សាញ់ញាតិ​ទាហាន​ជើងទឹក​ថៃ​ដែល​បាត់ខ្លួន​ក្នុង​សមុទ្រ​បង្ហាញ​ក្ដី​អស់​សង្ឃឹម ខណៈ​ការស្វែងរក​បន្តធ្វើឡើង

សមាជិកនាវិកពីនាវាចម្បាំង HTMS Sukhothai ដែលបានលិចនៅឈូងសមុទ្រថៃ ទទួលការសង្គ្រោះនិងព្យាបាល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។ (REUTERS)

សាច់ញាតិ​របស់​ទាហាន​ជើង​ទឹកថៃដែលបាត់ខ្លួន​បន្ទាប់​ពី​នាវា​ចម្បាំងមួយគ្រឿង​បានលិចចូលទៅក្នុងឈូងសមុទ្រ​ថៃ ហាក់បង្ហាញជាក្ដីអស់សង្ឃឹមនៅថ្ងៃពុធនេះ បើ​ទោះបី​ជា​ក្រុម​ជួយ​សង្គ្រោះបា​ន​ពង្រីក​​ប្រតិបត្តិការ​ស្វែងរកក្នុងតំបន់ផ្សេងទៀតក៏ដោយ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២២។

ហេតុការណ៍លិច​នាវានេះកើតឡើង​បន្ទាប់ពីមានខ្យល់​បក់​ខ្លាំង ដោយ​ទឹក​​រលក​​បាន​​បោក​ចូល​នាវា ដែល​បណ្តាលឱ្យខូចដល់​ប្រព័ន្ធ​​អគ្គិសនី និង​ថាមពលសំខាន់ៗ។

ទាក់ទិន​នឹង​ករណី​នេះ នាវាកងទ័ពជើងទឹកចំនួន៤គ្រឿង និងឧទ្ធម្ភាគចក្រ ៦គ្រឿង ក៏ត្រូវបានបញ្ជូនដើម្បីស្វែងរកអ្នកបាត់​ខ្លួន​នៅខេត្ត​ប្រាជួប​គិរី​ខ័ន (Prachuap Khiri Khan) ភាគខាងត្បូងនៃទីក្រុងបាង​កក​ ផង​ដែរ។

ទោះជា​យ៉ាង​ណា គិតរហូតមកដល់ពេលនេះ ក្នុងចំណោមអ្នក​ដែល​បាត់​ខ្លួន​ចំនួន ៣០​នាក់ ក្នុង​នោះមានតែ​ម្នាក់​ប៉ុណ្ណោះដែល​ត្រូវ​បាន​រក​ឃើញ​នៅ​មាន​ជីវិត ខណៈ៦នាក់​ផ្សេងទៀតត្រូវ​បាន​ប្រទះ​ឃើញស្លាប់។

ថ្លែងប្រាប់​ទូរទស្សន៍​ក្នុង​ស្រុក​មួយ អ្នកនាំពាក្យកងទ័ពជើងទឹក លោក Pogkrong Monthardpalin បានឱ្យដឹង​ថា៖ «យើងរំពឹងថានឹងអាចរកឃើញ [អ្នកដែលបាត់ខ្លួន] ប៉ុន្តែយើងមិនអាចទស្សន៍ទាយបានថាតើអ្នកទាំងនោះនឹងនៅរស់រានមានជីវិត ឬយ៉ាងណានោះទេ»។

គួរបញ្ជាក់ថា​ នាវា​ចម្បាំង HTMS Sukhothai បានលិចកាលពីយប់​រំលងអធ្រាត្រឈាន​ចូលថ្ងៃចន្ទដើម​សប្តាហ៍នេះ ដែល​មាន​​ចម្ងាយ​ជាង​​៣០​​គីឡូ​ម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ ដែលបណ្ដាលឱ្យ​មនុស្ស ៣០​នាក់ ក្នុងចំណោម ១០៥នាក់​នៅ​លើ​នាវា​ បាត់​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