ភរិយា ស៊ុក សុភា ​រិះគន់ខ្លាំងៗ​​ការសម្លាប់​​​លោក​ កែម ឡី

លោក ស៊ុក សុភា និងភរិយា

ក្នុងចំណោមតារាសិល្បៈដែលមានកេរ្តិ៍ឈ្មោះទាំងអស់គេចាប់អារម្មណ៍ថាមានតែអតីតតារាសម្ដែងក្នុងបទចម្រៀង«មនុស្សដំបូង» ដែលត្រូវគេស្គាល់ថាជាភរិយារបស់ លោក ស៊ុក សុភា ម្នាក់ប៉ុណ្ណោះ ដែលហ៊ានចេញមុខបង្ហោះសាររិះគន់និងថ្កោលទោសយ៉ាងចំៗទៅលើករណីបាញ់សម្លាប់លោកបណ្ឌិត្យកែម ឡី ជាសាធារណៈ។ ក្រៅពីបានប្ដូររូបរបស់លោកបណ្ឌិត ធ្វើជារូបផ្ទាល់ខ្លួនជាការរំលែកទុក្ខ អ្នកនាង សារីនណា ក៏បានចែកចាយនូវព័ត៌មានគ្រប់យ៉ាងពាក់ព័ន្ធនឹងហេតុការណ៍នេះ ដោយបន្តបង្ហោះពាក្យពេចន៍បន្តបន្ទាប់ក្នុងន័យរិះគន់ចំពោះការសម្លាប់ទៅលើលោកកែម ឡី និងបានរិះគន់ចំពោះករណីនេះខុសប្លែកពីតារាសិល្បៈភាគច្រើនផងដែរ។

អ្នកនាងបានសរសេរជាបន្តបន្ទាប់នៅលើគណនេយ្យរបស់ខ្លួនថា៖ “អ្នកអវិជ្ជាសម្លាប់អ្នកមានវិជ្ជាខ្ពង់ខ្ពស់  អោយតែយ៉ាងៗនេះ តើប្រទេសខ្ញុំនឹងទៅជាយ៉ាងណានាពេលអនាគត? តើប្រទេសយើងនឹងសល់អ្នកមានវិជ្ជាទៅរួចទេ? អោយតែរៀនសូត្រចេះដឹងពេក ដឹងតែអាយុខ្លី តើក្មេងៗជំនាន់ក្រោយមានកម្លាំងស្មារតីចង់រៀនសូត្រអោយក្លាយទៅជាអ្នកចេះដឹងទៀតទេ? តើអ្វីដែលជាកម្លាំងពង្រឹងស្មារតីដាស់តឿនក្មេងៗជំនាន់ក្រោយអោយរីកដូចផ្សិតបាន”? អ្នកនាងបន្ថែមថា៖ “ខ្ញុំរស់នៅក្នុងប្រទេស(អូស្រ្តាលី)ដែលលើកតម្លៃអ្នកដែលចេះដឹង អ្នកដែលក្លាហាន កាន់តែហ៊ាន កាន់តែប្លែកជាងគេ កាន់តែខ្ពស់ជាងគេគឺអ្នកនោះបានរង្វាន់លើកទឹកចិត្តដល់ប្រទេសខ្ញុំ(កម្ពុជា)កាន់តែចេះដឹង កាន់តែហ៊ាន កាន់តែក្លាហាន កាន់តែខ្ពស់ គឺអ្នកនឹងអាយុខ្លី  ទាំងនេះគឺដោយសារអាមនុស្សអវិជ្ជាតាំងខ្លួនជាឃាតកប្រមាថអាយុជីវិតគេ ដោយមិនគិតថាប្រទេសជាតិត្រូវការអ្នកចេះដឹងខ្ពង់ខ្ពស់ ដើម្បីអោយប្រទេសកាន់តែរីកចំរើន ហើយក្មេងៗជំនាន់ក្រោយក៏គ្មានមានកម្លាំងចិត្តចង់ក្លាយទៅជាអ្នកចេះដឹងដើម្បីអនាគតប្រទេសដែរ”។ អ្នកនាងបានទទូចអោយអ្នកនៅពីក្រោយការសម្លាប់លោកបណ្ឌិតកែម ឡី ភ្ញាក់ខ្លួនឡើង ដើម្បីអោយបានរួចផុតពីអំពើបាបនិងដើម្បីអោយប្រទេសកម្ពុជាមានអ្នកចេះដឹងរួមគ្នាកសាងប្រទេសជាតិ។

អ្នកនាង សារីនណា ត្រូវគេឃើញបង្ហោះសារក្នុងន័យថ្កោលទោសជាច្រើនបណ្ដាក់គ្នានៅលើហ្វេសប៊ុកចាប់តាំងពីករណីសម្លាប់លោកកែម ឡី ត្រូវបានកើតឡើងកាលពីថ្ងៃទី១០ កក្កដា។ ជាមួយការបង្ហោះខ្លឹមសារខាងលើ អ្នកនាងក៏បានបង្ហោះសារដែលត្រូវគេមើលឃើញថាមានន័យបញ្ឆិតបញ្ឆៀងដល់ស្ថានភាពនយោបាយនៅកម្ពុជា ក្រោយការបាញ់សម្លាប់ទៅលើកែម ឡី ដែលជារឿងរសើបនាពេលនេះផងដែរ។

យ៉ាងណាមិញ អ្នកនាងបញ្ជាក់ប្រាប់ថាការបង្ហោះទាំងឡាយរបស់អ្នកនាងគឺមិនមែនចង់សំដៅខ្លួនលូកលាន់ក្នុងស្ថានភាពនយោបាយរបស់ប្រទេសនោះទេគឺគ្រាន់តែសម្ដែងការសោកស្ដាយចំពោះការបាត់បង់អ្នកចេះដឹងម្នាក់ គឺលោកបណ្ឌិត កែម ឡី ប៉ុណ្ណោះ។ អ្នកនាងបានអះអាងថាខ្លួនមិនសំដៅទៅកាន់គណបក្សណាឬគណបក្សទេ ប៉ុន្តែអ្វីដែលអ្នកនាងសំដៅគឺស្ថានភាពសង្គមកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