មូលនិធិរូបិយវត្ថុអន្តរជាតិកាលពីថ្ងៃម្សិលមិញបានព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងនៅរក្សាបានកំណើន៧ភាគរយ នៅក្នុងឆ្នាំនេះដោយផ្អែកទៅលើកំណើននៃការនាំចេញសម្លៀកបំពាក់ ការរីកចម្រើននៃវិស័យអចលនទ្រព្យ និងការធ្លាក់ចុះតម្លៃប្រេងឥន្ធនៈ។ នេះដោយយោងតាមការចុះផ្សាយរបស់កាសែត ខ្មែរថែមស៍ ដែលបានដកស្រង់សម្ដីលោក Markus Rodlauer នាយករងនៃនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិកនៃមូលនិធិរូបិយវត្ថុអន្តរជាតិ IMF។
ទោះជាយ៉ាងណាការព្យាកររបស់ IMF មានកម្រិតខ្ពស់ជាងការព្យាកររបស់រដ្ឋាភិបាលកម្ពុជាដែលបានវាយតម្លៃកាលពីដើមឆ្នាំ២០១៦នេះថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន៦.៩ភាគរយ។
ក្នុងកិច្ចសម្ភាសជាមួយកាសែត ខ្មែរថែមស៍ កាលពីថ្ងៃម្សិលមិញ លោក Markus Rodlauer បានថ្លែងថាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាបែបនេះគឺផ្អែកទៅលើដំណើរលូតលាស់យ៉ាងលឿននៃសេដ្ឋកិច្ចនិងការវិវត្តរបស់ប្រទេសនេះពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យម។
ទោះជាយ៉ាងណាមន្ត្រីជាន់ខ្ពស់ស្ថាប័ន IMF រូបនេះបានព្រមានថាកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែងនឹងធ្លាក់ចុះមកនៅត្រឹម៦.២៥ភាគរយវិញនៅ៥ឆ្នាំក្រោយ ដោយសារតែការធ្លាក់ចុះខាងវិនិយោគបរទេស បញ្ហាផ្នែកពិពិធកម្មនៃការនាំចេញ និងការធ្លាក់ចុះផ្នែកកម្ចីឥណទានធនាគារ៕