សង្គមស៊ីវិលដែលសកម្មលើការងារសិទ្ធិជាមូលដ្ឋានជាង២០ស្ថាប័ន ស្នើរដ្ឋាភិបាលពន្លឿនការអនុម័ត «សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន» នាជំនួបជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី១៤ ខែមករា ខាងមុខនេះដើម្បីលើកកម្ពស់សេវាសាធារណៈ និងការអភិវឌ្ឍដោយចីរភាព។
ការស្នើនេះធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិលចំនួន២៤ស្ថាប័ន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ។ អង្គការទាំងនោះមានដូចជា អង្គការតម្លាភាពកម្ពុជា មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ខុមហ្វ្រែល និងអាដហុក ជាដើម។
សេចក្តីថ្លែងការណ៍នោះបានលើកឡើងថា បច្ចុប្បន្ននេះ ប្រជាជនកម្ពុជានៅមានកង្វល់អំពីការទទួលបានព័ត៌មានសាធារណៈនៅឡើយ ព្រោះទាំងរដ្ឋបាលថា្នក់ជាតិ និងថ្នាក់ក្រោមជាតិ នៅមានភាពស្ទាក់ស្ទើរក្នុងការបើកចំហ ឬផ្សព្វផ្សាយព័ត៌មានមួយចំនួន ដោយសារខ្វះខាតធនធាន សមត្ថភាពមានកម្រិត បើទោះជាមានបញ្ញត្តិខ្លះបានកំណត់ពីតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលសាធារណៈ ក្នុងការបើកចំហ ឬផ្សព្វផ្សាយព័ត៌មានក៏ដោយ។
ប្រភពដដែលបន្តថា ការរីករាលដាលនៃកូវីដ-១៩ នាពេលបច្ចុប្បន្ន បានបង្ហាញឱ្យឃើញពីសារៈសំខាន់ និងការអនុវត្តសិទ្ធិទទួលព័ត៌មាន ក្នុងវិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាល ថាមានភាពសកម្ម និងចូលរួមចំណែកក្នុងការលើកកម្ពស់សិទ្ធិទទួលព័ត៌មាននៅកម្ពុជា។
ទោះជាយ៉ាងណាក៏ដោយ ពួកគេថា ដំណើរការនៃការផ្តល់និងទទួលព័ត៌មានសេវាសាធារណៈផ្សេងៗទៀតមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដែលប៉ះពាល់ជាយថាហេតុដល់សិទ្ធិ និងផលប្រយោជន៍នានា ដូចជា កិច្ចសន្យាដីសម្បទាន សេដ្ឋកិច្ច គម្រោងអភិវឌ្ឍន៍ធំៗ គម្រោងលទ្ធកម្មសាធារណៈថ្នាក់ជាតិ បញ្ហាដីធ្លី ការបណ្តេញចេញដោយបង្ខំ និងវិវាទដទៃទៀត។
សេចក្តីថ្លែងការណ៍រួមបញ្ជាក់ថា សង្គមស៊ីវិលទទួលស្គាល់ការខិតខំប្រឹងប្រែងមួយចំនួនរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិទទួលព័ត៌មាន ជាពិសេសនៅថ្នាក់ក្រោមជាតិ តាមរយៈកម្មវិធីមួយចំនួនដូចជា អភិបាលកិច្ចល្អមូលដ្ឋាន ក្របខណ្ឌគណនេយ្យភាពសង្គម ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និង ច្រកចេញចូលតែមួយ ជាដើម។
