សមត្ថកិច្ចខេត្ដសៀមរាបឲ្យដឹងថាមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់និង៧នាក់ផ្សេងទៀតមានអាការៈវិលមុខក្អួតចង្អោរ ក្រោយពេល ពួកគាត់ ទទួលទានត្រីក្រពតនិងស្រាសកាលពីថ្ងៃម្សិលមិញ។
អធិការនគរបាលស្រុកវ៉ារិន លោក ណុប សារ៉ាក់ ប្រាប់VODនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថាអ្នកភូមិចំនួន៧នាក់ក្នុងនោះ មានកុមារម្នាក់និងស្ដ្រីម្នាក់នៅភូមិគោកវត្ដ ឃុំស្រែណូយ មានអាការៈវិលមុខក្អួតចង្អោរនិងមនុស្សម្នាក់ទៀតបានបាត់បង់ជីវិត ខណៈដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រែណូយ ដែលលោកថាពួកគេទាំងនោះបានទទួលទានត្រីក្រពតនិងស្រាស។ លោកអះអាងថាជនរងគ្រោះដែលស្លាប់និងមានអាការៈបែបនេះគឺមិនបណ្ដាលមកពីការហូបស្រាសទេ ដោយលោកថាកុមារអាយុ១៤ម្នាក់មិនបានផឹកស្រាទេដោយគ្រាន់តែហូបត្រីក្រពតតែពុលដូចគ្នា។ លោកមានប្រសាសន៍ថា៖ “គាត់នាំគ្នាទៅបាយហើយបានត្រីក្រពតទៅយកទៅបំពងញុំាជាមួយជ្រក់ស្វាយ ក្លែមស្រាស។ យើងមិនបានធ្វើកោសល្យវិច័យអីទេតែយើងគិតមើលទៅត្រង់ថាក្មេងញាំត្រីក្រពតមិនបានញុំាស្រាអីទេ ប៉ុន្ដែគាត់ពុលដែរ ចឹងបញ្ជាក់ថាវាពុលត្រីក្រពត”។
ពលរដ្ឋដែលបានទទួលទានត្រីក្រពត នៅភូមិគោកវត្ដ ឃុំស្រែណូយ លោក យ៉ែប លី ឲ្យដឹងថាត្រីក្រពតនោះពួកគាត់ចាប់ពីទឹកអូរក្បែភូមិដែលមានត្រីប្រមាណ៦០ក្បាល។ លោកបន្ដថាពួកគាត់ទទួលទានអស់ប្រហែល៣០ក្បាលក៏មានអាការៈវិលមុខក្អួតចង្អោរនិងញ័រខ្លួនដៃជើង និងរឹងធ្គាមតែម្ដង។ លោកបន្ដថា៖ “ខ្លាំងខ្លាំងមែនទែនតែម្ដងវាប្អូនងាប់ប្អូនរស់ដែរខ្ញុំអ្នកផ្សេងដូចគ្នាដែរគេហូបក្រោយដូចគ្នាដែរទៅពេទ្យដូចគ្នាកំពតប៉ុនមេដៃភ្នែកវាក្រហមៗ”។
ប្រធានមណ្ឌលសុខភាពស្រែណូយ ស្រុកវ៉ារិន លោក មិន មាស មានប្រសាសន៍ថាពលរដ្ឋដែលស្លាប់និងអាការៈក្អួតចង្អោរនេះដោយសារពុលត្រីក្រពត ប៉ុន្ដែលោកមិនបានប្រាប់ពីសារធាតុពុលនៅក្នុងសាច់ត្រីនោះទេ ដោយលោកថាហួសពីសមត្ថភាពរបស់លោក។ លោកបញ្ជាក់ថាអ្នកដែលស្លាប់ដោយសារទទួលទានត្រីក្រពតច្រើននិងយឺតយ៉ាវបញ្ជូនទៅសង្គ្រោះនៅមន្ទីរ។ ទោះជាយ៉ាងជនរងគ្រោះដែលមានអាការៈក្អួតចង្អោរ លោកអះអាងថាពួកគេបានធូស្រាលនិងវិលត្រឡប់ទៅលំនៅឋានវិញហើយ៕