វិភាគ៖ លោក កែម​ ឡី សមទទួលងារជាវីរបុរសជាតិ​និងសងរូបសំណាក់ទុក

លោកបណ្ឌិត កែម ឡី នៅក្នុងកម្មវិធីមួយរបស់វីអូឌី កាលពីលោកនៅមានជីវិត។

អ្នកដែលស្លាប់ទៅត្រូវគេសាងសង់រូបសំណាក គេតម្កល់សពទុកគោរពបូរជា ឬឲ្យងារជាវីរជនរបស់ជាតិនោះ គឺជាបុគ្គលដែលបានសាងគុណសម្បត្តិច្រើនដល់សង្គម បង្កើតស្នាដៃទុកឲ្យមនុស្សជំនាន់ក្រោយ ឬជាអ្នកដែលហ៊ានពលីកម្មខ្ពស់ដល់មនុស្សជាតិ។

នៅកម្ពុជាមានការសាងសង់រូបសំណាកសម្តេចសង្ឃ ជួន ណាត ជាអ្នកប្រាជ្ញខាងអក្សរសាស្រ្ត អតីតព្រះមហាវីរក្សត្រសម្តេច នរោត្តម សីហនុ ជាអ្នកទាមទារឯករាជ្យពីបារាំងនិងបង្រួបបង្រួមជាតិជាដើម។ ចំណែកនៅអន្តរជាតិ នៅឥណ្ឌាមានសង់រូបលោក មហាត្មះ គន្ធី ជាអ្នកលះបង់គ្រប់បែបយ៉ាងដើម្បីទាមទារសេរីភាពឲ្យប្រទេសពីចក្រភពអង់គ្លេស នៅអាមេរិកសាងរូបលោក មាទីន លូឃីង ជាអ្នកទាមទារសិទ្ធិសេរីឲ្យស្មើគ្នានៅអាមេរិករវាងពលរដ្ឋស្បែកខ្មៅនិងស្បែកស ចំណែកនៅវៀតណាមក៏មានការកសាងរូបសំណាកនិងតម្កល់សពលោក ហូ ជីមិញ មេដឹកនាំបដិវត្តន៍ល្បីឈ្មោះមួយរូបដែលពលរដ្ឋវៀតណាមចាត់ទុកជាវីរបុរសជាតិរបស់ពួកគេ។

បើយើងងាកមកមើលលក្ខណៈសម្បត្តិរបស់លោក កែម ឡី វិញគឺលោកកើតនៅក្នុងគ្រួសារក្រីក្រមួយនៅក្នុងខេត្តតាកែវ ហើយលោកធ្លាប់ជាមន្ត្រីរដ្ឋាភិបាលនិងធ្វើការជាមួយអង្គការសង្គមស៊ីវិលជាច្រើន។

រយៈពេលប្រមាណ៥ឆ្នាំចុងក្រោយនេះលោក កែម ឡី លេចឈ្មោះបោះសំឡេងកាន់តែខ្លាំងខាងកិច្ចការវិភាគស្ថានការណ៍នយោបាយនិងស្រាវជ្រាវពីបញ្ហាផ្សេងជុំវិញការអភិវឌ្ឍ។ ជាញឹកញាប់លោកតែងតែផ្តល់បទសម្ភាសន៍តាមបណ្តាញសារព័ត៌មាននានានិងការផ្តល់អនុសាសន៍ជាចំហទៅថ្នាក់ដឹកនាំរដ្ឋាភិបាល ជាវិភាគទានដើម្បីអភិវឌ្ឍន៍សង្គមឲ្យប្រសើរឡើង។

ជាអកុសលក្នុងវ័យ៤៦ឆ្នាំ អ្នកវិភាគពោរពេញដោយចំណេះដឹងប្រើចំណេះផ្តោតសំខាន់លើការជំរុញឲ្យសង្គមមានការអភិវឌ្ឍនេះ ត្រូវឃាតករបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

ក្រោយហេតុការបាញ់សម្លាប់លោក កែម ឡី តែប៉ុន្មាននាទី មនុស្សពីរាប់ពាន់ទៅរាប់ម៉ឺននាក់មកប្រមូលផ្តុំនៅកន្លែងកើតហេតុនៅស្តុបបូកគោរាជធានីភ្នំពេញ ហើយរសៀលថ្ងៃទី១០ខែកក្កដានោះ ពលរដ្ឋប្រមាណ១ម៉ឺននាក់ចូលរួមហែសពលោក កែម ឡី ពីកន្លែងកើតហេតុទៅតម្កល់ទុកនៅវត្តចាស់។

ចាប់ពីថ្ងៃទី១នៃការបាញ់សម្លាប់រហូតដល់ថ្ងៃទី៤នៃការតម្កល់សពទុកនៅវត្តចាស់នោះ តំណាងស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល ស្ថានទូត និងពលរដ្ឋជិតឆ្ងាយហែកម្រងផ្កានិងយកផ្កាទៅគោរពវិញ្ញាណក្ខន្ធលោក កែម ឡី ចាប់ពីព្រឹកព្រលឹមរហូតដល់យប់ជ្រៅ។ បើតាមគណៈកម្មាធិការបុណ្យអ្នកទៅគោរពសពលោក កែម ឡី មានរាប់ម៉ឺននាក់ក្នុង១ថ្ងៃ។

