អ្នកវិភាគនិងអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម យល់ប្រហាក់ប្រហែលគ្នាថា ភាពស្ងៀមស្ងាត់ស្វែងរកអ្នកនៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី មកផ្តន្ទាទោស ពួកគេថាជាសញ្ញាណរីកធំនៃវប្បធម៌និទណ្ឌភាពនៅកម្ពុជា។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមនិងជាអ្នកវិភាគនយោបាយដ៏ល្បីឈ្មោះ លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅកណ្តាលក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
កន្លែងបាញ់សម្លាប់លោក កែម ឡី នោះស្ថិតនៅក្នុងហាងស្តាម៉ាតមួយ ជាប់ស្តុបបូកគោ ដែលបំពាក់ទៅដោយកាមេរ៉ាសុត្ថិភាពស្អេកស្កះ។
ប៉ុន្តែគិតត្រឹមថ្ងៃទី១៦ ខែធ្នូនេះ ការបាញ់សម្លាប់លោក កែម ឡី មានរយពេលជាង៥ខែមកហើយ ដែលជនដៃដល់និងអ្នកនៅពីក្រោយឃាតកម្មនេះ មិនត្រូវបានចាប់ខ្លួនទេ ក្រៅពីជនសង្ស័យម្នាក់ឈ្មោះ «ជួបសម្លាប់»។
អ្នកឯកទេសវិទ្យាសាស្ត្រនយោបាយនិងអភិបាលកិច្ច លោកបណ្ឌិត ចាន់ វិបុល វិភាគថាការដែលអាជ្ញាធរនិងស្ថាប័នយុត្តិធម៌ ខកខានមិនទាន់បានផ្តល់យុត្តិធម៌ជូនលោក កែម ឡី នេះ លោកថាអ្នកពាក់ព័ន្ធដទៃទៀត អាចមានទំនាក់ទំនងជាមួយអ្នកនយោបាយ ដែលលោកថាធ្វើឲ្យសំណុំរឿងដ៏រសើបមួយនេះនៅបន្តជាប់គាំងនៅតុលាការ។
លោកថា៖ «ព្រោះបើមិនមែនជារឿងនយោបាយទេ គឺលឿនណាស់។ យើងមើលរឿងប៉េអឹមម្នាក់ដែលសម្លាប់ស្រីកំណាន់របស់គាត់នៅក្នុងហាងខារ៉ាអូខេ លោកឧត្តមសេនីយខាងផ្នែកកងរាជអាវុធហត្ថហ្នឹងផ្តល់ឲ្យទៅអ្នកតាមរកឃាតករហ្នឹងទៅទៀត។ ប៉ុន្តែអត់ឃើញរដ្ឋាភិបាលប្រកាសថា បើអ្នកណារកឃើញអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ឲ្យលុយមួយម៉ឺនដុល្លារ វាអត់មាន។ អញ្ចឹងបានន័យថារឿងនេះជារឿងនយោបាយទី១។ ទី២ទៀត បើរឿងនេះមិនមែនជារឿងនយោបាយទាំងស្រុងទេ ក៏ឃាតករហ្នឹងទាក់ទងនឹងអ្នកដែលមានអំណាច អ្នកដែលមានលុយ ក្រាសក្រែលហើយ ដែលទាំងអស់នេះអាចបិទភ្នែកចៅក្រមស៊ើបអង្កេត បិទភ្នែកប្រព័ន្ធតុលាការ បិទភ្នែករដ្ឋាភិបាលដែលមានកាតព្វកិច្ចរកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី។ អានេះជារឿងពីរដែលយើងមើលឃើញថារឿងហ្នឹងអាចបំបាត់ឲ្យស្ងាត់»។
