ឪពុកម្តាយរបស់ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូងដែលកំពុងជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់អំពើពុករលួយ បានចេញមុខសុំឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជួយឲ្យកូនប្រុសបានរួចខ្លួនពីការចោទប្រកាន់និងអះអាងថាកូនរបស់គាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។
ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីព្រឹកថ្ងៃចន្ទ តាមបណ្តឹងរបស់ប្រជាពលរដ្ឋមួយចំនួន។ រហូតមកដល់ពេលនេះ អង្គភាព មិនទាន់ទម្លាយថាជាអំពើពុករលួយលើបញ្ហាអ្វីនោះទេ ហើយលោក ស៊ុត ឌីណា នឹងត្រូវបញ្ជូនទៅតុលាការនៅពេលណានោះទេ។
នៅក្នុងវីដេអូឃ្លីបមួយ កំពុងអង្គុយលើរទេះរុញខាងមុខផ្ទះឈើចាស់មួយខ្នង ឪពុករបស់លោក ស៊ុត ឌីណា គឺលោក ស៊ុត ប៉េងគុណ ដែលអះអាងថាជាបុគ្គលិករដ្ឋសភាចូលនិវត្តន៍ បានលើកឡើងថា លោកមិនជឿថាកូនរបស់លោកបានប្រព្រឹត្តអំពើពុករលួយនោះទេ ដោយលោកថាកូនរបស់លោកគឺលោក ស៊ុត ឌីណា មិនមែនជាមនុស្សមានធនធានអ្វីនោះទេ។ លោកបានអំពាវនាវឲ្យលោកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយឲ្យកូនរបស់លោកបានរួចខ្លួននិងមកជួបជុំគ្រួសារវិញ។
លោកមានប្រសាសន៍ថា៖ “កូនខ្ញុំនេះមិនដែលបានលុយឲ្យខ្ញុំរាប់រយ រាប់ពាន់ដុល្លារទេ មានតែខ្ញុំជាឪពុកម្តាយនេះខំឆ្លៀតបេះពីមាត់ពីកពីប្រាក់បំណាច់ដែលរាជរដ្ឋាភិបាល រដ្ឋសភាឲ្យខ្ញុំជាប្រាប់ចូលនិវត្តន៍ ខ្ញុំទិញនេះទិញនោះឲ្យកូនខ្ញុំទទួលទានធ្វើម៉េចឲ្យបានគ្រប់មិនមែនបានប្រាក់អីពីកូនទេទាន…សូមឲ្យសម្តេចមេត្តាជួយសន្តោសប្រោសប្រណីអនុគ្រោះដល់កូនខ្ញុំ ជាពិសេសជួយឲ្យកូនខ្ញុំបានរួចទោសចាប់បីថ្ងៃនេះតទៅណាស់ម្តេចណា”។
ក្នុងវីឌីអូឃ្លីបនោះដែរ ម្តាយរបស់លោក ស៊ុត ឌីណា ដែលមិនបានប្រាប់ឈ្មោះ ក៏បានអះអាងដែរថាកូនរបស់អ្នកស្រីបានខិតខំបំពេញការងារនៅកូរ៉េដើម្បីជួយពលករខ្មែរនៅទីនោះ ដោយមិនមានទទួលសំណូកនោះទេ។ អ្នកស្រីនិយាយទាំងទឹកភ្នែកថាបើសិនជាកូនអ្នកស្រីបានប្រព្រឹត្តអំពើពុករលួយ នោះគ្រួសារអ្នកស្រីមិនមានជីវភាពក្រីក្រដូចសព្វថ្ងៃនេះទេ។ អ្នកស្រីបន្ថែមថា៖ “សូមឲ្យសម្តេចទាំងពីរជួយកូនខ្ញុំផង ខ្ញុំគ្មានពាក្យអ្វីវែងឆ្ងាយទេសូមឲ្យតែសម្តេចជួយកូនខ្ញុំ កូនខ្ញុំមិនមែនពុករលួយទេ”។
វីអូឌីមិនអាចសុំការបញ្ជាក់ពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង បាននៅឡើយទេ ទាក់ទងនឹងសំណុំរឿងរបស់លោក ស៊ុត ឌីណា ដោយទូរស័ព្ទចូលច្រើនដងតែលោកមិនទទួល។
