លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បានបន្តលើកឡើងពីតម្លៃសន្តិភាព ដោយថា ទោះជាស្ថិតក្នុងតម្លៃណាក៏ដោយ ក៏ត្រូវតែថែរក្សាការពារសន្តិភាពឲ្យបាន។
នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃនេះ លោក ហ៊ុន សែន បានសរសេរថា សន្តិភាព និងការរីកចម្រើនសព្វថ្ងៃនេះ បានផ្ដល់ឲ្យប្រជាពលរដ្ឋមានជីវភាព និងជីវិតរស់នៅកាន់តែល្អប្រសើរ។
លោកបន្ថែមថា គ្រប់អ្វីៗទាំងអស់ គឺត្រូវចាប់ផ្ដើមពីសន្តិភាពមុនគេ ដែលត្រូវបានចំណាយធនធាន និងពលីជីវិតយុទ្ធជន និងពលរដ្ឋច្រើនណាស់។
លោកប្ដេជ្ញាថា ទោះក្នុងតម្លៃណាក៏ដោយ ក៏ត្រូវតែថែរក្សាការពារសន្តិភាពឲ្យបាន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្មីៗនេះ បានព្រមានដោយមិនចំពោះទៅដល់អ្នកចង់បង្កើតឲ្យមានបដិវត្តន៍ពណ៌ថា ឲ្យត្រៀមក្ដារមឈូស ប្រសិនបើពួកគេចង់ធ្វើបដិវត្តន៍ពណ៌នៅក្នុងប្រទេសកម្ពុជា៕