រដ្ឋាភិបាលកម្ពុជាបានប្រកាសប្រមូលពន្ធផ្លូវសម្រាប់ឆ្នាំ២០១៨ទៅលើមធ្យោបាយដឹកជញ្ជូនទាំងអស់ចាប់ពីថ្ងៃទី០១ មិថុនា។
ក្នុងសេចក្តីប្រកាសចុះថ្ងៃទី៣១ ឧសភា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថាចាប់ពីថ្ងៃទី០១ មិថុនានេះខ្លួននឹងចាប់អនុវត្តការប្រមូលពន្ធផ្លូវសម្រាប់ឆ្នាំ២០១៧ទៅលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ រហូតដល់ថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៨នេះ។
អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងបន្ថែមថា ម្ចាស់យានយន្តទាំងអស់អាចទៅបង់ពន្ធបាននៅតាមសាខាពន្ធដារខេត្ត ខណ្ឌ សាខាធនាគារកាណាឌីយ៉ា ធនាគារអេស៊ីលីដា ធនាគាវឌ្ឍនៈ ឬធនាគារកម្ពុជាសាធារណៈ ធនាគារអេអិនហ្សិត រ៉ូយ៉ាល់ ឬធនាគារដែលបានចុះអនុស្សារៈយោគយល់ជាមួយក្រសួងសេដ្ឋកិច្ច ដោយភ្ជាប់មកជាមួយប័ណ្ណសម្គាល់បង់ពន្ធសម្រាប់ម្ចាស់យាយន្តដែលមានប័ណ្ណ។
ចំពោះអ្នកទើបប្រកាសបង់ពន្ធ ត្រូវភ្ជាប់មកជាមួយ ប័ណ្ណសម្គាល់យានយន្ត ឬវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬបង្កាន់ដៃបង់ពន្ធនាំចូល ឬលិខិតបញ្ជាក់ការប្រើប្រាស់យានយន្តដែលចេញដោយឃុំសង្កាត់(ចំពោះយានយន្តកែច្នៃក្នុងស្រុក) និងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬលិខិតបញ្ជាក់សំបុត្រកំណើតរបស់ម្ចាស់យានយន្ត និងត្រូវបំពេញនិងដាក់លិខិតបង់ពន្ធចំនួន២សន្លឹកតាមទម្រង់របស់អគ្គនាយកដ្ឋានពន្ធដារ។
ចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០១៩ អង្គភាពពន្ធដារនឹងចុះត្រួតពិនិត្យ និងផាកពិន័យចំពោះមធ្យោបាយដឹកជញ្ជូន និងយានជំនិះទាំងឡាយដែលមិនបានបង់ពន្ធតាមការកំណត់នៃច្បាប់៕