ក្រសួងមហាផ្ទៃ បានបញ្ជាទៅអភិបាលខេត្តកណ្ដាល ឱ្យដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្ដាល។
កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ពលរដ្ឋ ៩នាក់ តំណាងឱ្យពលរដ្ឋ ៦៩គ្រួសារ នៅឃុំព្រែកស្លែង និងឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បាននាំគ្នាដាក់ញត្តិទៅក្រសួងមហាផ្ទៃ ដើម្បីសុំអន្តរាគមន៍ជួយដោះស្រាយទំនាស់ដីធ្លីជាមួយក្រុមហ៊ុន OCIC និង CAIC ដែលទទួលបានសិទ្ធិសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី នៅខេត្តកណ្តាល។
បើតាមញត្តិពលរដ្ឋ គឺពួកគេ ៦៩គ្រួសារនោះបានប៉ះពាល់ក្បាលដី ១២៩ក្បាលដី ឬស្មើទំហំដីសរុបជាង ៨៨ (៨៨០ ៥១២) ម៉ឺនម៉ែត្រការ៉េ។ ក្នុងញត្តិនេះ ពលរដ្ឋបានប្រាប់ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថាក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះ បានប្រើប្រាស់គ្រឿងចក្រឈូសឆាយរំលោភយកដីធ្លីរបស់ពួកគេដែលមានបណ្ណកម្មសិទ្ធិស្របច្បាប់។
ញត្តិដដែលបន្តថា ការដោះស្រាយកន្លងមក គឺអាជ្ញាធរផ្តល់សំណង ១ម៉ែត្រការ៉េ ត្រឹម៨ដុល្លារ ប៉ុណ្ណោះ ដែលការដោះស្រាយនេះ ពលរដ្ឋមិនអាចទទួលយកបាន ដោយសារតិចតួចពេក ខណៈបច្ចុប្បន្ន ដីនៅជាប់តំបន់នោះមានតម្លៃចន្លោះពី ៤០ដុល្លារទៅ ៨០ដុល្លារ ក្នុង១ម៉ែត្រការ៉េ។ ក្រុមពលរដ្ឋបានស្នើដល់ក្រសួងមហាផ្ទៃ ជួយអន្តរាគមន៍ដោះស្រាយឱ្យបានតម្លៃ ៦០ដុល្លារក្នុង១ម៉ែត្រការ៉េ។
យោងតាមលិខិតចុះទី៣០ ខែមករា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាទៅអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ចាត់ចែងមន្ត្រីចុះពិនិត្យសិក្សា ស្រាវជ្រាវ និងដោះស្រាយជូនពលរដ្ឋ ដោយផ្អែកលើគោលការណ៍ច្បាប់ ហើយឆ្លើយតបទៅប្រជាពលរដ្ឋវិញផងដែរ។
តំណាងពលរដ្ឋនៅឃុំបឹងខ្យាង អ្នកស្រី ឃឹម ម៉ាលី ប្រាប់វីអូឌីថា រហូតមកដល់ថ្ងៃទី១០ ខែកុម្ភៈនេះ ពុំទាន់មានអាជ្ញាធរណាចុះមកដោះស្រាយសំណងផលប៉ះពាល់ដីស្រែជូនពលរដ្ឋជាថ្មីទៀតនោះទេ ក្រៅពីបង្ខំឱ្យទទួលយកសំណងត្រឹម៨ដុល្លារក្នុង១ម៉ែត្រការ៉េ និងឱ្យពលរដ្ឋដាក់តម្លៃប៉ះពាល់ផ្ទះសម្បែង រួមទាំងផលដំណាំផ្សេងៗ។
តំណាងពលរដ្ឋរូបនេះបានឱ្យដឹងថា គ្រួសារអ្នកស្រីប៉ះពាល់ដីស្រែ ៣០អា និងដីលំនៅឋាន ២០ម៉ែត្រ គុណ ៤០ម៉ែត្រ។ អ្នកស្រីថា បើអាជ្ញាធរនៅតែដោះស្រាយត្រឹម៨ដុល្លារក្នុង១ម៉ែត្រការ៉េនោះ គឺអ្នកស្រីមិនអាចទទួលយកបានឡើយ ដោយសារសំណងនេះតិចតួចពេក មិនអាចយកទៅទិញដីនៅតំបន់នោះបាន។
អ្នកស្រីបន្ថែមថា៖ «អត់មានឃើញគេចុះមកដោះស្រាយអីទៀតផង។ ក្រសួងចេញលិខិត ចេះតែចេញ អ៊ីចឹងដូចពួកបងយកទៅដាក់ខាង ម៉ែន សំអន [ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច] អ៊ីចឹងគេចេញមកអ៊ីចឹងដែរ តែគេគ្មានការអន្តរាគមន៍ដោះស្រាយឱ្យផង។ ឥលូវក្រុមហ៊ុនគេធ្វើសកម្មភាពឈូសឆាយទៅមុខ ចង់រួចហើយ។ គេឈូសយកដីប្រជាពលរដ្ឋខ្ទេចខ្ទីអស់ហើយ»។
ពលរដ្ឋនៅឃុំបឹងខ្យាង លោក ទួន វណ្ណៈ និយាយថា គ្រួសារលោកប៉ះពាល់ដីស្រែ និងដីលំនៅឋាន សរុប២ហិកតា។ លោកថា ចាប់តាំងពីក្រុមហ៊ុនឈូសឆាយយកដីស្រែរបស់លោកអស់មក គឺគ្រួសារលោកជួបបញ្ហាជីវភាពជាខ្លាំង ដោយគ្មានដីសម្រាប់បង្កបង្កើនផល និងការបាត់បង់ការងារធ្វើ ជាដើម។