លោក ចាន់ វិបុល ឲ្យដឹងដែរថា អយុត្តិធម៌សង្គមបានកើតឡើងច្រើនករណីរយៈពេលច្រើនឆ្នាំមកនេះ ដែលលោកថារដ្ឋាភិបាលនូវមិនទាន់ធ្វើឲ្យគ្រួសារជនរងគ្រោះជឿបានថា អ្នកនៅពីក្រោយឃាតកម្មនោះត្រូវបានគេវែកមុខមកផ្តន្ទាទោសនៅឡើយទេ។
ប៉ុន្តែបើតាមលោក ចាន់ វិបុល បើរដ្ឋាភិបាលនៅតែមិនបង្ហាញពីឆន្ទៈពិតស្វែងរកអ្នកពាក់ព័ន្ធបាញ់សម្លាប់លោក កែម ឡី យកមកទទួលខុសត្រូវចំពោះមុខច្បាប់លោកថា ជាសារមួយទៀតបង្ហាញថាវប្បធម៌នីទណ្ឌភាពកំពុងរីករាលដាលនៅកម្ពុជា។
លោកថា៖ «កន្លែងនេះហើយដែលបញ្ជាក់ច្បាស់ណាស់ថា នីទណ្ឌភាពនៅកម្ពុជា គឺកើតមានគ្រប់ ដែលមិនគ្រាន់តែជាពលរដ្ឋសាមញ្ញទេ មិនត្រឹមតែសមាជិកសភាមកពីគណបក្សមកពីមតិភាគតិច កុំថាអ្នកតស៊ូមតិផ្សេងៗ សូម្បីតែអ្នកគេល្បីក៏មាន។ រហូតដល់ពលរដ្ឋនិងសាធារណមតិរាប់លាននាក់ ដែលឲ្យតម្លៃទៅលើលោកបណ្ឌិត កែម ឡី ហើយលោកត្រូវគេបាញ់សម្លាប់ ក៏អត់អាចរកយុត្តិធម៌។ អញ្ចឹងសូម្បីតែមនុស្សជាវីរបុរសសម្រាប់ជាតិមួយមិនអាចទទួលបានយុត្តិធម៌។ អញ្ជឹងសង្គមហ្នឹងបានបញ្ជាក់ថានីតិរដ្ឋបានកើតគ្រប់ទីកន្លែង»។
ច្រើនឆ្នាំមកនេះ ឃាតកម្មបានកើតឡើងដូចជាការបាញ់សម្លាប់តារាចម្រៀង ពិសិដ្ឋ ពិលីកា ទូច ស៊ុនិច បាញ់សម្លាប់អ្នកការសែតដែលរិះគន់រដ្ឋាភិបាល បាញ់សម្លាប់ អតីតប្រធានសហជីព លោក ជា វិជ្ជា និងបាញ់សម្លាប់អ្នកការពារបរិស្ថាន លោក ឈុត វុទ្ធី ជាដើម។
អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គមនិងនយោបាយ លោក កឹម សុខ លើកឡើងថា ការយឺតយ៉ាវស្វែងរកអ្នកពាក់ព័ន្ធមកផ្តន្ទាទោសនេះ លោកថាលោកមិនហានចោទរដ្ឋាភិបាលថាជាអ្នកនៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី ទេ។ ប៉ុន្តែលោកវិភាគថា ការជាប់គាំងមិនទៅមុខពីជំហានឈានទៅចាប់អ្នកពាក់ព័ន្ធ ដើម្បីផ្តល់យុត្តិធម៌ឲ្យលោក កែម ឡី នេះ លោកថាអាចមកពីរដ្ឋាភិបាល គ្មានឆន្ទៈពិតលើកស្ទួយសេរីភាពបញ្ចេញមតិ តាមបែបប្រជាធិបតេយ្យ ។