គួរបញ្ជាក់ថាលោក ស៊ុត ឌីណា គឺអតីតប្រធានចលនានិស្សិតដែលគាំទ្រសម្តេចក្រុមព្រះ ហើយធ្លាប់ដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែពេលនេះលោកបានធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
កាលពីថ្ងៃទី១៤ ខែមីនា លោក ស៊ុត ឌីណា បានផ្ញើសារមួយតាមរយៈហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តីមេត្តាពិនិត្យនិងផ្តល់យុត្តិធម៌ដល់រូបលោក ដោយលោកថាលោកកំពុងត្រូវបានគេមូលបង្កាច់និងមានចេតនាទម្លាក់លោកចេញពីតំណែង។ លោកមានប្រសាសន៍ថា៖ “ហេតុអី រយៈពេលពីរឆ្នាំដែលខ្ញុំបាទបំពេញមុខងារជាឯកអគ្គរាជទូត នៅសាធារណរដ្ឋកូរ៉េ ដែលខ្ញុំបាទបានលះបង់គ្រប់យ៉ាង ដើម្បីរាជរដ្ឋាភិបាល ដើម្បីគណបក្សប្រជាជនកម្ពុជា បែរជាត្រូវទទួលរងនូវការរៀបចំសេណារីយ៉ូមូលបង្កាច់ បង្ខូចនិងមានការចាត់បញ្ជូនក្រុមមនុស្សមកធ្វើសវនកម្មពីរបីដង។ ថ្ងៃនេះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ មកមួយក្រុមទៀត(មកពីអង្គភាពពិសេស )”។
លោក ស៊ុត ឌីណា ធ្លាប់ប្រាប់វីអូឌី(VOD)លោកចង់ផ្ញើសារនេះទៅកាន់មន្រ្តីពាក់ព័ន្ធមួយចំនួនដែលលោកថាចង់ឲ្យចេះធ្វើការជាមួយបញ្ញវន្តនិងតាមបរិបទនៃកំណែទម្រង់ស៊ីជម្រៅ។ លោកមានប្រសាសន៍ថា៖ “ខ្ញុំសរសេរហ្នឹងក្នុងន័យចង់ឲ្យមន្រ្តីដែលមកបុករុកហ្នឹង ដឹងឭ។ ចង់ឲ្យមន្រ្តីមួយចំនួនពាក់ព័ន្ធហ្នឹងចេះធ្វើការជាមួយបញ្ញវ័ន្ត ក្នុងបរិបទកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលលុបបំបាត់អំពើពុករលួយ មន្រ្តីអសកម្ម កុំឲ្យគាត់នាំគ្នាបង្កបរិយាកាសធ្វើឲ្យពិបាក”។ លោកបដិសេធមិនអត្ថាធិប្បាយលម្អិតលើបញ្ហាដែលលោកជួបប្រទះ។
អ្នកវិភាគបញ្ហាសង្គម លោក មាស នី យល់ថាវាជារឿងល្អដែលអង្គភាពប្រឆាំងអំពើពុករលួយបន្តអនុវត្តតួនាទីរបស់ខ្លួន តែលោកថាអង្គភាពមួយនេះគួរតែចាត់វិធានការស៊ើបអង្កេតករណីបទល្មើសព្រៃឈើនិងចាប់ខ្លួនឈ្មួញឈើខុសច្បាប់ផងដែរ។ លោកបន្តថាអង្គភាពមួយនេះហាក់មិនហ៊ានចាត់ការទៅលើបុគ្គលអ្នកមានអំណាចឬបុគ្គលដែលមានអ្នកមានអំណាចនៅពីក្រោយខ្នង។
លោកមានប្រសាសន៍ថា៖ “អ៊ីចឹងខ្ញុំនៅតែមើលឃើញថាក្រុមប្រឆាំងអំពើពុករលួយនៅមានការរើសអើស មិនចាត់ការទូទៅ មិនផ្តល់យុត្តិធម៌ដល់មន្ដ្រីទូទៅ ហើយដូចជារឿងពីមុនយើងឃើញអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់សាកល្បងធ្វើលើក្រសួងមហាផ្ទៃ តែដ៏ក្រសួងមហាផ្ទៃគេប្រឆាំងខ្លាំងទៅស្ងាត់ដល់ថ្ងៃនេះទៅ”៕