លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថារដ្ឋាភិបាលត្រូវការខ្ចីលុយពីចិន៣០០លានដុល្លារបន្ថែមទៀត សម្រាប់ដោះស្រាយបញ្ហាតម្លៃស្រូវដែលកំពុងធ្លាក់ចុះឲ្យបានប្រសើរឡើងវិញ។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតកាលពីថ្ងៃចន្ទម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថាលោកនិងមន្ត្រីជំនាញកំពុងធ្វើការជាមួយចិន ដើម្បីខ្ចីលុយចំនួន៣០០លានដុល្លារបន្ថែមសម្រាប់យកមកពង្រឹងដើមទុនរោងម៉ាស៊ីនកិនស្រូវនិងក្រុមអ្នកដែលប្រមូលទិញស្រូវពីកសិករ។
យោងតាមសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី១៥ ខែកញ្ញា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឲ្យដឹងថាតម្លៃស្រូវសែនក្រអូបរបស់កម្ពុជាបានធ្លាក់ចុះពីតម្លៃ៩៩ម៉ឺនរៀលក្នុងមួយតោនមកនៅត្រឹម៧៧ម៉ឺនរៀលប៉ុណ្ណោះ ចាប់តាំងពីពាក់កណ្ដាលខែសីហាកន្លងមក។ ក្នុងសេចក្តីប្រកាសព័ត៌មាននេះក្រសួងអះអាងថា រដ្ឋាភិបាលបានសម្រេចបញ្ចេញប្រាក់២៧លានដុល្លារសម្រាប់ជួយជំរុញស្ថិរភាពតម្លៃស្រូវនិងជំរុញការទិញស្រូវក្នុងស្រុក៕