យុវជនរងការចោទប្រកាន់ថាញុះញង់​ឲ្យ​មាន​បដិវត្តន៍ពណ៌អំពាវនាវ​ឲ្យ​តុលាការសម្រាលទោស​

យុវជន គង់ រ៉ៃយ៉ា ត្រូវបាននាំមក​ចូលបន្ទប់សវនាការ​ នៅព្រឹកថ្ងៃសុក្រនេះ

យុវជនម្នាក់ដែលរងការចោទប្រកាន់ពីបទញុះញង់ឲ្យមានបដិវត្តន៍​ពណ៌​ប្រឆាំងរដ្ឋាភិបាល នៅថ្ងៃ​សុក្រនេះ​ បានអំពាវនាវ​ដល់តុលាការ​រាជធានីភ្នំពេញ ឲ្យ​បន្ថូរបន្ថយទោស ដោយ​អះអាង​ថា​ខ្លួន​មិន​មាន​បំណង​ធ្វើ​បដិវត្តន៍អ្វីនោះទេ។​

យុវជន គង់ រ៉ៃ​យ៉ា ត្រូវចាប់ខ្លួនកាលពីថ្ងៃទី​២១ខែសីហា ឆ្នាំ​២០១៥ ពាក់ព័ន្ធការចោទ​ថា​ញុះញង់​ឲ្យ​មាន​បដិវត្តន៍ពណ៌តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​។

នៅ​ក្នុងសាលសវនការ ចៅក្រមជំនុំជម្រះ​ លោក​ ហេង សុខណា បានសាកសួរជនជាប់ចោទ គង់ រ៉ៃយ៉ា ទាក់​ទងនឹងសារដែល​គាត់បានបង្ហោះនៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី៧ និងទី១៤ ខែសីហា ឆ្នាំ២០១៥ ដែល​មានខ្លឹមសារដើមមួយចំនួនថា៖ “តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តន៍ពណ៌ដើម្បីផ្លាស់ប្តូររបបមួយនេះចេញពីសង្គម ខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ”។ ចៅក្រមសួរថាតើជនជាប់ចោទបានយល់ពីអត្ថ​ន័យពាក្យ“បដិវត្តន៍ពណ៌”ដែរឬយ៉ាងណា? និងសួរទៀតថាតើជនជាប់ចោទបានដឹងថាពាក្យពេចន៍មួយចំនួនទៀត ដែលគាត់បានសរសេរថា “ស្តេចទីងម៉ោង ស្តេចអាចម៌គោនិងបន្តោសគណបក្សយួនចូលដៃសម្លាប់ខ្មែរជាដើម” ជាការប្រមាថដល់ព្រះម​ហាក្សត្រ និងគណបក្សយោបាយដែរឬយ៉ាងណា។

ជាការឆ្លើយតប ជនជាប់ចោទ គង់ រ៉ៃយ៉ា ទទួលស្គាល់ថាពាក្យពេចន៍ទាំងនោះពិតជាមិនសមរម្យមែន ហើយយុវជនរូបនេះបានអះអាងថាខ្លួនក៏បានលុបសារទាំងនោះចេញពីទំព័រហ្វេសប៊ុកចេញវិញនៅ២ថ្ងៃបន្ទាប់ពីថ្ងៃដែលកាត់បានបង្ហោះ។ យុវជន គង់ រ៉ៃយ៉ា ក៏បញ្ជាក់ថាខ្លួនមិនបានយល់ច្បាស់ពីពាក្យបដិវត្តន៍ពណ៌នោះទេ។​

គង់ រ៉ៃយ៉ា អះអាងថា គ្រូរបស់​ខ្លួន​បាន​ពន្យល់​ថាបដិវត្តន៍ពណ៌ គឺជា​ការ​ប្រមូល​ផ្តុំ​កម្លាំង​ ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ​ដោយ​សន្តិវិធី ពោល​គឺ​មាន​ន័យ​ប្រ​ហាក់ប្រហែល​នឹង​ពាក្យ​ថា​បាតុកម្ម។

