ប្រជាសហគមន៍បឹងកក់ឲ្យដឹងថាពួកគេនៅតែបន្តធ្វើយុទ្ធនាការពាក់អាវខ្មៅនៅក្នុងសហគមន៍នៅថ្ងៃចន្ទនេះ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស៤រូបនិងមន្ត្រី គ.ជ.ប ១រួប រួមទាំងបន្ថែមសារទាមទាររកយុត្តិធម៌ឲ្យលោក កែម ឡី។
តំណាងសហគមន៍បឹងកក់អ្នកស្រី ទេព វន្នី ប្រាប់VODនៅថ្ងៃចន្ទនេះថាពួកគេប្រមាណ៣០នាក់បានធ្វើយុទ្ធនាការពាក់អាវខ្មៅនៅតំបន់បឹងកក់ទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិដែលជាប់ឃុំ រួមទាំងបន្ថែមសារទាមទារយុត្តិធម៌ឲ្យលោក កែម ឡី ដែលឃាតករបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
អ្នកស្រី ទេព វន្នី បញ្ជាក់ថា ក្រោយពីធ្វើសន្និសីទនៅព្រឹកនេះ ពួកគេនាំគ្នាយកកម្រងផ្កានិងថវិកាមួយចំនួនទៅរំលែកទុក្ខគ្រួសារសពលោក កែម ឡី។
ដោយឡែក អតីតប្រជាសហគមន៍បឹងកក់និងសហគមន៍ថ្មគោល បានអះអាងប្រហាក់ប្រហែលគ្នាថាថ្ងៃចន្ទដើមសប្តាហ៍នេះ ពួកគេមិនបានធ្វើយុទ្ធនាការពាក់អាវពណ៌ឬពាក់អាវសនៅក្នុងសហគមន៍ដូចសព្វដងនោះទេ។ ប៉ុន្តែពួកគេថានំាគ្នាទៅវត្តចាស់ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ដើម្បីចូលរួមរំលែកទុក្ខក្នុងបុណ្យសពលោក កែម ឡី។
គិតត្រឹមថ្ងៃទី១១ ខែកក្កដានេះ ប្រជាសហគមន៍មានជម្លោះដីធ្លីបានធ្វើយុទ្ធនាការអាវខ្មៅនេះ១០លើកហើយ ដោយចាប់ផ្តើមតាំងពីថ្ងៃទី៩ ខែឧសភាកន្លងមក។
គួរបញ្ជាក់ថាកាលពីថ្ងៃទី២ ខែឧសភា តុលាការបានសម្រេចឃុំខ្លួនមន្រ្តីសិទ្ធិមនុស្សអាដហុក លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងអ្នកស្រី លឹម មុន្នី និងមន្រ្តី គ.ជ.ប លោក នី ចរិយា ដោយចោទពីបទសូកប៉ាន់សាក្សីនិងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី។ អង្គការសង្គមស៊ីវិលនិងសកម្មជនដីធ្លីបានហៅការឃុំខ្លួននេះជារឿងអយុត្តិធម៌ ហើយពួកគេប្រកាសធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅទាមទាឲ្យមានការដោះលែងអ្នកជាប់ឃុំ។ ការធ្វើយុទ្ធនាការកន្លងមកស្រ្តីសកម្មជនដីធ្លីទាំងនោះត្រូវបានអាជ្ញាធររារាំងនិងចាប់ខ្លួនជាបន្តបន្ទាប់ ហើយពួកគេត្រូវបានដោះលែងវិញនៅថ្ងៃដដែល។
កាលនៅរស់ លោក កែម ឡី ដែលមានស្រុកកំណើតនៅខេត្តតាកែវនិងជាអ្នកស្រាវជ្រាវមួយរូបធ្លាប់បាននិយាយទៅកាន់សាធារណជនថា៖ “នៅពេលយើងវិភាគម្តងៗ ខ្ញុំមិនដែលគិតថាខ្លួនខ្ញុំមានជីវិតទេ។ ខ្ញុំចង់និយាយថានៅក្នុងប្រទេសមួយដែលមានខ្លាច្រើន ដែលមានពស់វែកច្រើន ដែលមានឆ្លាមច្រើន នៅពេលដែលយើងវិភាគម្តងៗ យើងមិនដែលគិតថាយើងមានជីវិតទេ។ ប៉ុន្តែបើសិនជាយើងនាំគ្នាខ្លាច យើងនាំគ្នាខ្លាចទាំងអស់គ្នា យើងអត់មានលទ្ធភាពផ្តល់គំរូដល់យុវជនទេ យើងអត់មានលទ្ធភាពកែប្រែប្រទេសយើងទេ អញ្ចឹងហើយបានខ្ញុំហ៊ាននិយាយបែបនេះ”៕