អង្គការទាំងនោះក៏បានលើកឡើងប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ក្នុងជំនួបជាមួយអ្នកសារព័ត៌មានក្នុងស្រុក លើកទី៣ និងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នាជំនួបជាមួយអ្នកសារព័ត៌មានក្នុងស្រុក លើកទី៤ ពីការធានាឱ្យមានច្បាប់សិទ្ធិទទួលព័ត៌មានក្នុងនីតិកាលទី៦នេះ។ ប៉ុន្តែពួកគេថា មកដល់បច្ចុប្បន្ននេះ សេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មានបានបញ្ចប់ការត្រួតពិនិត្យលើមាត្រាស្តីពីទោសបទប្បញ្ញត្តិពីក្រសួងយុត្តិធម៌ និងបានបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រីវិញហើយ។
ដូច្នេះ ក្នុងជំនួបជាមួយអ្នកសារព័ត៌មានជាលើកទី៥ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ ក្រុមយុវជន ក្រុមមនុស្សចាស់ អង្គការសង្គមស៊ីវិល ក្រុមការងារលើកកម្ពស់សិទ្ធិទទួលព័ត៌មាននៃអង្គការមិនមែនរដ្ឋាភិបាល ស្នើរដ្ឋាភិបាល និងស្ថាប័នសភាជាតិ អនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានឱ្យបានឆាប់ ស្របតាមបទដ្ឋានអន្តរជាតិ និងធានាបាននូវសិទ្ធិសេរីភាពក្នុងការទទួលបានព័ត៌មាន ដើម្បីលើកកម្ពស់សេវាសាធារណៈ និងដំណោះស្រាយបញ្ហាប្រឈមនានាលើគ្រប់វិស័យ។
ក្រៅពីនោះ ពួកគេក៏បានស្នើដល់ក្រសួង មន្ទីរ និងអង្គភាពនានារបស់រដ្ឋ ត្រូវបើកចំហព័ត៌មានសាធារណៈឱ្យបានទូលំទូលាយ ពង្រឹងនិងបង្កើតនូវយន្តការទាំងឡាយ ជាពិសេសយកចិត្តទុកដាក់លើការផ្សព្វផ្សាយតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាថា ប្រជាពលរដ្ឋ ក្រុមយុវជន ជនមានពិការភាព និងជនជាតិដើមភាគតិច ទទួលបាននូវព័ត៌មានពេញលេញ។
ប្រភពដដែលក៏បានស្នើរដ្ឋាភិបាលផ្តល់កិច្ចការពារចំពោះប្រជាពលរដ្ឋគ្រប់រូបដែលបានបង្ហាញនិងចែកចាយនូវព័ត៌មានពិតប្រាកដ ឬព័ត៌មានទាំងឡាយណាដែលបម្រើដល់ប្រយោជន៍សាធារណៈ ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីសិទ្ធិទទួលបានព័ត៌មាន និងលើកទឹកចិត្តប្រជាពលរដ្ឋ ជាពិសេសយុវជនឱ្យចូលរួមក្នុងការស្វែងរកព័ត៌មានសាធារណៈទាំងឡាយដែលពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃ ជាដើម។
សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន មាន៩ជំពូក ៣៧មាត្រា ត្រូវបានផ្តួចផ្តើមឱ្យមានកិច្ចពិភាក្សា និងពង្រាងជាច្រើនឆ្នាំមកហើយ ដោយមានការចូលរួមផ្តល់យោបល់ពីអង្គការយូណេស្កូ (UNESCO) វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ (API) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងអង្គការតម្លាភាពកម្ពុជា (TI) ជាដើម។
សេចក្តីព្រាងច្បាប់ស្តីពី «សិទ្ធិទទួលព័ត៌មាន» ត្រូវបានអនុញ្ញាតឱ្យតាក់តែងនៅឆ្នាំ២០១៣ ដោយមានក្រសួងព័ត៌មានជាអ្នកទទួលបន្ទុក។ ច្បាប់នេះមានគោលបំណងធានាឱ្យសាធារណជនគ្រប់រូបនូវសិទ្ធិសេរីភាពក្នុងការទទួលព័ត៌មានពីស្ថាប័នសាធារណៈដោយស្របទៅតាមរដ្ឋធម្មនុញ្ញកម្ពុជា៕