អ៊ីរ៉ង់កាត់ទោសប្រហារជីវិតអតីតអនុរដ្ឋមន្ត្រីក្រសួងការពារជាតិដែលមានសញ្ជាតិអង់គ្លេសពីបទចារកម្ម

ទង់ជាតិ​អ៊ីរ៉ង់ ​ត្រូវ​បាន​គេ​ថត​នៅ​ពី​មុខ​អគារ​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់ ​ក្នុង​ក្រុង Tehran​ ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០០៩។ (REUTERS/Morteza Nikoubazl (IRAN POLITICS))

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បាន​រាយការណ៍ថា អ៊ីរ៉ង់​បាន​កាត់​ទោស​ប្រហារ​ជីវិ​តអតីត​អនុរដ្ឋ​មន្ត្រីក្រសួងការពារជាតិ​អ៊ីរ៉ង់ម្នាក់ ដែល​មាន​សញ្ជាតិ​ពីរគឺ​ អ៊ីរ៉ង់-អង់គ្លេស ពីបទ​ «លួចយកការណ៍​ឱ្យអង់​គ្លេស»។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នេះ។

អង់គ្លេសបានហៅការកាត់ទោសប្រហារជីវិត​លោក អាលីរ៉េហ្សា អាបារី (Alireza Akbari) ថាមានហេតុផលនយោបាយ ហើយបានអំពាវនាវឱ្យដោះលែងជាបន្ទាន់។

លោក អាលីរ៉េហ្សា អាបារី (Alireza Akbari) មានទំនាក់ទំនងជិតស្និទ្ធជាមួយលោក អាលី ហ្សាមខានី (Ali Shamkhani) ដែលបច្ចុប្បន្នជាលេខានៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ និងបានបម្រើការជារដ្ឋមន្ត្រីក្រ​សួងការពារជាតិអ៊ីរ៉ង ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៥ នៅពេលដែលលោក អាលីរ៉េហ្សា អាបារី (Alireza Akbari) មានតួនាទីជាអនុរដ្ឋមន្ត្រីក្រសួងការ​ពារជាតិអ៊ីរ៉ង់។

ក្រសួងស៊ើបការណ៍សម្ងាត់របស់អ៊ីរ៉ង់ បានលើកឡើង​ថា៖ «លោក អាលីរ៉េហ្សា អាបារី គឺ​ជាភ្នាក់ងារដ៏សំខាន់មួយនៃសេវាស៊ើបការណ៍​សម្ងាត់​អង់​គ្លេស​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ដែល​បាន​ចូល​ទៅ​កាន់មជ្ឈ​​មណ្ឌលរក្សាទុកឯកសារសម្ងាត់មួយចំនួន​របស់​អ៊ីរ៉ង់»។

ក្រសួងនេះ​បន្ថែម​ថា៖ «លោក អាលីរ៉េហ្សា អាបារី បាន​លួចផ្ត​ល់​ព័ត៌មានដល់សេវាចារកម្មរបស់​សត្រូវ»។

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ជេមស៍ ក្លេវឺលី (James Cleverly) បានអំពាវនាវឱ្យមានការដោះលែងលោក អាលីរ៉េហ្សា អាបារី (Alireza Akbari)

លោក ជេមស៍ ក្លេវឺលី (James Cleverly) បានសរសេរនៅលើបណ្តាញ Twitter ថា៖ «អ៊ីរ៉ង់ត្រូវតែបញ្ឈប់​ការ​ប្រហារ​ជីវិត​លោក អាលី​រ៉េហ្សា អាបារី និង​ដោះលែងលោក​ជាបន្ទាន់។ នេះ​ជា​ទង្វើដែលមានហេតុផលនយោបាយ​ដោយ​របប​ព្រៃផ្សៃ​ ដែល​មិន​យក​ចិត្ត​ទុក​ដាក់​ទាំងស្រុង​ចំពោះ​ជីវិត​មនុស្ស»។

លោក អាលីរ៉េហ្សា អាបារី (Alireza Akbari) ដែលត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០១៩ មានទំនាក់ទំនង​ជិតស្និទ្ធជាមួយលោក អាលី ហ្សាមខានី (Ali Shamkhani) ចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់ និងអ៊ីរ៉ាក់ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០។

ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Nournews ដែលមានទំនាក់ទំនងជាមួយទីភ្នាក់ងារ​សន្តិសុខកំពូលរបស់ប្រទេសនេះ បានរាយការណ៍ថា ការកាត់ទោសប្រហារជីវិតលោក អាលីរ៉េហ្សា អាបារី (Alireza Akbari) ត្រូវបានធ្វើឡើងដោយតុលាការកំពូលរបស់ប្រទេសអ៊ីរ៉ង់។

អ្នកនាំពាក្យការិយាល័យការបរទេសរបស់អង់គ្លេស បានលើកឡើង​ថា៖ «អាទិភាព​របស់​យើង​ គឺធានា​ឱ្យ​មាន​ការ​ដោះ​លែង​លោក អាលីរ៉េហ្សា អាបារី ជា​បន្ទាន់ ហើយ​យើង​បញ្ជាក់​ជា​ថ្មី​នូវ​សំណើរបស់​យើង​ ដើម្បីឱ្យស្ថានកុងស៊ុលអាចធ្វើការលើករណីនេះ»។

អ៊ីរ៉ង់ ដែលមានជម្លោះជាមួយមហាអំណាចលោកខាងលិច រួម​ទាំង​អង់​គ្លេស ជុំវិញ​អ្វី​ដែល​ខ្លួនហៅថា​ជា​ការ​ជ្រៀត​ជ្រែក​ក្នុង​បញ្ហាផ្ទៃក្នុង​របស់​ខ្លួន ក្នុងអំឡុងពេលនៃការតវ៉ាប្រឆាំងរដ្ឋាភិបាលប៉ុន្មានខែមកនេះ មិនទទួលស្គាល់ស្ថានភាពសញ្ជាតិពីររបស់នរណាម្នាក់ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