ប្រទេសហ្វីលីពីនបាននិយាយកាលពីថ្ងៃម្សិលមិញថា ខ្លួននឹងពង្រឹងសេនាធិការយោធារបស់ខ្លួននៅតាមបណ្ដាកោះ និងប្រជុំកោះប៉ប្រះទឹកនានា នៅតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូង និងបានប្រកាសពីផែនការកសាងកំពង់ផែថ្មីមួយបន្ថែមទៀត។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Delfin Lorenzana គ្រោងនឹងទៅត្រួតពិនិត្យប៉ុស្តិ៍ព្រំដែនទឹក Thitu ដែលជាស្ថិតនៅក្នុងប្រជុំកោះមានជម្លោះស្ព្រាតលី ប៉ុន្តែ ដំណើររបស់លោកត្រូវបានលុបចោលទៅវិញ ដោយសារតែ “បញ្ហាសុវត្ថិភាព” ហើយលោកបានធ្វើដំណើរទៅមូលដ្ឋានយោធាវិញ ជាទីដែលលោកបានលាតត្រដាងអំពីផែនការអភិវឌ្ឍន៍ខាងលើ។
ធីទូ ស្ថិតនៅកៀកបង្កើយនឹងប្រជុំថ្មប៉ប្រះទឹកស៊ូប៊ី ដែលជាប្រជុំកោះសិប្បនិម្មិតមួយក្នុងចំណោម ៧ ស្ថិតនៅប្រជុំកោះស្ព្រាតលី ដែលចិនត្រូវបានគេចោទថា កំពុងកសាងមូលដ្ឋានយោធានៅទីនោះ។
ហ្វីលីពីនបានតវ៉ាទៅនឹងចិនរាប់ឆ្នាំមកហើយជុំវិញដែនទឹកនៅសមុទ្រចិនខាងត្បូង ប៉ុន្តែ ទំនាក់ទំនងប្រទេសទាំងពីរហាក់បានល្អប្រសើរវិញ នៅក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក រ៉ូទ្រីហ្កូ ឌូទើតេ៕