លោក គឹម សុខ ត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារតែគឺ៥ថ្ងៃបន្ទាប់ពីមានពាក្យបណ្តឹងរបស់លោក ហ៊ុន សែន។
អ្នកវិភាគដែលទើបតែល្បីឈ្មោះរូបនេះ ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្តឹងពីបទព្រហ្មទណ្ឌដែលប្រឈមទាប់ទោស២ឆ្នាំនិងទាមទារជំងឺចិត្ត៥០ម៉ឺនដុល្លារ។ នេះមិនទាន់រាប់បញ្ចូលបណ្តឹងទី២ដែល លោក ហ៊ុន សែន ប្តឹងលោក គឹម សុខ បន្ថែមទៀត។
កាលពីឆ្នាំមុនគណបក្សកាន់អំណាចក៏បានប្តឹងអ្នកវិភាគនយោបាយ លោក អ៊ូ វីរៈ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ដោយទាមទារជំងឺចិត្ត១០ម៉ឺនដុល្លារ បន្ទាប់លោកវិភាគថា គណបក្សកាន់អំណាចនៅពីក្រោយករណី ខុម ចាន់តារ៉ាទី ហៅស្រីមុំ។ ជាសំណុំរឿងមួយដែលនាំឲ្យលោក កឹម សុខា បង្ខំចិត្តឃុំខ្លួនឯងនៅក្នុងស្នាក់បក្សអស់ប្រហែលកន្លះឆ្នាំ ហើយមានមន្រ្តីសិទ្ធិមនុស្ស៤រូបនិងមន្រ្តី គជប ម្នាក់បន្តជាប់ឃុំមកដល់សព្វថ្ងៃ។
ដោយឡែកករណីលោក គឹម សុខ ត្រូវបានលោក ហ៊ុន សែន ប្តឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យ មានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលប្រឈមជាប់ទោសពីរឆ្នាំ ហើយទារជំងឺចិត្ត៥០ម៉ឺនដុល្លារ។ បណ្តឹងនេះធ្វើឡើងបន្ទាប់ពីលោក គឹម សុខ ថ្លែងថាករណីបាញ់សម្លាប់ លោក កែម ឡី អាចជាប់ពាក់ព័ន្ធបក្សកាន់អំណាច។
សំណុំរឿង លោក កែម ឡី នោះ គឺមានលោក សម រង្ស៊ី និងសមាជិកព្រឹទ្ធសភាម្នាក់ទៀតរបស់គាត់ គឺលោកស្រី ថាក់ ឡានី ត្រូវបានតុលាការកាត់ទោសមួយឆ្នាំកន្លះ បន្ទាប់ពីថ្លែងថា គណបក្សកាន់អំណាចជាប់ពាក់ព័ន្ធនឹងឃាតកម្មនោះ។ តែលោកស្រី ថាក់ ឡានី បានភៀសខ្លួនទៅក្រៅប្រទេស។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយដែលបានតានដានករណីលោក គឹម សុខ ចូលបំភ្លឺនៅតុលាការនោះ មានប្រសាសន៍ថា លោក ហ៊ុន សែន គួរប្រកាសឲ្យអ្នកពាក់ព័ន្ធនឹងឃាតកម្មលោក កែម ឡី ចេញមុខសារភាពដូចករណីវាយតំណាងរាស្ត្រនោះទើបកាត់បន្ថយមន្ទិលរបស់មហាជនបានខ្លះ។ លោកយល់ថា