កម្ពុជានិងវៀតណាមបានធ្វើកិច្ចព្រមព្រៀងជំរុញទំហំពាណិជ្ជកម្មតាមបណ្តោយព្រំដែននិងឲ្យពន្លឿនការបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរឲ្យបានឆាប់ចប់។
តាមសេចក្តីប្រកាសព័ត៌មាន ការឯកភាពគ្នារវាងប្រទេសជិតខាងទាំងពីរនេះគឺធ្វើក្នុងជំនួប លោក ប្រាក់ សុខុន និងរដ្ឋមន្រ្តីការបរទេសវៀតណាមលោក ផាម ប៊ិញមិញ កាលពីថ្ងៃទី២២ ខែមិថុនា អំឡុងទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសកម្ពុជានៅវៀតណាម។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថាកម្ពុជានិងវៀតណាមបានឯកភាពពន្លឿនការបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរឲ្យបានឆាប់ចប់ដោយថាដើម្បី ”កសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍” រវាងកម្ពុជានិងវៀតណាម។
លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាប្រាប់VODថាការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមគឺកំពុងដំណើរជាធម្មតាដោយមិនមានការឈប់ឬផ្អាកអ្វីឡើយ។
គួររំឮកផងដែរថានៅក្នុងដំណើរទស្សនកិច្ចផ្លូវការពីរថ្ងៃរបស់ប្រធានាធិបតីវៀតណាម លោក ត្រាន់ ដាយក្វាង នៅកម្ពុជាកាលពីពេលថ្មីៗនេះ ភាគីទាំងពីក៏បានប្តេជ្ញាចិត្តថានឹងពន្លឿនការបោះបង្គោលព្រំដែនឲ្យឆាប់ចប់ ខណៈគណបក្សប្រឆាំងនៅកម្ពុជាស្នើឲ្យផ្អាកដោយថាមានភាពមិនប្រក្រតីមួយចំនួន។
ចំណែកទំហំពាណិជ្ជកម្មវិញ សេចក្តីប្រកាសព័ត៌មានដដែលបន្តថាភាគីទាំងពីរក៏បានឯកភាពជំរុញពាណិជ្ជកម្មឲ្យឡើងទៅដល់៥ពាន់លានដុល្លារអាមេរិក។ ក្នុងនោះដែរកម្ពុជានិងវៀតណាមនឹងសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មនិងការផ្លាស់ប្តូរទំនិញ សេវាកម្មនៅតំបន់ព្រំដែន និងជាពិសេសជំរុញការសាងសង់ផ្សារគំរូព្រំដែនកម្ពុជា-វៀតណាមនៅខេត្តត្បូងឃ្មុំផងដែរ។
លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មប្រាប់VODថា ការសាងសង់ផ្សារគំរូនេះគឺភាគីកម្ពុជាជាអ្នកផ្តល់ដី ចំណែកភាគីវៀតណាមជាអ្នកទទួលខុសត្រូវផ្នែកថវិកានិងអ្នកសាងសង់។ លោកបន្តថាផ្សារគំរូនេះនឹងអនុញ្ញាតឲ្យប្រជាជននៅតាមព្រំដែននៃប្រទេសទាំងពីរធ្វើអាជីវកម្មជាមួយគ្នាបាន៕