មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា ក្រុមការងារចំនួន ៣នាក់ ក្នុងនោះមានបុគ្គលិកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាម្នាក់ ដែលបានចុះថតវីដេអូទាក់ទងនឹងវិវាទដីធ្លីនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់នោះ ត្រូវបានមន្ត្រីបរិស្ថាននៅតំបន់នោះស្ទាក់ និងឃាត់រថយន្តនៅម៉ោងប្រហែល ១០កន្លះព្រឹកថ្ងៃនេះ។
នាយកផ្នែកតស៊ូមតិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឌុច ពិសិដ្ឋ បានប្រាប់វីអូឌីតាមទូរស័ព្ទថា ក្រុមការងារទាំង ៤រូបនោះ បានចុះទៅផលិតវីដេអូទាក់ទងនឹងជម្លោះដីធ្លីនៅក្នុងឃុំថ្មដា ជាទីដែលប្រជាពលរដ្ឋ ៩៦គ្រួសារ មានជម្លោះដីធ្លីជាមួយក្រុមហ៊ុន MDS របស់ឧកញ៉ា ទ្រី ភាព។
ព័ត៌មានវិវត្តន៍យ៉ាងណានោះ លោក ឌុច ពិសិដ្ឋ ប្រាប់ថា លោកពុំទាន់ដឹងនៅឡើយទេ ដោយសារតែលេខទូរស័ព្ទរបស់ក្រុមការងារនោះ មិនអាចទាក់ទងនៅឡើយគិតត្រឹមម៉ោង ១២ថ្ងៃត្រង់ថ្ងៃនេះ៕