ការប្តឹងប្រឆាំងនឹងអ្នករិះគន់គឺមិនអាចរកការពិតបានឡើយ។ លោកថា «រឿងឃាតកម្មលើលោកបណ្ឌិត កែម ឡីហ្នឹង បើតាមដឹងគឺមានតម្រុយច្រើនណាស់ដែលអ្នកស៊ើបសួរត្រូវតែស៊ើបអង្កេត ដូចជាវីដេអូហ្នឹង បុគ្គលិកការ៉ាសាំងកាតិច បុគ្គលិកស្តាម៉ាតហ្នឹងត្រូវបានគេកោះហៅទៅសាកសួរឬទេ រួចតម្រុយឯទៀតៗ ដែលនៅក្នុងរបាយការណ៍បញ្ចាំងតាមទូរស្សន៍បរទេសមួយដេលមានចំណងជើងថា Cambodia deadly politic ហ្នឹង ក៏មានតម្រុយថែមទៀតដូចជាទំនាក់ទំនងរវាងជួប សម្លាប់ជាមួយ អាជ្ញាធរយោធានៅមូលដ្ឋាន»។
ជាការកត់សំគាល់រាល់បណ្តឹងដែលគណបក្សកាន់អំណាចប្តឹងគណបក្សប្រឆាំងឬប្តឹងអ្នករិះគន់រដ្ឋាភិបាលគឺរដ្ឋាភិបាលតែងតែឈ្នះជានិច្ច។ តួយ៉ាងករណីបណ្តឹង របស់លោក ហោ ណាំហុង ប្រឆាំងនឹងលោក សម រង្ស៊ី បណ្តឹងរបស់ សោម សឿន ប្រធានខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជាប្រឆាំងលោក សម រង្ស៊ី រឿងចោទថាលោក ហ៊ុន សែន ទិញ Likes ហ្វេសប៊ុក រួមទាំងករណីរិះគន់បញ្ហាព្រំដែនជាមួយវៀតណាមផង គឺលោក សម រង្ស៊ី ចាញ់ក្តីទាំងអស់តែករណីវិវាទជាមួយលោក ហោ ណាំហុង តុលាការបារាំងបានកាត់ក្តីឲ្យមេបក្សប្រឆាំងឈ្នះទៅវិញ។ នេះបើតាមលោក សម រង្ស៊ី។
ចំណែកបណ្តឹងចុងក្រោយដែល លោក ហ៊ុន សែន ប្តឹងលោក គឹម សុខ នេះអ្នកវិភាគ ទស្សទាយថា រដ្ឋាភិបាលទំនងជាអ្នកឈ្នះទៀតហើយ។ ប៉ុន្តែបើរដ្ឋាភិបាលឈ្នះក្តីស្ទើរគ្រប់បណ្តឹងតាមរយៈតុលាការសព្វថ្ងៃនេះតើរដ្ឋាភិបាលចំណេញឬខាត?
លោក ឡៅ ម៉ុងហៃ វិភាគថា បើការសម្រេចក្តីដោយឈរលើការពិតគឺការដឹកនាំនោះមានអាយុកាលយូអង្វែង ប៉ុន្តែបើការកាត់ក្តីខុសពីការពិតរបបនោះនឹងអស់ការគាំទ្រ ទោះជាមានអាវុធការពារក៏ដោយ។ លោកលើកឧទាហរណ៍នៃការដួលរលំរបស់របបដឹកនាំមួយចំនួនលើពិភពលោក។ លោកថា «ការគ្រប់គ្រងរដ្ឋដែលល្អគឺគេផ្តេកផ្តួលទៅលើការពិត បើមិនផ្តេកផ្តួលទៅលើការពិត ការធ្វើសេចក្តីសម្រេចអីវាខុសទៅ វាគ្មានមូលដ្ឋានការពិត បើនិយាយអាចទៅរួចចេះតែភ តៗគ្នាទៅ ចេះតែភ តៗគ្នាហ្នឹង អារបបកុំម្មុយនីស្តនៅអឺរ៉ុបនៅសូវៀតអីហ្នឹងវារលំដោយសារកត្តាហ្នឹងមួយ»។
