មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃឲ្យដឹងថាក្រសួងនឹងបញ្ចប់ការពិនិត្យស្នាមមេដៃដែលគណបក្សសង្រ្គោះជាតិដាក់ថ្វាយព្រះមហាក្សត្រនៅសប្តាហ៍នេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានប្រាប់វីអូឌីថាការស្រាវជ្រាវនិងពិនិត្យស្នាមមេដៃនឹងត្រូវបញ្ចប់នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា។ លោកបញ្ជាក់ថាចំពោះវិធានការលើភាពមិនប្រក្រតីនឹងធ្វើឡើងនៅក្នុងថ្ងៃដដែលនោះ។ លោកមានប្រសាសន៍ថា៖ “ចំពោះការពិនិត្យស្នាមដៃនិងធ្វើការបញ្ចប់នៅថ្ងៃទី៣០នេះនៅពេលដែលក្រសួងពិនិត្យរួច ហើយក្រសួងនឹងចេញការសន្និដ្ឋានចំពោះភាពមិនប្រក្រតីទាំងនេះ”។
កន្លងទៅលោក កង សុខន អគ្គស្នងការរងនគរបាលជាតិនិងជាសមាជិកនៃក្រុមស្រាវជ្រាវរបស់រដ្ឋាភិបាលបានឲ្យដឹងថាក្រុមស្រាវជ្រាវរកឃើញស្នាមមេដៃដូចគ្នាលើញត្តិដែលដាក់ថ្វាយព្រះមហាក្សត្រ។
គួររំឭកថាកាលពីថ្ងៃទី៣០ ខែឧសភា តំណាងរាស្រ្តគណបក្សប្រឆាំងបានហែញត្តិដែលមានខ្លឹមសារប្រហាក់ប្រហែលគ្នានេះថ្វាយព្រះមហាក្សត្រម្តងរួចមកហើយ ដោយក្នុងញត្តិនោះមានស្នាមមេដៃប្រជាពលរដ្ឋជាង១៧ម៉ឺននាក់។ ទោះយ៉ាងណាក្រោយការថ្វាយញត្តិនេះ មានលេចឭព័ត៌មានទាក់ទងនឹងភាពមិនប្រក្រតីចំពោះការប្រមូលស្នាមមេដៃនិងនៅមួយថ្ងៃបន្ទាប់ពីថ្ងៃដាក់ញត្តិ ទីស្តីការគណៈរដ្ឋមន្ត្រីបានសម្រេចឲ្យក្រសួងមហាផ្ទៃធ្វើការស្រាវជ្រាវរកម្ចាស់ស្នាមមេដៃដោយផ្ទាល់និងថាធ្វើកោសលវិច្ច័យទៅលើស្នាមមេដៃទាំង១៧៣ ១៤៤នាក់ តាមបញ្ជារបស់នាយករដ្ឋមន្រ្តី។
លោក ហ៊ុន សែន ធ្លាប់បានថ្លែងថាលោកមិនបានចោទថាស្នាមមេដៃទាំងនោះជាស្នាមមេដៃក្លែងក្លាយនោះទេ តែលោកថាចង់ឲ្យមានការស្រាវជ្រាវថាតើស្នាមមេដៃទាំងនោះពិតឬមិនពិត ដោយលោកថាកន្លងទៅមានការក្លែងបន្លំមេដៃជាបន្តបន្ទាប់។
គណបក្សសង្គ្រោះជាតិបានប្រមូលស្នាមមេដៃរបស់ប្រជាពលរដ្ឋម្តងទៀត ដោយគណបក្សថានឹងដាក់ញត្តិថ្វាយព្រះមហាក្សត្រព្រះរាជអន្តរាគមន៍ឲ្យស្ថាប័នរដ្ឋគោរពសិទ្ធិប្រជាពលរដ្ឋនិងអភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្ត៕