តុលាការបាន​កោះ​ហៅ​សាស្រ្តាចារ្យវិទ្យាសាស្រ្ត​នយោបាយ លោក ឯម សុវណ្ណារ៉ា ដែល​ជាគ្រូរបស់​គង់​ រ៉ៃយ៉ា ឲ្យចូល​មក​ធ្វើ​សាក្សីក្នុង​សវនាកា តែ​លោក​អវត្តមាន។ ទោះយ៉ាណា តុលាការ​បានឲ្យ​ដឹ​ង​ថាលោក ឯម សុវណ្ណារ៉ា ធ្លាប់​ប្រាប់​ចៅក្រមស៊ើបសួរនាពេលកន្លងទៅ​ថាលោកបានពន្យល់ពាក្យ​បដិវត្តន៍ពណ៌ទៅ​កាន់​សិស្សក្នុង​ថ្នាក់ ដែល​មាន​យុវជន​ គង់ រ៉ៃយ៉ា ផង​ដែរថាបដិវត្តពណ៌គឺជា​ការប្រ​មូល​ផ្តុំ​កម្លាំង​ដើម្បី​ផ្តួល​រំលំ​រចនា​សម្ព័ន្ធនយោបាយនិង​​បាន​លើកឧទាហរណ៍ ករណី​ប្រ​ទេស​ទុយនេស៊ី។

ទោះ​យ៉ាងណា យុវជន​ គង់​ រ៉ៃយ៉ា បាន​បញ្ជាក់ថាគ្រូបានលើ​ពីប្រ​ទេស​ទុយនេស៊ីមែន តែមិនបាន​ពន្យល់​ថា​មានអ្វីកើតឡើងនោះ​ទេ។

លោក គង់ រ៉ៃយា បញ្ជាក់ប្រាប់ចៅក្រមថាខ្លួនគេគ្មានចេតនាណាមួយបង្កចលាចលដល់សង្គមឬចង់ដឹកនាំបដិវត្តន៍​អ្វីនោះហើយបានសំណូមពរឲ្យចៅក្រមសម្រាលទោសដល់រូបគាត់។

លោក​បន្ថែមថា៖ ខ្ញុំដឹងកំហុសឆ្គងខ្លះក្រោយពីជាប់ពន្ធនាការជាង៦ខែ…ដែលសរសេរអំពាវនាវឲ្យធ្វើបដិវត្តន៍ពណ៌ សរសេរដោយមិនបានស្រាវជ្រាវ មិនបានដឹងថាវាអាចប៉ះបាល់ដល់សន្តិសុខសង្គម មិនគួរសរសេររិះគន់ព្រះមហាក្សត្រ”

យុវជន គង់ រ៉ៃយ៉ា ដែលត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ​២០១៥
យុវជន គង់ រ៉ៃយ៉ា ដែលត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ​២០១៥

មេធាវីការពារក្តីឲ្យយុវជន គង់ រ៉ៃយ៉ា លោក សំ សុគង់ ថ្លែងទៅកាន់ចៅក្រមថាអ្វីដែលកូនក្តីរបស់លោកបានសរសេរគឺគ្រាន់តែជាការសម្តែងមតិមិនពេញចិត្តទៅនឹងបញ្ហារបស់សង្គមមួយចំនួនប៉ុណ្ណោះ។ លោកថាកូនក្តីរបស់លោកកន្លងមកក៏ធ្លាប់បានសរសររិះគន់បញ្ហាសិទ្ធិមនុស្សនិងបរិស្ថានផងដែរ។ លោកបន្តប្រាប់ចៅក្រមទៀតថាកូនក្តីរបស់លោកមិនមែនជាមេដឹកនាំក្រុមមនុស្សណាមួយ ហើយក៏មិនមែនជាសមាជិ​កគណបក្សនយោបាយដែរ ដោយ​លោកបញ្ជាក់​ថាសំណេររបស់កូនក្តីលោកគ្មានឥទ្ធិពលធ្វើឲ្យមានចលា​ចលសង្គមដែរ។

លោក សំ សុគង់ បន្តថាជាក់ស្តែងក្រោយពីកូនក្តីរបស់លោកបានបង្ហោះសារទាំងនោះ ក៏មិនឃើញមានបញ្ហាអ្វីមួយក់តឡើងនៅក្នុងសង្គមនោះដែរ។ មេធាវីរូបនោះ​បាន​ស្នើឲ្យចៅក្រមពិចារណាទៅដល់ការសិក្សា​របស់យុវជន គង់ រ៉ៃយ៉ា​ ដោយស្នើ​សុំ​ចៅក្រមលើកលែងការចោទប្រកាន់មកល់កូនក្តីរបស់លោក។

