ស្ថានទូតបារាំងឲ្យដឹងថានាវាល្បាតនៃកងទ័ពជើងទឹកបារាំងឈ្មោះ វ៉ង់ដេមីញែរ (Vendémiaire) នឹងចូលសំចតនៅក្រុងព្រះសីហនុពីថ្ងៃទី២៣ដល់ថ្ងៃទី២៨ខែមេសាឆ្នាំ២០១៦ មុននឹងបន្តដំណើរទៅប្រទេសចិន។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា បានលើកឡើងថាការចូលសំចតបន្ទាប់ពីដំណើរល្បាតតាមសមុទ្រជាច្រើនខែនេះធ្វើឡើងដើម្បី “រិតចំណងមិត្តភាពរវាងកងទ័ពបារាំងនិងកម្ពុជា”។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល ក្នុងអំឡុងពេលចូលសំចតនេះកងយោធពលខេមរភូមិន្ទកម្ពុជានិងសិស្សានុសិស្សនៅខេត្តព្រះសីហនុនឹងមានឱកាសឡើងធ្វើទស្សនកិច្ចលើនាវាផងដែរ។ ក្រៅពីនេះលំហាត់សមរួមគ្នាជាមួយកងទ័ពកម្ពុជាក្នុងការគ្រប់គ្រងការខូចខាតនឹងត្រូវរៀបចំឡើង។
ក្នុងសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា នាវាល្បាតវ៉ង់ដេមីញែរ ដែលជានាវាល្បាតទី៥ក្នុងចំណោមនាវាល្បាតទាំង៦ បានចាប់ផ្តើមបំពេញបេសកកម្មនៅឆ្នាំ១៩៩៣ ដោយត្រូវបានដាក់ពង្រាយភ្លាមៗនៅមហាសមុទ្រប៉ាស៊ីហ្វិច។ នាវានេះមានមូលដ្ឋាននៅក្រុងនូមេអានៃប្រជុំកោះនូវែលកាឡេដូនី។ ក្នុងពេលមានសន្តិភាព នាវាល្បាតនេះបំពេញបេសកកម្មជាច្រើនដូចជាប្រចាំការនៅសមុទ្រ ដើម្បីល្បាតយកការណ៍និងប្រឆាំងបទល្មើសនានាព្រមទាំងផ្តល់កម្លាំងអន្តរាគមន៍លើដីគោក។ ម៉្យាងទៀតនាវានេះក៏បំពេញការងាររដ្ឋលើផ្ទៃសមុទ្រ ដូចជាការងារនគរបាលនាវាចរណ៍ ការឃ្លាំមើលការនេសាទ ការប្រយុទ្ធប្រឆាំងនឹងការបំពុលបរិស្ថាន និងសកម្មភាពមនុស្សធម៌៕