មន្ត្រីសិទ្ធិមនុស្សនិងអ្នកច្បាប់យល់ថា ការដែលអាជ្ញាធរឃាត់ខ្លួនយុវជន៤នាក់ ដោយហាមមិនឲ្យចាក់បញ្ចាំងវីដេអូឃាតកម្មលើលោក កែម ឡី កាលពីម្សិលមិញនោះ ជាការរំលោភសិទ្ធិបុគ្គល។
យុវជន៤នាក់ ក្នុងនោះមានទាំងលោក មួង សូនី ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តកម្ពុជា ផងដែរ ដែលត្រូវបានសមត្ថកិច្ចចម្រុះក្នុងខណ្ឌឫស្សីកែវ ឃាត់ខ្លួន និងសួរនាំនៅឯសាលាសង្កាត់ទួលសង្កែ បន្ទាប់ពីពួកគេជួបជុំគ្នាមើលវីដេអូ ស៊ើបអង្កេតមានចំណងជើងថា “Cambodia’s Deadly Politics” ឬប្រែជាភាសាខ្មែរថា “នយោបាយប្រឡាក់ឈាមរបស់កម្ពុជា” ត្រូវបានផលិតឡើងដោយទូរទស្សន៍ដ៏ល្បីល្បាញ Al Jazeera របស់អារ៉ាប់។
ប្រធានមជ្ឈមណ្ឌលពលរដ្ឋអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង យល់ថា ការឃាត់ខ្លួនយុវជន៤នាក់ មិនឲ្យចាក់បញ្ចាំងវីដេអូឃាតកម្មលើលោក កែម ឡី នៅក្នុងស្នាក់ការសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តកម្ពុជា ជាការបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មាន និងធ្វើឲ្យពលរដ្ឋកាន់តែមាន ចម្ងល់លើដំណើរការស៊ើបអង្កេតរបស់អាជ្ញាធរជុំវិញករណីឃាតកម្មលើលោក កែម ឡី កន្លងទៅផងដែរ។
លោកនិយាយថា«វាបង្ហាញថាជារូបភាពមួយមិនល្អ ហើយម្យ៉ាងវិញទៀតធ្វើឲ្យគេមានចម្ងល់ ហើយមានការសង្ស័យជុំវិញបញ្ហាហ្នឹងជាច្រើន ពាក់ព័ន្ធនិងចំណាត់ការរបស់អាជ្ញាធរ ថាអាជ្ញាធរបានប្រឹងប្រែងដល់កម្រិតណា ប្រឹងប្រែងសហការយ៉ាងម៉េច ហើយម្យ៉ាងវិញទៀត ព្រោះដោយរឿងហ្នឹងវាល្បីល្បាញដែរ គួរថាឲ្យគេមានឱកាសក្នុងការតាមដាន»។
បន្ទាប់ពីចាប់ខ្លួនយុវជនទំាង៤នាក់ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល លោក ផៃ ស៊ីផាន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកមានខ្លឹមសារថា ក្រុមយុវជនដែលចាក់បញ្ចំាងវីដេអូរឿងលោក កែម ឡី គឺជាការញុះញង់ និងជំរុញឲ្យមហាជនបាត់ជំនឿងលើសេចក្ដីសម្រេចរបស់តុលាការ ខណៈដែលសំណុំរឿងឃាតកម្មលោក កែម ឡី ស្ថិតក្នុងដំណាក់កាលនីតិវិធីរបស់សមត្ថកិច្ច។
លោកបញ្ជាក់ថា៖ “ការហាមឃាត់នេះ គឺអាស្រ័យដោយយុទ្ធនាការនោះ មានលទ្ធភាពបង្ក ឬញុះញង់ ធ្វើឲ្យសាធារណជនបាត់បង់ជំនឿលើសេចក្ដីសម្រេច ឬកិច្ចការងារនៃដែនសមត្ចកិច្ចរបស់តុលាការ ដែលកំពុងបន្តនីតិវិធី ដូចបានចែងយ៉ាងច្បាស់នៅមាត្រា ៥២៣ នៃក្រមព្រហ្មទណ្ឌ”។
