ក្រសួង​សុខាភិបាល​បញ្ជា​ឲ្យ​យកចិត្ត​ទុក​ដាក់ព្យាបាល​អ្នក​រង​គ្រោះថ្នាក់ចរាចរណ៍ពេល​ចូលឆ្នាំខ្មែរ​

រដ្ឋមន្រ្តីក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង កាលពីកន្លងទៅ

ក្រសួងសុខាភិបាលបាន​បញ្ជាឲ្យ​​ប្រធានមន្ទីរ​សុខាភិបាលរាជធានីខេត្តទាំងអស់​ធានាការ​យាម​ប្រចាំ​ការ​និ​ង​​សង្រ្គោះ​ជំងឺធ្ងន់​ធ្ងរ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុងអំឡុងបុណ្យចូលឆ្នាំខាងមុខនេះ។​

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃទី​២៣ខែមីនាហើយ​វីអូឌីទើប​តែ​ទទួលបាន រដ្ឋមន្រ្តី​សុខាភិបាល​បាន​លើក​ឡើង​​ថា​​ពេល​មុន​បុណ្យ​ អំឡុងពេល​បុណ្យនិង​ក្រោយ​ពេល​បុណ្យចូលឆ្នាំខ្មែរ​ ស្ថាន​ភាព​ចរាចរណ៍​តាមផ្លូវជាតិ នឹងមានភាព​មមាញឹកហើយអាចនឹងមានគ្រោះថ្នាក់ចរាចរណ៍​ដោយយថាហេតុ។ លោក​បញ្ជា​ឲ្យ​ត្រៀម​​រថយន្តសង្រ្គោះហើយ​មន្ទីរពេទ្យ មណ្ឌលសុខភាពនៅតាមដង​ផ្លូវជាតិ ត្រូវ​រៀបចំពេទ្យយាមប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដោយ​សហការជា​មួយអាជ្ញាធរមូ​លដ្ឋាននិងមន្ត្រីពាក់ព័ន្ធ។

កាលពីថ្ងៃទី​៧ខែមីនា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានដាស់តឿនពេទ្យនៅទូទាំងប្រទេ​សឲ្យប្រកាន់ខ្ជាប់ក្រមសីលធម៌និងមិនត្រូវគិតលុយជាធំ ពេលព្យាបាលអ្នកជំងឺនោះទេ ហើយ​លោក​ណែនាំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជន​រងគ្រោះ​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍។​ លោក​បានណែនាំឲ្យពេទ្យទាំងអស់”យកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនអតិថិជន គោរពវិជ្ជាជីវៈ ក្រមសីលធម៌ថ្លៃថ្នូរ មិនគិតលុយជាធំ សម្តីទន់ភ្លន់ អាកប្បកិរិយាសមរម្យក្នុងពេលពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋទូទៅ ជាពិសេសអ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍ត្រូវសង្រ្គោះអាយុជីវិតជាបន្ទាន់និងត្រូវបំពេញសំណុំបែបបទតាមក្រោយ”

លោក ម៉ម ប៊ុនហេង បានសង្កត់ធ្ងន់ថា៖ “ក្រសួងនឹងមានវិធានការត្រួតពិនិត្យនិងអនុវត្តតាមច្បាប់ជាធរមាន ប្រសិនបើឃើញមានមន្រ្តីសុខាភិបាលប្រព្រឹត្តខ្ជីខ្ជាបណ្តាលឲ្យមានផលវិបាកប៉ះពាល់អ្នកជំងឺ”៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