នៅដើមខែកុម្ភៈកន្លងទៅនេះមានបាតុកម្មពីរក្រុមដែលមានគោលបំណងផ្ទុយគ្នារវាងក្រុមអតីតអ្នកបើករថយន្តឲ្យក្រុមហ៊ុនកាពីតូលនិងសមាគមអ្នករត់ម៉ូតូនិងរ៉ឺម៉កង់បីបានប៉ះទង្គិចគ្នានៅមុខក្រុមហ៊ុនកាពីតូលដឹកអ្នកដំណើរ ហើយបានបណ្តាលឲ្យភាគីទាំងសងខាងមានរបួស។
បាតុកម្មគឺជាសកម្មភាពរបស់មនុស្សមួយក្រុមដែលតវ៉ាតាមរយៈការលើកបដានៅមួយកន្លែងឬដើរជាក្បួនជាដើមដើម្បីបង្ហាញជំហររបស់ពួកគេលើបញ្ហាអ្វីមួយឬដើម្បីការពារផលប្រយោជន៍ណាមួយ។
ចុះបើមានបាតុកម្មលើសពីមួយក្រុមធ្វើឡើងក្នុងពេលនិងទីកន្លែងតែមួយតើច្បាប់អនុញ្ញាតឬទេ?
អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុកលោក ណៃ វ៉ង់ដា លើកឡើងថាច្បាប់មិនអនុញ្ញាតឲ្យបាតុកម្មពីរក្រុមធ្វើឡើងក្នុងពេលតែមួយនិងកន្លែងតែមួយទេដោយលោកបញ្ជាក់ថាគោលបំណងនៃច្បាប់កុំឲ្យមានការប៉ះទង្គិចគ្នាកើតឡើង។
លោក ណៃ វ៉ង់ដា លើកឡើងថាករណីបាតុកម្មពីរអាចនឹងមានការប៉ះទង្គិចគ្នានោះគឺសមត្ថកិច្ចមានតួនាទីសំខាន់ក្នុងទប់ស្កាត់ឲ្យបានទាន់ពេលវេលា។ លោកបន្តថាបើករណីនៅមុខក្រុមហ៊ុនកាពីតូលគឺអតីតអ្នកបើករថយន្តឲ្យក្រុមហ៊ុនកាពីតូល និងក្រុមអ្នកបើកម៉ូតូកង់បីមកពីសមាគមរួមគ្នាដើម្បីអភិវឌ្ឍកម្ពុជាអាចធ្វើបាតុកម្មដោយសន្តិវិធីនៅពីកន្លែងផ្សេងគ្នាបាន។ លោកបន្ថែមថា៖ “បើក្រុមអ្នករត់តុតុហ្នឹងចង់ធ្វើការតវ៉ាបាតុកម្មគាត់អាចលើកបដាមួយផ្នែកទៅថាក្រុមហ៊ុនហ្នឹងចិត្តល្អចេះចិត្តល្អចុះធ្វើឲ្យគាត់រស់នៅបានដឹកភ្ញៀវដឹកអីបានក្រុមហ៊ុនចិត្តល្អថៅកែមាន Tip មាន bonus អីចឹងទៅ។ អាហ្នឹងជាសិទ្ធិរបស់គាត់មិនមែនទៅវាយអ្នកតវ៉ាផ្សេងថាខ្លាចប៉ះពាល់ឆ្នាំងបាយរបស់ពួកគាត់ទេ”។
មាត្រា១៤នៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធីលើកឡើងថាក្នុងករណីដែលចំនួនក្រុមនៃការធ្វើបាតុកម្មដោយសន្តិវិធីលើសពីពីរក្រុមផ្សេងគ្នាហើយចង់ធ្វើនៅកន្លែងតែមួយនិងពេលតែមួយនោះអាជ្ញាធរដែនដីរាជធានីនិងខេត្តមានសត្ថកិច្ចត្រូវសម្រេចឲ្យក្រុមដែលបានដាក់លិខិតជូនដំណឹងមុនទទួលបានសិទ្ធិធ្វើមុនឬអាចអនុញ្ញាតឲ្យធ្វើការនៅកន្លែងមួយផ្សេងទៀតដែលមានចម្ងាយយ៉ាងតិច៥០០ម៉ែត្រ។
កាលពីថ្ងៃទី២៦ខែតុលាឆ្នាំ២០១៥អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាបានធ្វើបាតុកម្មប្រឆាំងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅរាជធានីភ្នំពេញបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទថាគណបក្សសង្គ្រោះជាតិថាជាអ្នករៀបចំឲ្យពលរដ្ឋធ្វើបាតុកម្មប្រឆាំងរូបលោកនៅសហរដ្ឋអាមេរិកនិងបារាំង។ នៅថ្ងៃដដែលនោះអ្នកចូលរួមធ្វើបាតុកម្មបានវាយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូបឲ្យរងរបួសធ្ងន់នៅក្បែររបងរដ្ឋសភា។
លោក ណៃ វ៉ង់ដា លើកឡើងថាបាតុកម្មប្រឆាំងបាតុកម្មមិនមានផលប្រយោជន៍ល្អសម្រាប់សង្គមទេលោកបញ្ជាក់ថាផ្ទុយទៅវិញវានឹងបង្កជាអំពើហិង្សាធ្វើឲ្យប៉ះពាល់ដល់ប្រទេសជាតិទៅវិញ។ លោកសរសើរឥរិយាបថលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលជួបការតវ៉ានៅសហរដ្ឋអាមេរិកនៅថ្ងៃទី១៥ខែកុម្ភៈមិនមានប្រតិកម្មតបហើយប្តូរបរិយាកាសទៅជួបអ្នកគាំទ្រទៅវិញ។ លោកបន្ថែមថា៖ “សម្តេចនាយករដ្ឋមន្ត្រីទៅអាមេរិកហើយជួបការតវ៉ាប្រឆាំងការដឹកនាំរបស់គាត់នៅទីនោះហើយគាត់ក៏ឆ្លៀតជួបអ្នកគាំទ្ររបស់គាត់រាប់រយនាក់នៅក្នុងសណ្ឋាគារដែលបង្ហាញពីការគាំទ្រមិនមែនយកបាតុកម្មទៅទប់ជាមួយ បាតុកម្មមិនមែនសងសឹកដោយបាតុកម្មហើយក៏មិនមែនយកបន្លាជួសបន្លាដែរ។ នេះជាគំរូមួយល្អគួរឲ្យកោតសរសើរ”។
មាត្រា២០នៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធីចែងថាករណីបាតុកម្មដោយសន្តិវិធីបានក្លាយទៅជាហិង្សាអាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការសមស្របដើម្បីទប់ស្កាត់និងបញ្ឈប់បាតុកម្មនេះជាបន្ទាន់។
តាមរបាយការណ៍ក្រសួងមហាផ្ទៃបង្ហាញថានៅឆ្នាំ២០១៣ចំនួនបាតុកម្ម-កូដកម្មកើតមានចំនួន៨៤២លើក។ ដែលបាតុកម្ម-កូដកម្មនោះធ្វើឡើងដោយប្រជាពលរដ្ឋ៤២៤លើកនិងកម្មករចំនួន៤១៨លើក ហើយបានធ្វើឲ្យខាតបង់ថវិកាអស់ជាច្រើន៕