អភិបាលរងខេត្តកែប ដែលត្រូវបានដកពីតំណែង នៅតែបន្តរត់គេចខ្លួននៅឡើយ បន្ទាប់ពីមានបណ្ដឹងនៅតុលាការ ពីបទប្រើអំពើហិង្សាលើស្រ្តីម្នាក់បណ្ដាលឱ្យបែកក្បាល ក្នុងពិធីជប់លៀងមួយកាលពីចុងខែធ្នូ ឆ្នាំ២០២២។
អតីតអភិបាលរងខេត្តកែប លោក ភូ លិ ត្រូវបានចោទប្រកាន់ថាបានប្រើអំពើហិង្សាលើស្រ្តីម្នាក់បណ្តាលឱ្យរងរបួសបែកក្បាលក្នុងពិធីជប់លៀងមួយ ហើយករណីនេះត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញអនុក្រឹត្យដកតំណែងអភិបាលរងខេត្តរូបនោះ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។
អ្នកនាំពាក្យសាលាដំបូងខេត្តកែប លោក សឿន មុនីរ័ត្ន មានប្រសាសន៍ថា ការិយាល័យព្រះរាជអាជ្ញាបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះពីអំពើហិង្សានេះ ហើយថា ព្រះរាជអាជ្ញាមិនទាន់បានចោទប្រកាន់បឋមនៅឡើយ។ លោកបានបន្ថែមថា សមត្ថកិច្ចបានបញ្ជូនសំណុំរឿងនេះទៅតុលាការ ក្រោមការចោទប្រកាន់ពីបទបង្ករបួសស្នាម និងហិង្សាដោយចេតនា។
លោក សឿន មុនីរ័ត្ន មានប្រសាសន៍កាលពីថ្ងៃអង្គារថា៖ «យើងនឹងរង់ចាំមើលថាតើឯកឧត្តមព្រះរាជអាជ្ញានឹងចាត់វិធានការបែបណា ព្រោះយើងទើបតែទទួលបានសំណុំរឿងពីនគរបាលយុត្តិធម៌កាលពីម្សិលមិញ»។
លោកបានបញ្ជាក់ថា លោក ភូ លិ បានរត់គេចខ្លួនពីកន្លែងកើតហេតុ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ហើយរហូតមកដល់រសៀលថ្ងៃអង្គារ [ទី៣ ខែមករា ឆ្នាំ២០២៣] សមត្ថកិច្ចនៅមិនទាន់ស្វែងរកលោក ភូ លិ ឃើញនៅឡើយទេ។
យោងតាមសារព័ត៌មាន Fresh News បានឱ្យដឹងថា ស្ត្រីរងគ្រោះ គឺជាមន្ត្រីសាខាពន្ធដារ ឈ្មោះ ខូវ ហ៊ុយឡាំង ដែលបានព្យាយាមឃាត់លោក ភូ លិ ពីការបៀតបៀនស្ត្រីម្នាក់ទៀត។ ខណៈអ្នកស្រី ខូវ ហ៊ុយឡាំង ងើបចេញពីតុ លោក ភូ លិ បានយកកែវគប់ទៅលើអ្នកស្រីចំថ្ងាសលើភ្នែកខាងស្តាំ។
វីអូឌី ព្យាយាមទាក់ទងលោក ភូ លិ តាមទូរសព្ទ និងទំព័រហ្វេសប៊ុករបស់លោកចំនួនពីរ ដែលមានការបង្ហោះថ្មីៗកាលពីសប្តាហ៍មុន ប៉ុន្តែពុំមានការឆ្លើយតប។
អ្នកនាំពាក្យរដ្ឋបាលខេត្តកែប លោកស្រី អ៊ុល ភីរុណ បានបដិសេធធ្វើអត្ថាធិប្បាយកាលពីថ្ងៃអង្គារ ហើយបានបង្វែរសំណួរទៅអភិបាលរងខេត្តម្នាក់ទៀត គឺលោក អ៊ឹម បញ្ញារិទ្ធ តែមិនអាចទាក់ទងបានឡើយ។ លោក ឈុន ច័ន្ទវ៉ាន់ថុន ប្រធានរដ្ឋបាលខេត្តកែប មិនបានលើកទូរសព្ទជាច្រើនដង កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ។
លោកស្រី ប៊ុន រចនា នាយិកាអង្គការក្លាហាន បានស្វាគមន៍ចំពោះចំណាត់ការដកលោក ភូ លិ ចេញពីតំណែង ប៉ុន្តែលោកស្រីថា នេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។ លោកស្រីបានជំរុញដល់តុលាការ និងសមត្ថកិច្ច ចាត់វិធានការទៅតាមផ្លូវច្បាប់ ដើម្បីនាំខ្លួនជនសង្ស័យយកមកផ្តន្ទាទោស ដោយមិនចាំបាច់រង់ចាំពាក្យបណ្តឹងពីជនរងគ្រោះ។
លោកស្រី ប៊ុន រចនា បានមានប្រសាសន៍ថា៖ «ចំពោះបទល្មើសជាក់ស្តែងបែបនេះ ទោះបីជនរងគ្រោះមិនហ៊ានដាក់ពាក្យបណ្តឹងក៏ដោយ ក៏ព្រះរាជអាជ្ញា និងនគរបាលយុត្តិធម៌នៅមូលដ្ឋាន ឬមន្ត្រីនគរបាលយុត្តិធម៌នៅមន្ទីរកិច្ចការនារីខេត្ត អាចដើរតួនាទីជាដើមបណ្តឹង និងដាក់ពាក្យបណ្តឹងទៅតុលាការបាន ហើយជនរងគ្រោះអាចដាក់ពាក្យបណ្តឹងទាមទារសំណងផ្សេងៗ»។
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Fired Kep Deputy Governor Absconding After Assaulting Woman