ទន្ទឹមនឹងពលរដ្ឋកំពុងកាន់ទុក្ខករណីលោក កែម ឡី នេះ ក៏មានពលរដ្ឋពិសេសយុវជនបានជំរុញឲ្យរដ្ឋាភិបាលធ្វើរូបសំណាកលោក កែម ឡី ឬរកកន្លែងសមស្របសម្រាប់តម្កល់ទុកសពរបស់លោកទុកឲ្យយុវជនជំនាន់ក្រោយគោរព ដែលពួកគាត់ចាត់ទុកថាលោក កែម ឡី ជាវីរបុរសរបស់ជាតិមិនអាចបំភ្លេចបាន។

សាស្ត្រាចារ្យនយោបាយនិងជាអ្នកវិភាគបញ្ហាសង្គមមួយរូបលោក សាមិន្ទ ចម្រើនជ័យ មានប្រសាសន៍ថាលោកក៏ជាសិស្សរបស់លោក កែម ឡី ដែរ ហើយលោកចាត់ទុកលោក កែម ឡី ជាវីរបុរសមួយរូបជាធនធានកម្រសម្រាប់ជាតិ។ លោកបន្តថា៖ “លោកបណ្ឌិត កែម ឡី ជាមនុស្សដែលមានចំណេះដឹងមានសមត្ថភាពហើយមានឧត្តមគិត។ មែនទែនទៅលោក កែម ឡី អាចហៅថាជាធនធានកម្រ ដែលរដ្ឋនិងប្រជាពលរដ្ឋត្រូវថែរក្សាទុកសម្រាប់អភិវឌ្ឍន៍ជាតិ ព្រោះមនុស្សប្រភេទនេះមិនងាយរកបានទេ”។

លោក កែម ឡី ពេលដែលលោកដឹកនាំយុវជនទៅស្រាវជ្រាវពីស្ថានភាពព្រំដែន គេចាត់ទុកលោកដូចជាមេទ័ពមួយរូបដែលមិនរាថយចំពោះឧបសគ្គ ពេលដែលបង្រៀននៅតាមសាកលវិទ្យាល័យឬសិក្ខាសាលាលោកជាគ្រូដែលមានទេពកោសលក្នុងការពន្យល់ឲ្យសិស្សយល់ ពេលដែលលោកវិភាគស្ថានការណ៍នយោបាយឬវែកចែកបញ្ហាសង្គមនៅតាមវិទ្យុ លោកដូចអ្នកប្រៀនប្រដៅឬពន្យល់បញ្ហាសង្គមដ៏មានឥទ្ធិពលឲ្យមនុស្សទូទៅងាយយល់។

លោក ប៉ា ងួនទៀង ជាសមាជិកគណៈកម្មាការរៀបចំបុណ្យសពនិងជាអ្នកដែលធ្លាប់ធ្វើការស្និទ្ធជាមួយជាមួយលោក កែម ឡី គឺលោកចាត់ទុកលោក កែម ឡី ជាវីរបុរសជាតិជាគំរូសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់។ លោកបញ្ជាក់ថាពេលនេះគណៈកម្មាធិការបុណ្យសពកំពុងពិចារណារកទីតាំងសមស្របសម្រាប់តម្កល់ឬបញ្ចុះសពលោក កែម ឡី ទុកឲ្យពលរដ្ឋទៅគោរពនិងរៀនសូត្រ។ លោកបន្តថា៖ “ពួកយើងក្នុងនាមជាគណៈកម្មាការរៀបចំបុណ្យសព កំពុងគិតគ្នាថាត្រូវធ្វើអីបន្តទៀតគឺរៀបចំកន្លែងបញ្ចុះសព រៀបចំកន្លែងបណ្តាល័យ ទុកដាក់ឯកសាររបស់គាត់សម្រាប់អប់រំផ្សេងៗបន្តនូវគោលបំណងរបស់គាត់”។

ទោះយ៉ាងណារហូតដល់ថ្ងៃទី៤នៃពិធីបុណ្យសពនេះមិនទាន់មានការអះអាងពីរដ្ឋាភិបាលក្នុងការជួយរកទីតាំងសមស្របសម្រាប់តម្កល់សពឬសាងរូបសំណាករបស់របស់លោក កែម ឡី នៅឡើយ។

លោក ជា វិជ្ជា មេដឹកនាំសហជីពល្បីឈ្មោះមួយរូបដែលឃាតករបាញ់សម្លាប់នៅឆ្នាំ២០០៤ហើយមានការសាងរូបសំណាករបស់លោកនៅឆ្នាំបន្ទាប់មកគឺឆ្នាំ២០១៣គឺក្រោយពីមានការទាមទារយ៉ាងស្វិតស្វាញពីសហជីពនិងកម្មករ ហើយបានសាងនៅក្បែរវត្តលង្កា ជិតវិមានឯករាជ្យ នៅជិតកន្លែងដែលគេបាញ់សម្លាប់លោក៕

ចែករំលែកព័ត៌មាន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានវីអូឌី
តាមដានព័ត៌មាន វីអូឌី

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered