មេដឹកនាំបក្សប្រឆាំង បង្ហាញសារនយោបាយ នៅថ្ងៃអាទិត្យនេះថា ខ្លួនហាក់មិនបារម្ភពីការបាត់បង់សំឡេងគាំទ្រតាមរយៈនៃការធ្វើកំណែទម្រង់របស់បក្សកាន់អំណាចទេ ដោយអះអាងថា ការធ្វើកំណែទម្រង់នោះ មានរូបភាពសើៗ មិនអាចឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋបាន។
ក្នុងពិធីចុះជួបសកម្មជន នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២០ ខែមីនានេះ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានលើកឡើងថា លោកទទួលស្គាល់ថា រដ្ឋាភិបាល មានការកែទម្រង់ច្រើន។
ប៉ុន្តែលោកថា ការកែទម្រង់ទាំងនោះ ធ្វើឡើងគ្មានមូលដ្ឋានច្បាស់លាស់ ក្នុងការបំពេញតម្រូវការរបស់ប្រជាពលរដ្ឋទេ ។
លោកលើកឡើងថា៖ “យើងដឹងហើយថារហូតមកដល់សព្វថ្ងៃនេះជាពិសេសថ្មីៗនេះរាជរដ្ឋាភិបាលក៏បានបង្ហាញនូវការកែទម្រងខ្លះដែរ…ប៉ុន្តែការវាយតំលៃរបស់ខ្ញុំ ខ្ញុំគិតថាការបង្ហាញ់គ្រាន់តែជាការសើសើនៅខាងលើ គ្មានប្រព័ន្ធក្នុងការកែទម្រង់ច្បាស់លាស់ ខ្ញុំជឿថាមិនអាចសម្រេចតាមគោលបំណងរបស់ប្រជាពលរដ្ឋឡើយ”។
ការិះគន់របស់មេដឹកនាំបក្សប្រឆាំងនេះ បានធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីនាយករដ្ឋមន្ត្រី បានរុះរើគណៈរដ្ឋមន្ត្រី។
ការរុះរើនោះលោកនាយករដ្ឋមន្ត្រី បានផ្លាស់ប្តូរតួនាទីមន្ត្រីរបស់ខ្លួន២៤នាក់ ក្នុងក្រសួងយ៉ាងតិចចំនួន៨ និងបញ្ចប់មុខងាររដ្ឋមន្ត្រីចាស់ៗមួយចំនួនដែល ដូចជាបញ្ចប់តួនាទី លោក ហោ ណាំហុង ជារដ្ឋមន្ត្រីក្រសួងការបរទេស បញ្ចប់មុខងារលោក អ៊ឹម ឈុនលឹម ជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម បញ្ចប់មុខងារលោក គាត ឈន់ ជាឧបនាយករដ្ឋមន្ត្រីប្រចាំការ។
មន្ត្រីអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្ត្រីការគណៈរដ្ឋមន្ត្រី លោក ទិត្យ សុធា បានច្រានចោលការរិះគន់របស់បក្សប្រឆាំង ហើយបានការពារវិធានការរបស់រដ្ឋាភិបាល ដោយលោកអះអាងថា រដ្ឋាភិបាលបានធ្វើការកែទម្រង់ច្រើនដើម្បីបំពេញតម្រូវការរបស់រាស្ត្រ។
មន្ត្រីរដ្ឋាភិបាលរូបនោះបន្ថែមថា ការអភិវឌ្ឍប្រទេសទាមទារពេលវេលាយូរអង្វែង។ លោកថា ពេលនេះរដ្ឋាភិបាលបានកំពុងខិតខំធ្វើការកែទម្រង់ជាបន្តបន្ទាប់។
គួរំឭកថា មុនរុះរើគណៈរដ្ឋមន្ត្រី លោក ហ៊ុន សែន បានថ្លែងជាសាធារណៈទទួលស្គាល់ថា ការបន្តយោគយល់ដល់មន្ត្រីស្ពឹកស្រពន់ លោកថា ជាគ្រោះថ្នាក់ដល់តំណែងជានាយករដ្ឋមន្ត្រីរបស់លោក សម្រាប់ការបោះឆ្នោតខាងមុខ។
យ៉ាងណាក៏ដោយមេដឹកនាំបក្សប្រឆាំងអះអាងថា យន្តការនៃការធ្វើកែទម្រង់ស្ថាប័នរដ្ឋ របស់រដ្ឋាភិបាល នាពេលបច្ចុប្បន្ននេះ លោកថា ជាការជំរុញមួយផ្នែកធំពីបក្សប្រឆាំង ក្នុងយន្តការប្រកួតប្រជែងបែបប្រជាធិបតេយ្យ។