក់នេះបង្ហាញដែរថា សេរីភាពសារព័ត៌មាននៅកម្ពុជាបានបន្តធ្លាក់ចុះជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨មក ពោលគឺនៅមិនទាន់មានភាពប្រសើរឡើងវិញនៅឡើយ។
កាលពីដើមខែសីហា ឆ្នាំ២០២២ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានចេញរបាយការណ៍មួយដោយរកឃើញថា លំហពលរដ្ឋ និងសេរីភាពខាងសារព័ត៌មាន នៅតែជាគោលដៅនៃការវាយប្រហារ និងរឹតត្បិតខ្លាំងពីរដ្ឋាភិបាលកម្ពុជា ដូចមុនដដែល។
របាយការណ៍ដដែលបន្ថែមថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ រដ្ឋាភិបាលបានអនុម័តយ៉ាងសកម្មនូវច្បាប់ដែលមានអំណោយផល ក្នុងការផ្ដល់អំណាចដល់អាជ្ញាធរក្នុងការរឹតបន្តឹងលើអ្នកសារព័ត៌មាន និងអ្នកផ្សេងទៀត ឱ្យស្ថិតនៅក្រោមការឃ្លាំមើល ជាពិសេសពង្រីកសមត្ថភាពរបស់រដ្ឋាភិបាល ដើម្បីកាត់បន្ថយការងារប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពក្នុងការបញ្ចេញមតិតាមរយៈតុលាការ៕