Miss Global 2015 ចេញមុខ​​​​​​​រៃអង្គាស​ប្រាក់​ជួយសង្គ្រោះ​​កុមារកម្ពុជា

បវរកញ្ញាខ្មែរអាមេរិកកាំងកញ្ញាVirginia Prak (ឆ្វេង) កញ្ញាឯកមកពីអូស្ត្រាលី Jessica Peart (កណ្ដាល) និង​បវរកញ្ញាមកពី​ប្រទេស​ប៊ុលការីឈ្មោះ Gergana Doncheva ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ៤(រូបភាព៖ វង្ស សុម៉ាលីន)

កាលពីល្ងាចថ្ងៃ៥ ខែឧសភា បវរកញ្ញាលំដាប់ពិភពលោក៣នាក់ដែលបានជាប់ចំណាត់ថ្នាក់នៅក្នុងព្រឹត្តិការណ៍ Miss Global  2015  នៅក្នុងប្រទេសហ្វីលីពីនបានធ្វើដំណើរមកដល់កម្ពុជាតាមគម្រោងស្នើសុំរបស់សមាគមសិល្បករខ្មែរ ដើម្បីចូលរួមក្នុងកម្មវិធីប្រគំតន្ត្រីលក់សំបុត្រធំមួយ ដែលគ្រោងធ្វើនៅសាលចតុមុខនៅថ្ងៃទី៨ ខែឧសភា ខាងមុខ។ តន្ត្រីសប្បុរសធម៌នេះគឺជាគម្រោងប្រមូលថវិកាប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដើម្បីជួយសង្គ្រោះដល់កុមារកម្ពុជា។

 

Miss Global ទាំង៣ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីក្រុមសិល្បករខ្មែរនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមានកិច្ចសម្ភាសន៍ពីក្រុមអ្នកកាសែតជាតិ និងអន្តរជាតិនោះផង។ បវរកញ្ញាទាំង៣នោះរួមមាន កញ្ញាឯកមកពីប្រទេសអូស្រ្តាលីឈ្មោះ Jessica Peart ដែលជាប់ចំណាត់ថ្នាក់លេខ១ បវរកញ្ញាខ្មែរអាមេរិកអាមេរិកឈ្មោះVirginia Prak  ដែលជាប់ចំណាត់ថ្នាក់លេខ២ និងកញ្ញាឯកមកពីប្រទេសប៊ុលការីឈ្មោះ Gergana Doncheva  ដែលជាប់ចំណាត់ថ្នាក់លេខ៤។ ក្នុងចំណោមបវរកញ្ញាទាំង៣ បវរកញ្ញារបស់សហរដ្ឋអាមេរិកបានអះអាងថា នាងឈ្មោះ Virginia Prak  មានកំណើតជាខ្មែរ។

យ៉ាងណាមិញ Miss Global 2015  ដែលត្រូវបានបញ្ជាក់ថានឹងចូលរួមក្នុងកម្មវិធីតន្ត្រីសប្បុរសធម៌ដែលនឹងធ្វើដើម្បីស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ មិនមែនមានតែចំនួន៣រូបនោះទេ ដោយបវរកញ្ញាមកពីប្រទេសអៀឡង់មួយរូបទៀតឈ្មោះ Lorna Murphy ដែលទទួលបានចំណាត់ថ្នាក់លេខ៣ក៏នឹងមកចូលរួមផងដែរ ដោយគ្រាន់តែនាងនឹងចុះមកតាមក្រោយ។

លោក សុះ ម៉ាច ប្រធានសមាគមនសិល្បករខ្មែរបានអះអាងថា ហេតុដែលនាំឲ្យមានការចូលរួមរបស់បវរកញ្ញា Miss Global 2015 នៅក្នុងកម្មវិធីតន្ត្រីសប្បុរសធម៌ដែលខាងសមាគមរៀបចំ គឺបណ្ដាលមកពីក្រោយពេលជាប់ ខាងសមាគមសិល្បករខ្មែរនៅក្នុងសហរដ្ឋអាមេរិកបានទាក់ទងមកលោក ដើម្បីរកផ្លូវឲ្យបរវរកញ្ញាចំនួន៥រូបមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាជាផ្លូវការ។ លោកថា អ្នករៀបចំកម្មវិធីMiss Global 2015 បានសម្រេចជ្រើសរើសប្រទេសកម្ពុជាជាដំណើរទស្សនកិច្ចរបស់ពួកនាង ដោយសារតែក្នុងពេលប្រកួតគឺមានបវរកញ្ញា៣រូបក្នុងចំណោមពួកគេឆ្លើយថាចង់ឃើញប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ប្រសិនបើនាងបានជាប់។

Miss Global 2015 ទាំង៣រូបត្រូវទទួលស្វាគមន៍ដោយក្រុមសិល្បករខ្មែរ (រូបភាព៖ វង្ស សុម៉ាលីន)
Miss Global 2015 ទាំង៣រូបត្រូវទទួលស្វាគមន៍ដោយក្រុមសិល្បករខ្មែរ (រូបភាព៖ វង្ស សុម៉ាលីន)

