គណៈកម្មការអ្នកច្បាប់អន្តរជាតិអំពាវនាវឲ្យបន្តស៊ើបអង្កេតលើរឿងក្តីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ឲ្យបានត្រឹមត្រូវ

គណៈកម្មការអ្នកច្បាប់អន្តរជាតិ (International Commission of Jurists) នៅថ្ងៃទី១៣ម្សិលមិញនេះ បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបន្តការស៊ើបអង្កេតឲ្យបានដិតដល់រឿងក្តីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដើម្បីធានានូវប្រសិទ្ធភាពយុត្តិធម៌ពិតប្រាកដនិងរកជនដៃដល់មកដាក់ទោស។

ទីប្រឹក្សាជាន់ខ្ពស់ផ្នែកច្បាប់អន្តរជាតិនៃគណៈកម្មការអ្នកច្បាប់អន្តរជាតិ លោក ឃីងស្លី អាប៊ត (Kingsley Abbott) មានប្រសាសន៍កាលពីថ្ងៃទី១៣ ខែកក្កដាថា៖ «លោក កែម ឡី អ្នកវិភាគនយោបាយនិងសកម្មជនការពារសិទ្ធិមនុស្សដ៏លេចធ្លោម្នាក់ ត្រូវបានគេធ្វើឃាត ខណៈមានការចាប់ខ្លួនមន្ត្រីអង្គការសង្គមស៊ីវិលនិងអ្នកនយោបាយបក្សប្រឆាំង»។

លោក ឃីងស្លី អាប៊ត មានប្រសាសន៍បន្តថាកម្ពុជាគួរតែស្វែងរកនិងទទួលជំនួយពីអន្តរជាតិក្នុងការស៊ើបអង្កេតលើប្រព័ន្ធកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុនិងទិន្នន័យប្រព័ន្ធទំនាក់ទំនង ដើម្បីឲ្យដឹងច្បាស់ថា តើឧក្រិដ្ឋជនប្រព្រឹត្តតែម្នាក់ឯងឬមានបក្សពួកផ្សេងទៀត ខណៈដែលកម្ពុជានៅមានកង្វះខាតផ្នែកបច្ចេកទេសនេះច្រើន។

គណៈកម្មការអ្នកច្បាប់អន្តរជាតិបានស្នើនូវសំណើ៥ចំណុចដល់អាជ្ញាធរកម្ពុជា៖

  • ទី១ ធានាថារាល់អ្នកស៊ើបអង្កេត និងចៅក្រមស៊ើបអង្កេតត្រូវតែឯករាជ្យនិងមិនលម្អៀង គ្មានរងឥទ្ធិពលអ្វីទាំងអស់ ហើយមានសេរីភាពពេញលេញក្នុងការស៊ើបអង្កេតដោយគ្មានការគំរាមកំហែងឬជ្រៀតជ្រែក។
  • ទី២ ដំណើរការស៊ើបអង្កេតនិងលទ្ធផលត្រូវតែមានតម្លាភាពដល់គ្រួសារជនរងគ្រោះនិងសាធារណជនបានដឹង។
  • ទី៣ ការពារសិទ្ធិជនរងគ្រោះក៏ដូចជាគ្រួសាររបស់លោក កែម ឡី។
  • ទី៤ ការពារអ្នកដែលផ្តល់ព័ត៌មានទៅអាជ្ញាធរប្រសិនបើមានការគំរាមកំហែងនានា។
  • ទី៥ ស្វែងរកនិងទទួលជំនួយពីអន្តរជាតិយ៉ាងសកម្មទៅលើការស៊ើបអង្កេតនៃកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ ទិន្នន័យប្រព័ន្ធទំនាក់ទំនង ធ្វើកោសល្យវិច្ច័យលើរាងកាយសព ទិដ្ឋភាពនៅកន្លែងកើតហេតុ និង រថយន្តរបស់លោក។

គួរបញ្ជាក់ថាតុលាការបានសម្រេចឃុំខ្លួនបុរសឈ្មោះ ជួប សំលាប់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងអះអាងថាជាខ្មាន់កាំភ្លើងបាញ់សម្លាប់លោក កែម ឡី ហើយបានសម្រេចចោទប្រកាន់ចំនួនពីរបទចោទ គឺទីមួយទាក់ទងនឹងការកាន់ឬការដឹកជញ្ជូនអាវុធគ្មានការអនុញ្ញាតនិងឃាតកម្មគិតទុកជាមុនតាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ។ ប្រសិនបើរកឃើញកំហុស លោកអាចប្រឈមមុខជាប់ពន្ធនាគារអស់មួយជីវិតតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌដែលបានចែងថាបទឃាតកម្មគិតទុកជាមុនគឺជាអំពើសម្លាប់មនុស្សដោយគិតទុកជាមុនឬដោយការពួនស្ទាក់ ហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