បងថ្លៃ​របស់​យុវជន​ គង់ រ៉ៃយ៉ា គឺអ្នក​ស្រី គិត ប៊ុន​ធឿន យល់​ថា​សំណេរ​របស់​ប្អូន​អ្នក​ស្រី​មិន​គួរណា​ត្រូវ​រងការ​ចោទប្រកាន់និង​មាន​ទោស​ទណ្ឌនោះ​ទេ ដោយ​អ្នក​ស្រី​បញ្ជាក់ថា ពាក្យពេចន៍​ក្នុងសារនោះ មិន​មាន​ន័យ​បង្កអំពើ​ចលាចលណាមួយ​​ដល់សង្គមនោះទេ។ អ្នក​ស្រីបន្ថែមថា៖ “គឺ​ថា​ទី​២ទៀត​ពាក្យ​វាហ្នឹងមិនមាន​ធ្ងន់ធ្ងរអីអ៊ីចឹងណា ប៉ុន្តែ​បើ​សិនជា​គេ​ប្រ​កាន់​គេថាយើងញុះញង់បះ​បោរ…អានេះ​វាស្តាយវ័យ​សិក្សា​របស់​ក្មេង បើ​សិនជាច្បាប់​អាចលើកលែងពីការ​ចោទប្រកាន់​អីអ៊ីចឹងទៅវាគ្នាអាចសិក្សាបន្តទៀត ហើយម្យ៉ាងទៀតវាក៏ជាទំពាំស្នងឫស្សីអ៊ីចឹងអូនណា”

ប្រធាន​បច្ចេកទេស​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការលីកាដូនិង​ជាអ្នក​តាម​ឃ្លាំមើល​ដំណើរការសវនាការនេះ លោក អំ សំអាត លើក​ឡើងថា​យុវជន​គង់ រ៉ៃយ៉ា មិន​គួរណា​ត្រូវបាន​ចាប់​ខ្លួននិង​រងការ​ចោទ​ប្រ​កាន់​ ដោយ​គ្រាន់​តែ​សរសេរ​សារនៅលើ​ទំព័រហ្វេសប៊ុក​យ៉ាងនេះ​នោះ​ទេ។ លោក​ថាអ្វីដែល​គង់ រ៉ៃយ៉ា បាន​សរសេរ​លើទំព័រហ្វេសប៊ុក​គ្រាន់តែជា​ការ​បញ្ចេញមតិនិងមិនបាន​បង្កជា​​ចលាចលអ្វី​ដល់​សង្គម​នោះ​ដែរ។ លោក​សំណូមពរឲ្យ​ចៅក្រម​លើក​លែង​ការ​ចោទប្រកាន់និង​ដោះ​លែងយុវជន​នេះ​ឲ្យមាន​សេរីភាពវិញ។

លោក​បន្ថែមថា៖ “យោង​តាម​ការ​ជជែក​ដេញ​ដោល​ទាំងអស់​នេះខ្ញុំ​គិតថា​ដូចជាមិន​មែន​អ្វីចោទប្រកាន់​ទៅ​លើ​យុវជន​គង់ រ៉ៃយ៉ា ទេ អានេះជា​សិទ្ធិសេរី​ភាព​ក្នុងការ​បញ្ចេញ​មតិ គួរតែ​មាន​ការ​លើកលែង​ចោទ​ហើយអនុញ្ញាតឲ្យគាត់បានទៅ​សិក្សា ដែល​យើងគិត​ថាជាសរសទ្រូងរបស់​ប្រ​ទេសជាតិនៅពេលក្រោយនោះបាទ”។​

គួរ​បញ្ជាក់​យុវជន គង់ រ៉ៃ​យ៉ា ជានិស្សិត​រៀន​នៅ​សកល​វិទ្យាល័យ​ខេមរៈ​។ យុវជនម្នាក់នោះ​​ត្រូវបាន​តុលា​ការ​ចោទប្រកាន់​តាម​មាត្រា៤៩៤និង៤៩៥ ពីបទ​ញុះញង់​ឲ្យ​មាន​ការប្រព្រឹត្ត​បទឧក្រិដ្ឋ។ តុលាការ​នឹង​ប្រកាសសាលក្រមនៅថ្ងៃទី​១៥ខែ​មីនា ឆ្នាំ​២០១៦៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