ប្រធានសមាគមនសិល្បករខ្មែររូបនេះបន្តថា ដោយសារតែហេតុផលនេះហើយដែលអ្នករៀបចំសម្រេចចិត្តឲ្យពួកនាងចុះមកកាន់កម្ពុជា ហើយគាប់ជួនជាខាងសមាគមសិល្បករខ្មែរក៏មានគម្រោងធ្វើការប្រគំតន្ត្រីលក់សំបុត្រធំមួយនៅថ្ងៃទី៨ ខែឧសភា ដើម្បីយកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ទើបលោកដាក់សំណើឲ្យពួកនាងចុះមកជួយតែម្ដង។ លោកបន្ថែមថា៖ “ជាគម្រោង គឺបវរកញ្ញាដែលជាប់ចំណាត់ថ្នាក់ទាំង៥រូបរបស់ Miss Global  2015 ចុះមកទស្សនកិច្ចនៅកម្ពុជា ប៉ុន្តែដោយសារតែយើងសុំឲ្យពួកគាត់ចុះមកឲ្យចំថ្ងៃទី៨ ខែឧសភាហ្នឹង ទើបកញ្ញាម្នាក់មកពីហ្វីលីពីនអត់បានមក ហើយបាន៤រូបមកជួយកម្មវិធីយើង”

លោក សុះ ម៉ាច បន្តថា នៅថ្ងៃទី៨ ខែឧសភា តារាសិល្បៈនៅទូទាំងប្រទេសនឹងរួមដៃគ្នាធ្វើកម្មវិធីសិល្បៈធំមួយនៅសាលចតុមុខ ដោយអញ្ជើញថ្នាក់ដឹកនាំ និងធ្វើការលក់សំបុត្រ ដើម្បីជាកិច្ចការជួយដល់សង្គម។ វត្តមានរបស់បវរកញ្ញាពិភពលោកទាំង៤ លោកថានឹងជួយកម្មវិធីឲ្យទទួលជោគជ័យក្នុងការលក់សំបុត្រ។ លោកបន្តថា៖ “ការប្រគំតន្រ្តីហ្នឹងយើងលក់សំបុត្រសម្រាប់ខ្មែរ១០ដុល្លារ និងបរទេស១៥ដុល្លារ ហើយយើងអត់យកលុយហ្នឹងទៅទូទាត់ថ្លៃសិល្បករ ឬការរៀបចំអីទេ ដោយយើងប្រគល់៥០ភាគរយឲ្យមន្ទីរពេទ្យគន្ធបុប្ផា ៣០ភាគរយឲ្យមន្ទីរពេទ្យកុមារអង្គរ និង២០ភាគរយសម្រាប់ទ្រទ្រង់សមាគម”

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន Miss Global ទាំង៣បានអះអាងថា ពួកនាងសប្បាយចិត្តដែលបានចុះមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ហើយបានចូលរួមនៅក្នុងកម្មវិធីរៃអង្គាសប្រាក់ជួយមន្ទីរពេទ្យទាំង២ដែលប្រឈមនឹងការខ្វះខាត។ អ្នកទាំង៣បញ្ជាក់ស្របគ្នាថា ពួកនាងនឹងធ្វើការអំពាវនាវឲ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងលើការប្រឈមរបស់មន្ទីរពេទ្យគន្ធបុប្ផាក៏ដូចជាមន្ទីរពេទ្យកុមារអង្គរ នៅក្នុងកម្មវិធីដែលនាងចូលរួមបង្ហាញខ្លួននៅសាលចតុមុខ។

ក្នុងនោះ កញ្ញាVirginia Prak  បេក្ខភាពសហរដ្ឋអាមេរិកដែលមានដើមកំណើតខ្មែរ បានថ្លែងប្រាប់ថា រូបនាងនឹងបន្តជួយដល់កម្ពុជាក្នុងគម្រោងសប្បុរសធម៌បែបនេះបន្ថែមទៀត ប្រសិនបើមានសំណើ និងត្រូវចំកាលៈទេសៈដែលនាងនឹងផ្ដល់ឲ្យបាន។ នាងថា សប្បាយចិត្តដែលបានចុះមកឃើញដីកំណើត និងបានចូលរួមស្វែងរកមូលនិធិសង្គ្រោះកុមារនៅកម្ពុជា ហើយអ្វីដែលសំខាន់គឺនាងនឹងជួយផ្សព្វផ្សាយឲ្យពិភពលោកបានស្គាល់កម្ពុជាកាន់តែច្រើនថែមទៀត ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្នុងគម្រោងជួយរៃអង្គាសប្រាក់ និងដើរទស្សនាប្រាសាទអង្គររយៈពេលមួយសប្ដាហ៍នោះ៕

ចែករំលែកព័ត៌មាន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានវីអូឌី
តាមដានព័ត៌មាន វីអូឌី

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered