អ្នកចូលរួម​ហែសព លោក កែម ឡី កើនឡើង​ដល់​ប្រហែល​២​លាន​នាក់​

មនុស្ស​ខ្ទង់លាន​ចូលរួម​ហែសព លោក​បណ្ឌិត កែម ឡី

អ្នកចូលរួមហែសព លោក បណ្ឌិត កែម ឡី បានកើនឡើងដល់ប្រហែល២លាននាក់ គិតត្រឹម ម៉ោង ១រសៀលនេះ។

លោក ប៉ា ងួនទៀង ឲ្យដឹងថា តាមការប៉ាន់ប្រមាណរបស់គណៈកម្មការបុណ្យសព លោក បណ្ឌិត កែម ឡី នៅត្រឹមម៉ោង ១រសៀល គឺអ្នកចូលរួមមានប្រមាណ២លាននាក់ និង ប្រវែងក្បួនប្រមាណ ៣០គីឡូម៉ែត្រ។

កាលពីម៉ោងប្រហែលជាង១០ព្រឹក ចំនួនអ្នកចូលរួមមានប្រមាណ១លាននាក់ ខណៈក្បួនស្ថិតក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែមនុស្សរាប់ពាន់នាក់បានរងចាំនៅសងខាងផ្លូវនិងខ្លះបានចូលរួមក្បួនបន្តពីរង្វល់មូលចោមចៅ ឆ្ពោះទៅកាន់ឃុំលាយបូ ស្រុកត្រាំកក់ខេត្តតាកែវ។

ដំបូងឡើយគណកម្មការបុណ្យ បានរំពឹងថា មានអ្នកចូលរួមប្រមាណកន្លះលាននាក់។

នៅម៉ោង២រសៀលនេះ ក្បួនដង្ហែបានធ្វើដំណើរជិតកណ្តាលផ្លូវនៃចំងាយផ្លូវសរុបប្រហែល៨០គីឡូ។

ប្រជាជនដែលចូលរួមខ្លះបានលើកទង់ជាតិខ្មែរ ខ្លះបានលើករូបថត លោក កែម ឡី ស្ថិតក្នុងទឹកមុខក្រៀមក្រំ និងឈរក្រោមកម្តៅថ្ងៃហាក់ដូចជាមិនខ្លាចនឿយហត់។

ចាប់តាំងពីព្រលឹមស្រាងៗមក ប្រជាជនបាននាំគ្នាដាស់សមាជិកគ្រួសារឲ្យក្រោកពីដំណែក ដោយអ្នកខ្លះបាននាំយកទឹកសុទ្ធ ភេសជ្ជៈ និងម្ហូបអាហារទៅឈររង់ចាំតាមដងផ្លូវ សហព័ន្ធរុស្ស៊ី ផ្លូវព្រះមុនីវង្ស ដែលក្បួនសពត្រូវឆ្លងកាត់។

នៅតាមដងផ្លូវសហព័ន្ធរុស្ស៊ី សមត្ថកិច្ចបានដាក់របាំងបិទទ្រូងផ្លូវមិនឲ្យឆ្លងកាត់ទទឹងផ្លូវបានឡើយ។ ជាមួយគ្នានោះ ក៏មានរថយន្តដែលមានរបាំងដែកដាក់ត្រៀមនៅជិតវិមានស្តិភាពជាកន្លែងរបស់នាយករដ្ឋមន្ត្រីធ្វើការ ខណៈសមត្ថកិច្ចរាប់រយនាក់ បានឈរជើងនៅតាមគោលដៅរបស់ខ្លួន។

ទន្ទឹមការរិតបន្តឹងសន្តិសុខនេះ ស្ថានីយប្រេង និងផ្ទះលក់ដូរទាំងអស់នៅតាមដងផ្លូវដែលក្បួនហែសពឆ្លងកាត់ ត្រូវបានបិទ៕

 

ចែករំលែកព័ត៌មាន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានវីអូឌី
តាមដានព័ត៌មាន វីអូឌី

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered