ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William A. Heidt នៅព្រឹកនេះលើកឡើងថាការប្រារព្ធសប្តាហ៍អាហារដ្ឋានអាមេរិកនៅកម្ពុជា នឹងធ្វើឲ្យប្រជាជនកម្ពុជាបានស្គាល់ម្ហូបអាហារនិងអាចទាក់ទាញវិនិយោគអាមេរិកកាន់តែច្រើន។
ក្នុងពិធីប្រារព្ធសប្តាហ៍ដំបូងស្តីពីអាហារដ្ឋានអាមេរិកក្នុងភោជនីយដ្ឋានភីហ្សាដូមីណូ (Domino’s Pizza) លោក William A. Heidt ថ្លែងថានៅកម្ពុជាមានអាហារដ្ឋានអាមេរិកប្រមាណជា២០យីហោនិងប្រមាណជា១០០កន្លែងទូទាំងកម្ពុជាបានចូលរួមក្នុងការប្រារព្ធពិធីនេះ។ លោកបន្តថាការប្រារព្ធពិធីនេះនឹងធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាអាចយល់ពីការផ្សារភ្ជាប់រវាងអាមេរិកនិងកម្ពុជាតាមរយៈម្ហូបអាហារ ហើយថាការនាំយកអាហារអាមេរិកមកកម្ពុជាគឺជាសញ្ញាមួយដែលបង្ហាញថាកម្ពុជាមានមានការរីកផ្នែកសេដ្ឋកិច្ច។
លោកឯកអគ្គរដ្ឋទូតបន្ថែមថា ការប្រារព្ធពិធីនេះគឺជាការលើកទឹកចិត្តឲ្យក្រុមហ៊ុនអាមេរិកមកវិនិយោគនៅកម្ពុជានិងនាំយកផលិតផលកម្ពុជាទៅកាន់សហរដ្ឋអាមេរិក។

លោកមានប្រសាសន៍ថា៖ «យើងមិនគ្រាន់តែជួបជាមួយរដ្ឋាភិបាលទេ តែយើងក៏បានជួបជាមួយក្រុមហ៊ុនអាមេរិកដែរ ដើម្បីបានយល់ពីការវិនិយោគនៅកម្ពុជា ដូច្នេះបានយើងស្នើឲ្យមានការចុះហត្ថលេខាលើការបណ្តាក់ទុនមុខរបរជំនួញដែលអាចធ្វើឲ្យយើងនាំយកក្រុមហ៊ុនអាមេរិកមកកម្ពុជាកាន់តែច្រើន»។
សប្តាហ៍អាហារដ្ឋានអាមេរិកនៅកម្ពុជានឹងត្រូវប្រារព្ធឡើងពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ដែលជាទិវាបុណ្យឯករាជ្យជាតិនៅក្នុងសហរដ្ឋអាមេរិក។ ក្នុងអំឡុងពេលនៃសប្តាហ៍អាហារដ្ឋាននេះ អាហារដ្ឋានដែលនាំយកអាហារមកពីទូទាំងសហរដ្ឋអាមេរិកមកលក់ក្នុងរាជធានីភ្នំពេញនឹងផ្តល់ការបញ្ចុះតំលៃពិសេសជាច្រើន៕