លោកបន្ថែមថា៖ «កាលពីដើមឡើយ ខ្ញុំរស់ដោយសារការធ្វើស្រែយកស្រូវទៅលក់ ហើយដល់ឥលូវ វាអត់មានស្រែធ្វើ ហើយអត់ការងារធ្វើ តើខ្ញុំរស់ពឹងអី? ប្រសិនបើគោលការណ៍ដោះស្រាយនៅតែ ៨ដុល្លារក្នុង១ម៉ែត្រការ៉េ ពួកខ្ញុំមិនដឹងទៅទីពឹងអី យកក៏នៅតែក្រ មិនយកក៏នៅតែក្រ។ អ៊ីចឹងពួកខ្ញុំអត់ទទួល ព្រោះថា ដីខ្ញុំជាដីមានប្លង់ស្របច្បាប់ មិនមែនខ្ញុំចេះតែចូលធ្វើដោយខ្លួនឯងទេ ហើយខ្ញុំក៏មិនប្រឆាំងជាមួយការអភិវឌ្ឍដែរ ប្រសិនជាការអភិវឌ្ឍនោះស្របទៅតាមច្បាប់»។
អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ប្រាប់ វីអូឌីថា កំពុងជាប់រវល់ប្រជុំ មិនអាចនិយាយបាន។ យ៉ាងណា លោកធ្លាប់ប្រាប់វីអូឌីថា អាជ្ញាធរមិនអាចដោះស្រាយលើសពី៨ដុល្លារនេះបានទេ ព្រោះថា សំណងនេះកំណត់ជាគោលការណ៍ដោយរដ្ឋាភិបាល។
មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា ករណីក្រសួងមហាផ្ទៃចេញលិខិតឱ្យអាជ្ញាធរខេត្តចុះពិនិត្យ និងដោះស្រាយជូនពលរដ្ឋនេះ គឺលោកមិនមានជំនឿថាដោះស្រាយបាន និងមានប្រសិទ្ធភាពនោះទេ។
អ្នកការពារសិទ្ធិមនុស្សរូបនេះបានលើកឡើងថា នេះមិនមែនជាលើកទី១នោះទេ ដែលក្រសួងមួយនេះបានចេញលិខិតឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋ ក្រោយពីពលរដ្ឋរកកិច្ចអន្តរាគមន៍ពីក្រសួងទាំងនោះ ប៉ុន្តែអាជ្ញាធរថ្នាក់ក្រោមជាតិ មិនដែលដោះស្រាយជូនពលរដ្ឋបានឡើយ។
លោក វណ្ណ សុផាត បានលើកឡើងថា តាមច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ភូមិបាល និងច្បាប់អស្សាមិករណ៍ គឺរដ្ឋអាចដកហូតដីពលរដ្ឋមានបណ្ណកម្មសិទ្ធិស្របច្បាប់ទៅអភិវឌ្ឍបាន លុះត្រាតែមានការផ្តល់សំណងសមរម្យ និងមានការយល់ស្របពីម្ចាស់អចលនវត្ថុផងដែរ។
លោកបន្ថែមថា៖ «បើសិនមានដីកាសម្រេចពីក្រសួងស្ថាប័នដែលពាក់ព័ន្ធ ជាពិសេសអន្តរក្រសួង ឬក្រសួងដែនដី ឬមានប្រកាសពីប្រមុខរដ្ឋាភិបាលអី អាហ្នឹងបានមានអំណាចក្នុងការដោះស្រាយជូនពលរដ្ឋទាំងអស់ហ្នឹងបាន។ បើគ្រាន់តែក្រសួងមហាផ្ទៃ ឱ្យថ្នាក់ខេត្តចុះពិនិត្យស៊ើបអង្កេត ហើយបានរបាយការណ៍ទៅក្រសួងវិញ អាហ្នឹងការដោះស្រាយនោះគ្មានប្រសិទ្ធភាពអីទេ»។
កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយដោយផ្ដល់ដីរដ្ឋទំហំប្រមាណ២ ៦០០ហិកតា ដែលលាតសន្ធឹងលើស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងស្រុកបាទី ខេត្តតាកែវ ទៅឱ្យក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា (CAIC) វិនិយោគរួមគ្នាជាមួយសាជីវកម្មក្រៅប្រទេស និងលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីមួយនេះ។
ក្នុងលិខិតចំហមួយរបស់ប្រជាពលរដ្ឋ ដែលផ្សាយកាលពីខែកក្កដា ឆ្នាំ២០២១ បានអះអាងថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ៣៣០គ្រួសារ និងដីទំហំជាង១លានម៉ែត្រការ៉េ ដែលភាគច្រើនជាដីមានបណ្ណកម្មសិទ្ធិស្របច្បាប់ ស្ថិតក្នុងឃុំចំនួន៤ រួមមាន ឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងឃុំពត់សរ នៅស្រុកបាទី ខេត្តតាកែវ៕