មាត្រា៤៩៤ ក្នុងក្រមព្រហ្មទណ្ឌមានខ្លឹមសារថា ការញុះញង់ដែលអាចផ្តន្ទាទោសបាន ដរាបណាអ្នកប្រព្រឹត្តធ្វើឡើងតាមរយៈសំដី សំណេរ គំនូរ ឬគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍ ដែលប្រកាសឬផ្សព្វផ្សាយនៅទីកន្លែងសាធារណៈ ឬនៅក្នុងពេលប្រជុំជាសាធារណៈជាដើម។
ប៉ុន្តែ លោកមេធាវី ហុង គឹមសួន បានពន្យល់តាមនីតិវិធីច្បាប់ថា ការចាក់បញ្ចាំងវីដេអូនោះ មិនចាំបាច់សុំច្បាប់អនុញ្ញាត និងមិនមែនជាអំពើញុះញង់នោះទេ ដោយលោកថា គ្មានច្បាប់ណាហាមឃាត់ការចាក់បញ្ចាំងខ្សែវីដេអូនៅតាមទីស្នាក់ការ ឬផ្ទះឯកជនឡើយ ខណៈវីដេអូទំាងនោះត្រូវបានផ្សព្វផ្សាយជាសាធារណៈរួចហើយ។ លោកពន្យល់ថា«គ្រាន់តែគេប្រមូលចងក្រង ហើយគេចាក់ក្នុងទីស្នាក់ការរបស់គេមិនមែនជាអំពើញុះញង់ទេ គេបានដឹងរួចហើយ គេគ្រាន់តែចាក់ ដើម្បីឲ្យគ្នាគេបានដឹង បានឮឡើងវិញចាត់ទុកថាជាអំពើខុសច្បាប់ វាគ្មានច្បាប់ណាដែលចែងថា ការចាក់រូបវីដេអូ ព័ត៌មានដែលមានរួចហើយយកមកចាក់នៅក្នុងការិយាល័យរបស់គេវាខុសច្បាប់ទេ ព្រោះវាមិនមែនជារឿងក្បត់ជាតិ វាមិនមែនជារឿងប្រឆំាងរដ្ឋាភិបាល»។
កាលពីខែមករា ឆ្នាំ២០១៧ ទូរទស្សន៍ដ៏ល្បីល្បាញ Al Jazeera របស់អារ៉ាប់ បានចាក់ផ្សាយជាសាធារណៈពីវីដេអូស៊ើបអង្កេតមានចំណងជើងថា “Cambodia’s Deadly Politics” ឬប្រែជាភាសាខ្មែរថា “នយោបាយប្រឡាក់ឈាមរបស់កម្ពុជា” ដែលមានរយៈពេលជាង ២៦នាទី។
ខ្សែវីដេអូនោះ បានស៊ើបអង្កេតទៅលើឃាតកម្មដ៏គួរឲ្យសង្ស័យលើលោក កែម ឡី អ្នកវិភាគដ៏ល្បីល្បាញម្នាក់ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ក្នុងម៉ាតស្ថិតក្នុងការ៉ាស់សាំងកាល់តិច ម្ដុំស្តុបបូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
សំណុំរឿងលោក កែម ឡី នេះមានតែឈ្មោះ អឿត អាង ឬហៅថា ជួប សំលាប់ ម្នាក់តែប៉ុណ្ណោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងត្រូវបានតុលាការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន និងបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ដែលប្រឈមជាប់ទោសដាក់ពន្ធនាគារអស់មួយជីវិត ខណៈសាលក្រមនឹងប្រកាសនៅថ្ងៃទី២៣ មីនា ឆ្នាំ២០១៧ ខាងមុខនេះ៕