របាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ការនាំចេញអង្ករកម្ពុជាទៅបរទេស បានធ្លាក់ចុះជាង ៦ភាគរយ នៅក្នុងរយៈពេល ៨ខែ នៃឆ្នាំ២០១៦នេះ ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥កន្លងមក។
តួលេខការនាំចេញអង្ករកម្ពុជា ចេញដោយសហព័ន្ធស្រូវអង្ករកម្ពុជា ដែលវីអូឌី (VOD) ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងបន្ថែមថា កម្ពុជានាំអង្ករចេញបាន ៣២០ ០៧៦តោន នៅក្នុងរយៈពេល ៨ខែកន្លងមកនេះ ដោយបានធ្លាក់ចុះពីចំនួន ៣៤២ ១៣៤តោន នៅក្នុងរយៈពេល ៨ខែ ក្នុងឆ្នាំ២០១៥កន្លងមក។
របាយការណ៍ដដែលនេះ បានបញ្ជាក់ថា ការនាំចេញអង្កររបស់កម្ពុជា បានកើនឡើងរហូតនៅក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ ប៉ុន្តែ ប្រទេសនេះមិនអាចសម្រេចតាមគោលដៅនាំអង្ករចេញ ១លានតោន នៅក្នុងឆ្នាំ២០១៥នោះឡើយ ខណៈដែលការនាំចេញនៅឆ្នាំ២០១៥ បានត្រឹមចំនួនជាង ៥៣ម៉ឺនតោនប៉ុណ្ណោះ។
សហព័ន្ធស្រូវអង្ករកម្ពុជា មិនបានបញ្ជាក់ពីមូលហេតុនៃការធ្លាក់ចុះការនាំចេញអង្ករនេះទេ ប៉ុន្តែ របាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលថ្មីៗនេះ បានឲ្យដឹងថា គ្រោះរាំងស្ងួតអូសបន្លាយយូរ កាលពីចុងឆ្នាំ២០១៥កន្លងមក បានធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មកសិកម្មកម្ពុជានៅតាមបណ្ដាខេត្តជាច្រើន៕