បើទោះជាបីជាលោក ហ៊ុន សែន ព្រមានចាប់ខ្លួន និងដាក់កម្លាំងឲ្យតាមឃ្លាំមើលក៏ដោយ តែលោក គឹម សុខ អះអាងថា លោកនៅតែរក្សាជំហរនិយាយអ្វីដែលលោកបានមើលឃើញពីបញ្ហាក្នុងសង្គម។ លោកបាននិយាយថាលោកនៅតែរក្សាពាក្យដែលបាននិយាយទាក់ទងនឹងឃាតកម្មលោក កែម ឡី តែលោកទទួចឲ្យរដ្ឋាភិបាលបញ្ចេញវីដេអូពីកាមេរ៉ាសុវត្ថិភាពនៅស្ថានីយ៍ប្រេងកាល់តិច។
សម្រាប់លោកបណ្ឌិត សុខ ទូច សាស្ត្រាចារ្យផ្នែកនយោបាយ មានប្រសាសន៍ថា លោក គឹម សុខ បានចាក់សាំងភ្លើងដែលកំពុងឆេះដែលជាហេតុធ្វើឲ្យរដ្ឋាភិបាលមិនអាចអត់ឱនបាន។
លោកថា «បើសិនជាគឹម សុខ គាត់សុំទោសនូវអ្វីដែលបានធ្វើកន្លងមក ហើយតុលាការ និងសម្តេចនាយករដ្ឋមន្ត្រីនៅតែបន្តចោទប្រកាន់ អាហ្នឹងជារឿងមួយទៀត។ មានន័យថាវាអត់មានការអធ្យាស្រ័យទេស្រុកខ្មែរ។ តែខ្ញុំឃើញការវិការលោក គឹម សុខ មិនអញ្ចឹងទេគឺចាក់សាំងលើភ្លើងបន្ថែមទៀត! សុទ្ធតែដូរមិនដូរ។ អ្នកវិភាគនិយាយដូរមិនដូរមិច! អ្នកវិភាគគេត្រូវការ បើសិន ក្រែលោ ឧទាហរណ៍ ឬមួយ អាហ្នឹងប្រើភាសាអញ្ចឹង កាលណានិយាយ ត្រូវតែផ្លាស់ប្តូរ ត្រូវតែស្អី អ្នកនេះអញ្ចេសអ្នកនេះអញ្ចុះ អាហ្នឹងពិតជាអញ្ចឹងហើយ អាហ្នឹងមិនមែនអ្នកវិភាគទេ គឺជាអ្នកនយោបាយបម្រើឲ្យផលប្រយោជន៍នយោបាយ។ ខ្ញុំយល់ថាយើងទទួលយក ហើយបើគាត់មិនសុំទោស សុំអី អញ្ចឹងសួរខ្ញុំវាអត់ត្រូវ ព្រោះខ្ញុំមិនមែនជាគឹម សុខ»។
តែលោក គល់ បញ្ញា នាយកអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅគាត់ថា ខុមហ្រែ្វល កត់សំគាល់ថាបណ្តឹងរបស់គណបក្សកាន់អំណាចដែលទារសំណងនិងឲ្យដាក់ទោសលើអ្នកចោទ ករណីឃាតកម្មលើលោក កែម ឡី ថាពាក់ព័ន្ធខ្លួន បែរជាជម្រុញឲ្យមានប្រជាពលរដ្ឋជាច្រើនគាំទ្រអ្នកចោទទៅវិញ។ លោកបានលើកយក ឧទាហរណ៍ ករណី លោកគឹម សុខ។នេះបើតាមហ្វេសប៊ុកលោក គល់ បញ្ញា។
លោកបន្តថា ការសម្រេចរបស់តុលាការអាមេរិកចំពោះក្រុមហ៊ុនកាល់តិច «ដែលក្លាយជាសម្ពាធធ្ងន់ទៅៗចំពោះ រដ្ឋាភិបាល តុលាការជាតិដើម្បីឲ្យមានការបើកចំហភស្ដុតាងពីកាមេរ៉ាសុវត្ថិភាពនិងសាក្សីផ្សេងទៀត»៕