លោកថា៖ «ភាពស្ងាត់ស្ងៀមនេះ វាហាក់ដូចជាបង្ហាញពីបំណងរបស់រដ្ឋាភិបាលក្នុងការព្យាយាមសម្លាប់សេរីភាពរបស់ប្រជាពលរដ្ឋទាំងមូលដែលហានបញ្ចេញមតិដូចលោកបណ្ឌិត កែម ឡី អញ្ចឹង។ ចំនុចទី២ ការសម្លាប់លោកបណ្ឌិត កែម ឡី នេះវានៅតែងងឹតឈឹង ហក់ដូចជាឧក្រិដ្ឋកម្មនៃការគំរាមកម្ពុជាទាំងមូល ក្រោមល្បិចកលនៃការរាំងខ្ទប់នៃចរន្តរបស់ពលរដ្ឋ ដែលចប់បង្ហាញសេរីភាព ហើយមិនបម្រើឲ្យពលរដ្ឋ តែវាហាក់ដូចជាទៅបម្រើឲ្យគន្លឺះនៃក្រុមអ្នកនយោបាយបរទេស ដែលគេចង់ឃើញឲ្យកម្ពុជាបែកបាក់និងបាក់ស្បាត នៅក្នុងការបញ្ចេញមតិយោបល់និងការលើកកម្ពស់នៃសេរីភាព ដើម្បីឲ្យមានការផ្លាស់ប្តូរប្រទេសជាតិទៅវិញ»។
លោក កឹម សុខ វិភាគដូចនេះទៀតថា៖ «បើករណីនេះវានៅតែបន្ត នោះមានន័យថា លំហូសេរីភាពនៅប្រទេសកម្ពុជា វារិតត្បិតកាន់តែតូចដែលគេថាសេរីភាពបែបអាស៊ី ម្យ៉ាងស្ថិតនៅក្រោមការឃ្លាំមើលយ៉ាងដិតដល់របស់អ្នកកាន់អំណាច។ មានន័យថាអ្នកណាដែលហ៊ាននិយាយប៉ះពាល់ដល់ដែនអំណាចរបស់គេ អាហ្នឹងគេចាត់វិធានការបែបណាមួយដើម្បីបំភ័យសម្លុត គំរាមកំហែង។ ហើយបើសិនជាបន្តនៅតែរបៀបហ្នឹង ស្ងប់ស្ងាត់អញ្ចឹង មិនរកយុត្តិធម៌ជូនគាត់ ផលប៉ះពាល់របស់រដ្ឋាភិបាល នូវតែមានឈ្មោះថាជាប្រទេសដែលមានឥទ្ធិពលធំ ក្រោមអំពើនីទណ្ឌភាពនៃពួកដែលមានឥទ្ធិពល ប្រើលុយកាក់ អំណាចបែបងងឹតណាមួយ សម្រាប់កាច់ចង្កូត របស់ប្រទេសជាតិហ្នឹង»។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ហៅព្រឹត្តិការណ៍បាញ់សម្លាប់លោក កែម ឡី នោះថាជាអំពើព្រៃផ្សៃនិងបានផ្ញើសារតាមបណ្តាញសង្គមចូលរួមរំលែកទុក្ខគ្រួសារលោក កែម ឡី។
លោក កឹម សុខ ផ្តល់យោបល់ថាមានតែការផ្លាស់ប្តូររបៀបដឹកនាំទេ ទើបមានសង្ឃឹមថាគ្រួសារជនរងគ្រោះ ដែលត្រូវគេបាញ់សម្លាប់នោះ ទទួលបានយុត្តិធម៌។
ចំណែកលោកបណ្ឌិត ចាន់ វិបុល វិញអះអាងថា មានជម្រើស៣ដែលអាចជំរុញឲ្យមានយុត្តិធម៌ដល់គ្រួសារនៃជនរងគ្រោះ គឺការបន្តតស៊ូមតិដោយសន្តិវិធីរបស់មហាជន។ ការជំរុញឲ្យតំណាងរាស្ត្រដែលមានអាសនៈក្នុងសភាបន្តកោះហៅមន្ត្រីពាក់ព័ន្ធទៅសួរដេញដោលក្នុងសភារកឲ្យឃើញពីមូលហេតុពិតប្រាកដ និងការស្វែងរកកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិដែលជាដៃគូពាក់ព័ន្ធ៕