អនុប្រធានទី២នៃរដ្ឋសភា លោក ងួន ញ៉ិល បានស្នើឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បំភ្លឺរឿងញត្តិរបស់យុវជនមួយក្រុម ទាក់ទងនឹងរឿងអាស្រូវស្នេហាតាមខ្សែអាត់សំឡេងដែលត្រូវបានទម្លាយតាមប្រព័ន្ធសង្គមហ្វេសប៊ុក។
នៅក្នុងលិខិតមួយចុះថ្ងៃទី២១ ខែមីនា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា លោក ឡេង ប៉េងឡុង បានសរសេរថាលោក ងួន ញ៉ិល ប្រធានរដ្ឋសភាស្តីទីកាលពីលោក ហេង សំរិន អវត្តមានក្នុងប្រទេស បានប្រគល់ភារកិច្ចឲ្យអគ្គលេខាធិការដ្ឋានរដ្ឋសភាបញ្ជូនញត្តិរបស់យុវជនទៅលោក កឹម សុខា។ រដ្ឋសភាបញ្ជាក់ថាខ្លួនបានទទួលញត្តិស្នើសុំរបស់យុវជនឈ្មោះ ស្រី ចំរើន ដែលមានខ្លឹមសារស្នើសុំឲ្យលោក កឹម សុខា ឆ្លើយបំភ្លឺចំពោះខ្សែអាត់សំឡេងស្នេហា”អសីលធម៌”ដែលសង្ស័យថាជាសំឡេងរបស់លោក កឹម សុខា។
រដ្ឋសភាបញ្ជាក់ថា៖ “…ដើម្បីការពារកិត្យានុភាពរបស់រដ្ឋសភា ការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់តំណាងរាស្រ្ត ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ប្រធានរដ្ឋសភាស្តីទី បានប្រគល់ភារកិច្ចឲ្យអគ្គលេខាធិការដ្ឋានរដ្ឋសភាបញ្ជូនញត្តិនេះជូនឯកឧត្តម”។
រដ្ឋសភាបានបញ្ជាក់ថាការស្នើឲ្យបំភ្លឺញត្តិស្នើសុំរបស់យុវជននេះធ្វើឡើងតាមមាត្រា៣៥នៃរដ្ឋធម្មនុញ្ញដែលចែងថា៖ “ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌របស់ប្រទេសជាតិ”។
សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និង ដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
រដ្ឋសភាបានស្នើឲ្យលោក កឹម សុខា ផ្តល់នូវការបំភ្លឺតាមសំណើ”ឲ្យបានឆាប់ តាមការគួរ”។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង មានប្រសាសន៍ថារដ្ឋសភាមិនទាន់ដឹងថាតើនឹងមានចំណាត់ការអ្វីទៀតទេ ប្រសិនបើលោក កឹម សុខា មិនបំភ្លឺលើករណីនេះ។ លោកបញ្ជាក់ថាប្រសិនបើលោក កឹម សុខា មិនបំភ្លឺ រដ្ឋសភានឹងជូនដំណឹងទៅក្រុមយុវជនដែលបានដាក់ញត្តិ។
គួរបញ្ជាក់ថាកាលពីថ្ងៃទី១៤ ខែមីនា យុវជនក្រុមបាននាំគ្នាដាក់ញត្តិទៅរដ្ឋសភា ដើម្បីឲ្យស្ថាប័ននេះកោះហៅលោក កឹម សុខា ចេញមុខបកស្រាយរឿងខ្សែអាត់សំឡេងនោះ។ កាលពីថ្ងៃសុក្រសប្ដាហ៍មុន យុវជនមួយក្រុមមានគ្នាប្រមាណ៣០នាក់ បានដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយក្រុមយុវជនអះអាងថាពួកគេសង្ស័យថា លោក កឹម សុខា បានផ្ដល់លុយឲ្យស្រីស្នេហ៍ទិញផ្ទះនិងដី ហើយអាចជាប់ពាក់ព័ន្ធអំពើពុករលួយ។ អង្គភាពប្រឆាំងអំពើពុករលួយនឹងបើកប្រជុំមួយនៅព្រឹកថ្ងៃអង្គារស្អែកនេះ ដើម្បីវិភាគទៅលើពាក្យបណ្ដឹងរបស់យុវជនមួយក្រុមដែលបានប្ដឹង លោក កឹម សុខា ដោយពួកគេចោទថាបានផ្ដល់លុយឲ្យនារីម្នាក់ទិញផ្ទះនិងដី។
ចំណែកកាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថាលោកមានរូបភាពអ្នកនយោបាយល្បីឈ្មោះម្នាក់នាំស្រីទៅចូលសណ្ឋាគារមួយនៅទីក្រុងបាងកកប្រទេសថៃ។ ថ្វីត្បិតតែលោក ហ៊ុន សែន មិនបានបញ្ចេញឈ្មោះអ្នកនយោបាយនោះក៏ដោយ តែមជ្ឈដ្ឋានជាច្រើនគិតថាលោកនាយករដ្ឋមន្រ្តីសំដៅដល់លោក កឹម សុខា ដែលកំពុងរងការចោទថាមានរឿងអាស្រូវស្នេហា៕