ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងថាអង្គភាព នៅព្រឹកថ្ងៃចន្ទនេះ បានឃាត់ខ្លួនឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង លោក ស៊ុត ឌីណា មកសាកសួរ ពាក់ព័ន្ធនឹងការចោទប្រកាន់អំពើពុករលួយ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ប្រាប់វីអូឌីនៅព្រឹកថ្ងៃចន្ទនេះថាលោក ស៊ុត ឌីណា ត្រូវបាននាំពីក្រសួងការបរទេសកម្ពុជា ទៅសាកសួរ នៅម៉ោងប្រមាណ៨ព្រឹកនេះ ក្រោយពីលោកត្រឡប់មកពីប្រទេសកូរ៉េខាងត្បូងមកដល់កម្ពុជាកាលពីយប់ថ្ងៃអាទិត្យ។ លោកបញ្ជាក់ថា លោក ស៊ុត ឌីណា ត្រូវឃាត់ខ្លួនមកសាកសួរពាក់ព័ន្ធនឹងអំពើពុករលួយ តាមបណ្តឹងមួយចំនួន។ ទោះជាយ៉ាងណា លោកបដិសេធមិនអត្ថាធិប្បាយលម្អិតលើការចោទប្រកាន់អំពើពុករលួយនេះ។
លោកមានប្រសាសន៍ថា៖ ”យើងបាននាំខ្លួនឯកឧត្តមស៊ុត ឌីណា មកអង្គភាព ដើម្បីយើងស្តាប់ចម្លើយ ហើយខាងមុខតិចទៀតបានយើងអាចដឹង ប៉ុន្តែស្ថិតនៅក្នុងមូលបទបញ្ហាពុករលួយ អត់មានរឿងអីផ្សេងទេបាទ”។
អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី ប្រាប់វីអូឌីថា៖ “ខ្ញុំុមិនមានព័ត៌មានសម្រាប់ផ្តល់ជូន”។
ការចាប់ខ្លួនលោក ស៊ុត ឌីណា ធ្វើឡើងស្របពេលដែលកូនប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បានកំពុងសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូង។ លោក ស៊ុត ឌីណា បានរៀបចំពិធីជួបជុំរវាងលោក ហ៊ុន ម៉ាណែត និងពលរដ្ឋខ្មែរនៅទីនោះ កាលពីថ្ងៃទី២ ខែមីនា។
កាលពីថ្ងៃទី១៤ខែមីនា លោក ស៊ុត ឌីណា បានផ្ញើសារមួយតាមរយៈហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តីមេត្តាពិនិត្យនិងផ្តល់យុត្តិធម៌ដល់រូបលោក ដោយលោកថាលោកកំពុងត្រូវបានគេមូលបង្កាច់និងមានចេតនាទម្លាក់លោកចេញពីតំណែង។ លោកមានប្រសាសន៍ថា៖ “ហេតុអី រយៈពេលពីរឆ្នាំដែលខ្ញុំបាទបំពេញមុខងារជាឯកអគ្គរាជទូត នៅសាធារណរដ្ឋកូរ៉េ ដែលខ្ញុំបាទបានលះបង់គ្រប់យ៉ាង ដើម្បីរាជរដ្ឋាភិបាល ដើម្បីគណបក្សប្រជាជនកម្ពុជា បែរជាត្រូវទទួលរងនូវការរៀបចំសេណារីយ៉ូមូលបង្កាច់ បង្ខូចនិងមានការចាត់បញ្ជូនក្រុមមនុស្សមកធ្វើសវនកម្មពីរបីដង។ ថ្ងៃនេះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ មកមួយក្រុមទៀត(មកពីអង្គភាពពិសេស )”។
លោក ស៊ុត ឌីណា បានបញ្ជាក់ក្នុងសារទៅនាយករដ្ឋមន្រ្តីថា៖ “បើខ្ញុំបាទមិនមានជំហររឹងមាំទេ គឺមិនអាចយកឈ្នះលើសមរភូមិការងាររដ្ឋបាល ការទូត និង នយោបាយដ៏ក្តៅនេះបានឡើយ។ មន្រ្តីដែលបញ្ជូនមកក្រោយៗនេះ គឺគ្មានមនសិការការងារ គ្មានភាពលះបង់ឬស្អាតស្អំ ក្នុងឋានៈជាមន្រ្តីបម្រើពលករ និងពលរដ្ឋខ្មែរទេ គេគិតតែប្រមូលផ្តុំក្បាលគ្នារកគ្រប់ឧបាយកលប្តឹង មូលបង្កាច់និងបង្ខូចកេរ្ត៍ឈ្មោះខ្ញុំបាទ ដើម្បីកំចាត់ខ្ញុំបាទចេញពីតួនាទីដែលបម្រើរាស្រ្តនិងបាំងផលប្រយោជន៍ពួកគេនិងពួកនៅពីក្រោយខ្នង”។
លោក ស៊ុត ឌីណា ក៏បានសុំទោសនាយករដ្ឋមន្រ្តី ដែលលោកបានស្នើសុំនៅលើហ្វេសប៊ុកបែបនេះ។
លោក ស៊ុត ឌីណា ធ្លាប់ប្រាប់វីអូឌី(VOD)លោកចង់ផ្ញើសារនេះទៅកាន់មន្រ្តីពាក់ព័ន្ធមួយចំនួនដែលលោកថាចង់ឲ្យចេះធ្វើការជាមួយបញ្ញវន្តនិងតាមបរិបទនៃកំណែទម្រង់ស៊ីជម្រៅ។ លោកមានប្រសាសន៍ថា៖ “ខ្ញុំសរសេរហ្នឹងក្នុងន័យចង់ឲ្យមន្រ្តីដែលមកបុករុកហ្នឹង ដឹងឭ។ ចង់ឲ្យមន្រ្តីមួយចំនួនពាក់ព័ន្ធហ្នឹងចេះធ្វើការជាមួយបញ្ញវ័ន្ត ក្នុងបរិបទកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលលុបបំបាត់អំពើពុករលួយ មន្រ្តីអសកម្ម កុំឲ្យគាត់នាំគ្នាបង្កបរិយាកាសធ្វើឲ្យពិបាក”។ លោកបដិសេធមិនអត្ថាធិប្បាយលម្អិតលើបញ្ហាដែលលោកជួបប្រទះ។
លោក ស៊ុត ឌីណា បន្តថាមូលហេតុដែលលោកសរសេរជាសាធារណៈបែបនេះ ដោយថាចង់ឲ្យមានតម្លាភាពនិងឲ្យសាធារណជនបានដឹងពីបញ្ហានេះ។ លោកបញ្ជាក់ថាលោកមិនបារម្ភពីការបាត់បង់តំណែង ដោយសារការសរសេរសារបែបនេះនោះទេ។
គួរបញ្ជាក់ថាលោក ស៊ុត ឌីណា គឺអតីតប្រធានចលនានិស្សិតដែលគាំទ្រសម្តេចក្រុមព្រះ ហើយធ្លាប់ដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែពេលនេះលោកបានធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា៕